29.3 C
Phnom Penh

ចិន​ដាក់​ផែនការ​ទាញ​សំណុំរឿង​សង្គ្រាម​ពន្ធគយ​របស់​អាមេរិក​ទៅ​បើក​សវនាការ​នៅ​អង្គការ​សហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែ​មេសា ទីក្រុង​ប៉េកាំង បាន​ព្រមាន​អូស​សំណុំរឿង​សង្គ្រាម​ពន្ធគយ​របស់​លោក ដូណាល់ ត្រាំ ទៅ​បើក​សវនាការ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក្នុង​គោលបំណង​ឱ្យ​ស្ថាប័ន​របស់​អង្គការ​ពិភពលោក​មួយ​នេះ​ជួយ​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ផ្ទុះ​ឡើង​ដ៏​ខ្លាំង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង ហើយ​វា​បាន​រាលដាល​ពាសពេញ​ពិភពលោក។

នៅ​ពេលនេះ ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​១ និង​ទី​២ នេះ បាន​បង្កើន​ការ​ដំឡើង​ពន្ធ​វាយប្រហារ​គ្នា​យ៉ាង​ធ្ងន់ធ្ងរ។ រដ្ឋការ​លោក ដូណាល់ ត្រាំ បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក​ដល់​ទៅ ១៤៥% ហើយ​ទីក្រុង​ប៉េកាំង វាយបក​វិញ​ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​ចូល​ប្រទេស​ចិន ក្នុង​អត្រា ១២៥%។

គេ​សង្កេត​ឃើញ​ចំហាយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក ដូណាល់ ត្រាំ កំពុង​ជះ​ផលវិបាក​ខ្លាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មាន​ចំណូល​ទាប។

ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ប្រកាស​ថា ទីក្រុង​ប៉េកាំង នៅតែ​ប្ដេជ្ញាចិត្ត​ការពារ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន ដោយ​ទាមទារ​ឱ្យ​អាមេរិក​ទៅ​តតាំង​ក្ដី​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​រំពឹង​ថា​ស្ថាប័ន​នេះ​នឹង​កោះ​ប្រជុំ​សមាជិក ១៥​ប្រទេស​របស់​ខ្លួន​នៅ​ពេល​ឆាប់ៗ​នេះ។

ទីក្រុង​ប៉េកាំង បាន​ចោទ​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​លោក ដូណាល់ ត្រាំ ថា​កំពុង​ធ្វើ​វិច្ឆេទកម្ម​សេដ្ឋកិច្ច​ពិភពលោក។

ជាមួយ​គ្នា​នេះ ទីក្រុង​ប៉េកាំង ក៏​បាន​ចេញ​សារ​ជំរុញ​ប្រទេស​កូនបំណុល​របស់​ខ្លួន​ទាំងអស់​ត្រូវ​ហ៊ាន​ងើប​ឡើង​ប្រឆាំង​នឹង​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណា​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​យ៉ាងណា​ជួយ​ការពារ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ចិន។

ទីក្រុង​ប៉េកាំង លើកឡើង​ថា រាល់​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ត្រូវតែ​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​ដោយ​មិន​ត្រូវ​ទន់​ជំហរ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ក្រសួង​ពាណិជ្ជកម្ម​ចិន ព្រមាន​ថា ក្រុង​ប៉េកាំង នឹង​ចាត់​វិធានការ​វាយបក​ក្នុង​ករណី​ដែល​ប្រទេស​ណា​មួយ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដែល​ធ្វើ​ឱ្យ​ខូច​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ចិន។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន បាន​ហៅ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក កំពុង​ធ្វើ​ចលាចល​សេដ្ឋកិច្ច​ពិភពលោក និង​ជា​ការ​បំពាន​ធ្ងន់ធ្ងរ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ។

វិធានការ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក បាន​នាំមក​នូវ​ការ​ប្រែប្រួល​មិន​ធ្លាប់​មាន។

ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា ឧស្សាហកម្ម​ដឹកជញ្ជូន​ពិភពលោក​កំពុង​ធ្លាក់​ក្នុង​ភាព​ចលាចល​ដោយសារ​ទំនិញ​ដែល​ត្រូវ​ដឹក​ចេញ​ទៅ​កាន់​ទីផ្សារ​ជុំវិញ​ពិភពលោក កំពុង​ជាប់​ពន្ធគយ​ក្រោម​វិធានការ​របស់​សហរដ្ឋ​អាមេរិក ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​មិន​ច្បាស់លាស់។

នាវា​ដឹកជញ្ជូន​តាម​សមុទ្រ​បាន​ផ្ទុក​ទំនិញ​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ ព្រោះ​មិន​បាន​រាប់​បញ្ចូល​ទំនិញ​ដែល​ប្រឈមមុខ​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក។

លោក Alexandre Charpentier ដែល​ជា​អ្នកជំនាញ​ផ្នែក​ដឹកជញ្ជូន​មកពី​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Roland Berger ឱ្យ​ដឹង​ថា រយៈពេល ៣​សប្ដាហ៍​មក​នេះ ការ​ធ្លាក់​ចុះ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ហើយ​នាវា​ដឹកជញ្ជូន​ជាច្រើន​មាន​ទំនិញ​ត្រឹមតែ ៥០​ភាគរយ​ប៉ុណ្ណោះ ក្នុង​ពេល​ឆ្លងកាត់​តំបន់​អាត្លង់ទិច និង​អន្តរ​ប៉ាស៊ីហ្វិក​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​ចិន មាន​អត្រា ១៤៥% ហើយ​ចុងក្រោយ​នេះ លោក ត្រាំ គំរាម​បង្កើន​ពន្ធ​រហូត​ដល់ ២៤៥% លើ​ផលិតផល​មួយ​ចំនួន​ទៀត​របស់​ចិន ប្រសិនបើ​ចិន បន្ត​ចាត់​វិធានការ​ឆ្លើយតប​នឹង​ការ​ដំឡើង​ពន្ធ​ពី​សហរដ្ឋ​អាមេរិក។

យ៉ាងណា ក្រុង​ប៉េកាំង សច្ចា​ថា​នឹង​តស៊ូ​ប្រយុទ្ធ​ដល់​ដំណាក់កាល​ចុងក្រោយ​នៅ​ចំពោះ​មុខ​ការ​គំរាមកំហែង​ដំឡើង​ពន្ធ​បន្ថែម​ទៀត​របស់​ប្រធានាធិបតី​អាមេរិក។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន។

ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក ដូណាល់ ត្រាំ ផ្ទុះ​ឡើង មាន​តែ​ប្រទេស​ចិន មួយ​គត់​ហ៊ាន​ដំឡើង​សំឡេង​បង្កើត​វិធានការ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ក្រៅពី​នេះ ប្រទេស​ជាច្រើន​ព្យាយាម​សម្របសម្រួល​ជាមួយ​សហរដ្ឋ​អាមេរិក។ ចំពោះ​ចិន លោក ដូណាល់ ត្រាំ បាន​ប្រកាស​បិទ​ផ្លូវ​ចរចា ប៉ុន្តែ​នៅតែ​ទទួល​ស្វាគមន៍​ប្រទេស​ផ្សេង​ទៀត​ដែល​ចង់​ចរចា​ជាមួយ​អាមេរិក។

បើ​តាម​លោក Scott Bessent រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​អាមេរិក មាន​ប្រទេស​ដល់​ទៅ​ជិត ៦០ បាន​ទាក់ទង​ទៅ​អាមេរិក ដើម្បី​សុំ​ចរចា​បញ្ចុះ​ពន្ធ​លើ​ទំនិញ​នាំចូល​ទីផ្សារ​អាមេរិក ដែល​នៅ​ក្នុង​នោះ ជប៉ុន ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​៤ កំពុង​ទទួល​បាន​ការ​យោគយល់​ជាងគេ ព្រោះ​ជប៉ុន បាន​ស្នើសុំ​ចរចា​ជាមួយ​អាមេរិក​មុន​គេ។

ចំពោះ​ប្រទេស​កូរ៉េខាងត្បូង ដែល​ជា​កម្លាំង​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ដែរ ត្រូវ​បាន​រដ្ឋការ​លោក ត្រាំ ព្រមាន​ឱ្យ​ពិនិត្យ​ឡើងវិញ​ទំនិញ​របស់​ចិន ដែល​ផលិត​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ឱ្យ​នាំចូល​ទីផ្សារ​អាមេរិក។

ចំពោះ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ភាគច្រើន​ជា​ប្រភព​វេច​ខ្ចប់​ទំនិញ​របស់​ចិន ជាពិសេស​ផ្ទាំង​កញ្ចក់​សូឡា​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ផលិត​ថាមពល​អគ្គិសនី​ភាគច្រើន​ផលិត​ចេញពី​ជា​វត្ថុធាតុដើម​នាំចូល​ពី​ប្រទេស​ចិន កំពុង​ប្រឈមមុខ​នឹង​ពន្ធគយ​អាមេរិក​រហូត​ដល់ ៣៥០០% បើ​ឧបករណ៍​ទាំងនោះ​នាំចូល​ទីផ្សារ​អាមេរិក។

វិធានការ​ថ្មី​នេះ​របស់​រដ្ឋការ​លោក ដូណាល់ ត្រាំ វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ក្នុង​តំបន់ ក្នុង​នោះ​មាន​ប្រទេស​វៀតណាម ថៃ ម៉ាឡេស៊ី និង​កម្ពុជា។ នេះ​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ដែល​បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែ​មេសា ឆ្នាំ​២០២៥៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស