38 C
Phnom Penh

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។

សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​ថា ចិន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​សហរដ្ឋ​អាមេរិក​ដែល​មើល​ឃើញ​ប្រទេស​ចិន​ថា​ជា​សត្រូវ​ក្នុង​ក្តី​ស្រមៃ​របស់​អាមេរិក។

សារព័ត៌មាន South China Morning Post បាន​ចុះផ្សាយ​ថា សមាជិក​សភា​ប្រជាជន​ចិន បាន​អនុម័ត​ហើយ​នូវ​ច្បាប់​ប្រឆាំង​ទណ្ឌកម្ម​ដោយ​ផ្ដល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង សងសឹក​ទៅលើ​បុគ្គល គ្រួសារ និង​អង្គការ​បរទេស​ណា​ដែល​ធ្វើ​ឲ្យ​ខូច​ផលប្រយោជន៍​របស់​ចិន។

តាម​ប្រភព​ដដែល​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មិថុនា ក៏បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​នៅ​ថ្ងៃ​អនុម័ត​នោះ​តែ​ម្ដង។

Tam Yiu-chung ជា​ប្រតិភូ​នៃ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន មកពី​ដែនដី​ហុងកុង បាន​និយាយ​ថា ច្បាប់​នេះ​បើក​សិទ្ធិ​ឱ្យ​ក្រុមប្រឹក្សា​រដ្ឋ និង​ស្ថាប័ន​សមត្ថកិច្ច​ប្រទេស​ចិន ចេញ​វិធានការ​សមស្រប​ឆ្លើយតប​ចំពោះ​បុគ្គល ឬ​អង្គការ​បរទេស​ណា​ដែល​ធ្វើ​ឱ្យ​ខូច​ផលប្រយោជន៍​ប្រទេស​ចិន។

វិធានការ​នេះ អាច​ត្រូវ​អនុវត្ត​ទៅលើ​អង្គការ បុគ្គល​ទាំងឡាយ​ណា ឬ​ប្ដី​ប្រពន្ធ គ្រួសារ សាច់ញាតិ​ណា​ដែល​ពួកគេ​មាន​ទ្រព្យសម្បត្តិ​លើទឹក​ដី​របស់​ចិន។

មាត្រា​៦ នៃ​ច្បាប់​ថ្មី​នេះ គឺ​វិធានការ​សងសឹក​របស់​ទីក្រុង​ប៉េកាំង អាច​នឹង​បដិសេធ​ទិដ្ឋាការ​មិន​ឱ្យ​ចូល​ប្រទេស​ចិន ហើយ​រាល់​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​នឹង​ទុក​ជា​ការ​អសារបង់ ហើយ​នឹង​ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​ចិន​ទៀត​ផង។ ចំពោះ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​នោះ អាច​នឹង​ត្រូវ​បង្កក ឬ​រឹបអូស។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន ឬ​ស្ថាប័ន​របស់​អង្គការ​ជនបរទេស ត្រូវ​រឹតត្បិត​ករណី​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ។

ច្បាប់​នេះ​ក៏បាន​ចែង​ថា ពុំ​មាន​ជន​ណាមួយ​អាច​ឱ្យ​បុគ្គល ឬ​អង្គការ​ណា​ប្រឆាំង​ផលប្រយោជន៍​ចិន​នោះ​ទេ ហើយ​បើ​រក​ឃើញ​ថា​មាន​កំហុស គឺ​បុគ្គល​នោះ​នឹង​ត្រូវ​កាត់ទោស​នៅ​ក្នុង​ដែនដី​ចិន។

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នៃ​ប្រទេស​ចិន គឺ​រដ្ឋាភិបាល​ចិន​ដាក់​ចេញ​នូវ​វិធានការ​ប្រឆាំង​ទណ្ឌកម្ម​បរទេស គឺជា​ការ​ឆ្លើយតប​ចំពោះ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អង់គ្លេស និង​ប្រទេស​កាណាដា រួម​ទាំង​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​អត្ថប្រយោជន៍​របស់​ចិន បន្ទាប់ពី​ក្រុង​ប៉េកាំង បង្ក្រាប​ក្រុម​ប្រឆាំង​នៅ​ទីក្រុង​ហុងកុង និង​ខេត្ត​ស៊ីនជាំង។

