ឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបំភ្លឺអំពីការវាយកម្ទេចអគារចំនួន២ ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិកនៅឆ្នេររាម និងបង្ហាញពីការព្រួយបារម្ភចំពោះមូលដ្ឋានយោធារបស់ចិន People’s Republic of China ឬ PRC military នៅកម្ពុជាផងដែរ។
ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Wendy Sherman បានជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១ ខែមិថុនា។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Wendy Sherman បានរិះគន់ថាបើរដ្ឋាភិបាលកម្ពុជាមិនបកស្រាយពីការវាយកម្ទេចអគារចំនួន២ ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិកនៅរាម និងមូលដ្ឋានយោធារបស់ចិននៅកម្ពុជាឱ្យបានច្បាស់លាស់ទេនោះ គឺមានន័យថាកម្ពុជាកំពុងមើលស្រាលអធិបតេយ្យភាពខ្លួនឯង ហើយក៏ជាការបង្កឱ្យមានការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងកម្ពុជា-អាមេរិកផងដែរ។
រដ្ឋមន្ត្រីការបរទេសរូបនេះបានជំរុញឱ្យមេដឹកនាំកម្ពុជារក្សានូវគោលនយោបាយការបរទេសឯករាជ្យ ដែលមានតុល្យភាពដើម្បីផលប្រយោជន៍ល្អសម្រាប់ប្រជាជនកម្ពុជា ជាពិសេសគឺត្រូវងាកទៅគោរពគោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនឡើងវិញ។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Wendy Sherman បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះភាពចាំបាច់នៅអាស៊ាន ក្នុងការរកដំណោះស្រាយបញ្ហាកម្រិតទ្វេភាគី និងក្នុងតំបន់ក្នុងពេលបច្ចុប្បន្ននេះ។
ទាក់ទិននឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោកក្រោយជំនួបជាមួយឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Wendy Sherman កាលពីថ្ងៃទី១ ខែឧសភា ដោយគ្រាន់តែលើកឡើងស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិកតាមវិធីទ្វេភាគីតែប៉ុណ្ណោះ។
លោក ហ៊ុន សែន មិនបានលើកឡើងពីការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាណាមួយនោះទេ។
ជុំវិញបញ្ហានេះ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានចេញសេចក្តីថ្លែងការណ៍ជុំវិញជំនួបការទូតរវាងឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជំនួបនេះគឺជាការដាស់តឿនដល់លោក ហ៊ុន សែន ដែលតែងក្បត់ឆន្ទៈរាស្រ្ត។
លោកអះអាងថា កាយវិការដ៏ម៉ឺងម៉ាត់របស់ឧបការីសហរដ្ឋអាមេរិករូបនេះ បានបង្ហាញឱ្យឃើញពីការជ្រោមជ្រែងនូវការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ព្រោះថាអ្នកស្រីបានរំឭកលោក ហ៊ុន សែន អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសផងដែរ ដែលនេះជារង្វាន់ដ៏ធំដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យប្រជាពលរដ្ឋខ្មែរស្របពេលអធិបតេយ្យភាពរបស់កម្ពុជាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងពេលបច្ចុប្បន្ននេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុន សែន បានអះអាងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពីអនាគតរបស់អាស៊ីថា បើមិនឱ្យរដ្ឋាភិបាលកម្ពុជាទៅពឹងមហាអំណាចចិន តើឱ្យកម្ពុជាទៅពឹងបរទេសមួយណា ខណៈប្រទេសចិនបានផ្តល់ជំនួយជាច្រើនដល់កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។
ការលើកឡើងរបស់លោក ហ៊ុន សែន គឺមានខ្លឹមសារស្របគ្នានឹងការរិះគន់របស់មេដឹកនាំអាស៊ានមួយចំនួនដែលតែងរិះគន់ថាប្រទេសកម្ពុជាបានផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាលក្រុងប៉េកាំងយ៉ាងច្រើន ក្រោយលោក ហ៊ុន សែន រារាំងសេចក្តីថ្លែងការណ៍របស់អាស៊ានស្ដីពីបញ្ហាសមុទ្រចិនខាងត្បូងជាច្រើនលើកច្រើនសាមកនោះ។
កាលពីចុងខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ម៉ាក អេស្ពើរ បានលើកឡើងក្នុងកិច្ចពិភាក្សាតាមបណ្ដាញអ៊ីនធឺណិតដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រថា សូមកម្ពុជាកុំនៅក្រោមឥទ្ធិពលរបស់ចិនបន្តទៀត ព្រោះបញ្ហានេះនឹងធ្វើឱ្យកម្ពុជាបាត់អធិបតេយ្យភាព និងឯករាជភាពរបស់ខ្លួន៕
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញឱ្យកម្ពុជាបំភ្លឺអំពីការវាយកម្ទេចអគារឧបត្ថម្ភថវិកាដោយអាមេរិកនៅឆ្នេររាម
© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.