លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា គោលនយោបាយរបស់រដ្ឋាភិបាល គឺផ្ដល់អាទិភាពខ្ពស់លើការបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់លាស់ គឺ «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងលិខិតរបស់លោក ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៤ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ថា លោកបានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់ក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ ដើម្បីឲ្យពលរដ្ឋឆ្លើយតបទីផ្សារការងារ និងមានជីវភាពកាន់តែល្អប្រសើរក្នុងសម័យបច្ចេកវិទ្យា។
ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺដើម្បីលើកកម្ពស់សមត្ថភាព និងជំនាញឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព ក្នុងការចាប់យកឱកាសការងារកាន់តែល្អ ដើម្បីលើកស្ទួយកម្រិតជីវភាពឲ្យកាន់តែល្អប្រសើរ។
លោក ហ៊ុន សែន បានលើកឡើងទៀតថា ដើម្បីសម្រេចនូវផែនការអប់រំ និងការងារ រដ្ឋាភិបាលបានអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្ដីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
លោកថា រដ្ឋាភិបាលកម្ពុជា បានអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សម្រាប់អភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីធានាបាននូវ «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ ការពង្រីកការវិនិយោគលើការកសាងអគារសិក្សា រោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ រួមទាំងប្រព័ន្ធធានាគុណភាព និងអភិបាលកិច្ច។ ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅមានសិស្ស សិក្ខាកាម និស្សិត និងកម្មករនិយោជិតចំនួន ២០ម៉ឺននាក់ ដែលទទួលបានការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាដោយជោគជ័យក្នុងមុខជំនាញថ្មី ហើយបានយកជំនាញទាំងនោះទៅបង្កើតជាមុខរបរ និងបានបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។
ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកការពារសិទ្ធិពលករចំណាកស្រុក ធ្លាប់បានអះអាងថា ពលករខ្មែរពេញកម្លាំងពលកម្មបំពេញការងារដែលជាធនធានជួយលើកស្ទួយប្រយោជន៍សេដ្ឋកិច្ចជាតិជាង ២លាននាក់ កំពុងធ្វើការងារនៅក្រៅប្រទេស។ ក្នុងចំណោមពលករទាំងជាង ២លាននាក់នោះ គឺភាគច្រើនពួកគេមិនមានជំនាញច្បាស់លាស់៕