លោក Li Zhanshu ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន បាន​និយាយ​ថា ចិន​នឹង​មិន​បោះបង់​ចោល​នូវ​ការសងសឹក​របស់​ខ្លួន​ក្នុង​ការ​ការពារ​អត្ថប្រយោជន៍​ចិន​នោះ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin និយាយ​ថា ច្បាប់​ថ្មី​នេះ​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ចិន ដើម្បី​ការពារ​អធិបតេយ្យ និង​ផលប្រយោជន៍​ចិន តែ​លោក​ថា​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត​នោះ​ទេ។

ការ​ដែល​សភា​ប្រជាជន​ចិន អនុម័ត​ច្បាប់​ប្រឆាំង​ទណ្ឌកម្ម​នេះ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ទីក្រុង​វ៉ាស៊ីតោន ដែល​បាន​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ចិន និង​មន្ត្រី​ចិន​ចំពោះ​ការ​អនុវត្ត​នយោបាយ​បំបិទ​សិទ្ធិមនុស្ស សេរីភាព​របស់​ប្រជាជន​ក្រុង​ហុងកុង និង​ដែនដី​ជនជាតិ​ភាគតិច​វិហ្គឺ នៅ​ខេត្ត​ស៊ីនជាំង។

មន្ត្រី​ចិន​រង​ការ​ដាក់​ទណ្ឌកម្ម​នោះ​មាន​អ្នកស្រី Carrie Lam ប្រធាន​ប្រតិភូ​ចិន ទទួល​បន្ទុក​ក្រុង​ហុងកុង និង Chen Quanguo ប្រធាន​បក្ស​កុម្មុយនិស្ត​ខេត្ត​ស៊ីនជាំង រួម​នឹង​មន្ត្រី​ក្រុង​ហុងកុង ជាច្រើន​ទៀត។

ចំណែកឯ​អនុប្រធាន​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ចិន ១៤​នាក់​ក៏​រង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែរ។ ដោយឡែក​ប្រទេស​កាណាដា អង់គ្លេស និង​សហភាព​អឺរ៉ុប ក៏បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​ដូច​សហរដ្ឋ​អាមេរិក​ដែរ។

អ្នកស្រី Carrie Lam ដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លក្ខណៈ​បុគ្គល បាន​សម្ដែង​ការ​គាំទ្រ​ច្បាប់​ថ្មី​របស់​ចិន ដោយ​លើកឡើង​អំពី​បទពិសោធន៍​ផ្ទាល់​របស់​អ្នកស្រី​ក្នុង​ដែនដី​ហុងកុង ហើយ​បាន​ហៅ​ច្បាប់​នេះ​ថា​ជា​ការ​ធ្វើ​ឱ្យ​ប្រទេស​អមិត្ត​ស្គាល់​ការសងសឹក​របស់​ចិន។

អ្នកស្រី​បាន​បន្ត​ថា រដ្ឋបាល​ដែនដី​ហុងកុង ធ្លាប់​មាន​បទពិសោធន៍​ផ្ទាល់​ទាក់ទង​នឹង​សកម្មភាព​ដាក់​ទណ្ឌកម្ម​ទាំងនេះ ហើយ​អ្នកស្រី​ស្វាគមន៍​ចំពោះ​ការ​អនុវត្ត​នូវ​វិធានការ​បែប​នេះ។ អ្នកស្រី​ទទូច​ថា ជនជាតិ​ចិន​ណា​ដែល​គាំទ្រ​អធិបតេយ្យភាព សេចក្តី​ថ្លៃថ្នូរ និង​ផលប្រយោជន៍​នៃ​ប្រទេស​ចិន គួរតែ​មាន​ឱកាស​ដើម្បី​សងសឹក។

សម្រាប់​អ្នក​សង្កេតការណ៍​យល់ថា ច្បាប់​នេះ​នៅ​ខ្វះ​ព័ត៌មាន​លម្អិត​នៅឡើយ ដោយ​មិន​រំពឹង​ថា​ការ​អនុវត្ត​ការសាកល្បង​នឹង​អាច​លេច​ចេញ​ជាបន្ទាន់​ភ្លាមៗ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស