35 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ជំរុញ​ឲ្យ​កម្ពុជា​លុប​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាមួយ​វៀតណាម​ចោល​ទាំងអស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​លុបចោល​នូវ​សន្ធិសញ្ញា កិច្ចព្រមព្រៀង និង​ឯកសារ​ខុសច្បាប់​ទាំងអស់​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​វៀតណាម​កន្លង​មក ដែល​ផ្ទុយ​ពី​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ឈ្មោះ Royal du Cambodge ស្ដីពី​ការ​រំឭក​ខួប​លើក​ទី​៥៩​ឆ្នាំ​នៃ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​បាន​ឈ្នះ​ក្តី​លើ​ប្រទេស​ថៃ កាលពី​ឆ្នាំ​១៩៦២ កន្លងទៅ​នោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី Facebook នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ ថា ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី ហាក់ដូចជា​កំពុង​ដាស់តឿន​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​គាត់ ឲ្យ​មាន​ស្មារតី​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ប្រទេស​ជាតិ​ធំៗ ដូចជា​បញ្ហា​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ជាដើម ដើម្បី​រក្សា​អធិបតេយ្យភាព​របស់​កម្ពុជា។

លោក​អះអាង​ថា ការ​លើកឡើង​របស់​ព្រះមហាក្សត្រ​ខ្មែរ​អំពី​ការ​រំឭក​ខួប​លើក​ទី​៥៩​ឆ្នាំ​នៃ​ការ​ឈ្នះ​ក្តី​លើ​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ ទំនង​ព្រះអង្គ​កំពុង​បង្ហាញ​ផ្លូវ​លោក ហ៊ុន សែន ថា​ត្រូវតែ​ប្តឹង​ប្រទេស​វៀតណាម ពី​ការ​ឈ្លានពាន​របស់​ពួកគេ​លើ​កម្ពុជា ទៅ​តុលាការ​អន្តរជាតិ ដូច​ករណី​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ​កាលពី​ឆ្នាំ​១៩៦២ ដូច្នោះ​ដែរ។

លោក​បញ្ជាក់​ថា ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​របស់​ពលរដ្ឋ​ខ្មែរ​អំពី​ទំនាក់ទំនង​មិន​ស្មើ​មុខ​រវាង​កម្ពុជា-វៀតណាម រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ឲ្យ​បាន​ម៉ឺងម៉ាត់​ទៅលើ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ និង​ជនបរទេស​ខុសច្បាប់​នានា ក៏ដូចជា​ជន​អន្តោប្រវេសន៍​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មិន​ប្រក្រតី​ផង​ដែរ។

លោក ម៉ែន ណាត សង្កត់​ធ្ងន់​ថា ដើម្បី​ប្រយោជន៍​រួម​របស់​កម្ពុជា រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ហ៊ាន​ប្តឹង​ប្រទេស​វៀតណាម ទៅ​តុលាការ​អន្តរជាតិ និង​សហប្រធាន​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ពី​ការរំលោភ​បូរណភាព​ទឹកដី​ខ្មែរ ទាំង​ព្រំដែន​គោក និង​ដែនសមុទ្រ រួម​ទាំង​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ​ជាដាច់ខាត។

លោក​បញ្ជាក់​បន្ថែម​ថា ការ​ប្តឹង​ប្រទេស​វៀតណាម មិនមែន​ជា​ការ​បង្ក​ជម្លោះ​នឹង​ប្រទេស​ជិតខាង​នោះ​ទេ គ្រាន់តែ​ដើម្បី​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន​តាម​ផ្លូវច្បាប់​តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្នុង​នាម​ជា​អ្នក​ជិតខាង​ដែល​ត្រូវ​ធ្វើ​កិច្ចសហប្រតិបត្តិ​ល្អ​ក្នុង​តំបន់ កម្ពុជា​ត្រូវ​បន្ត​រឹត​ចំណង​ការទូត​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់ រួម​ទាំង​វៀតណាម ចិន និង​សហរដ្ឋ​អាមេរិក ផង​ដែរ។

កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ព្រះមហាក្សត្រ​ខ្មែរ​ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី បាន​បង្ហោះ​លើ​ទំព័រ Facebook របស់​ព្រះអង្គ​ក្នុង​ឱកាស​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៩ នៃ​ថ្ងៃ​ចូល​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ឡើងវិញ និង​ខួប​ទី​៥៨ នៃ​ការប្រកាស​សាលក្រម​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ថា​កម្ពុជា​បាន​ឈ្នះ​ក្តី​ទៅលើ​ការឈ្លានពាន និង​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​យោធា​ថៃ លើ​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយ​ជោគជ័យ។

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ថា ខ្មែរ​នៅ​ពេលនេះ​មិនមែន​ខ្មែរ​ក្នុង​រជ្ជកាល​ដែល​រដ្ឋាភិបាល​វៀតណាម មាន​ឥទ្ធិពល​អាច​គាប​សង្កត់​បាន​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ដើម្បី​រក្សា​ឯករាជភាព បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អាច​ប្រើ​ការ​ចរចា​ទ្វេភាគី​ជាមួយ​វៀតណាម​បាន​ទេ ចំពោះ​ការឈ្លានពាន​របស់​បរទេស​ជិតខាង​មួយ​នេះ។ កម្ពុជា មាន​តែ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​អន្តរជាតិ​តែប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​សម្រេច​លើ​បញ្ហា​នេះ ហើយ​ក៏​អាច​បញ្ចៀស​នូវ​ជម្លោះ​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ។

ចាប់តាំង​ពី​ឆ្នាំ​១៩៨៥ ក្រោយ​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​មក ត្រូវ​គេ​មើលឃើញ​ថា កម្ពុជា​បាន​ផុង​ខ្លួន​បន្តិច​ម្តងៗ​ចូល​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម ទាំង​វិស័យ​នយោបាយ និង​យោធា ដែល​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​អធិបតេយ្យភាព​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​លើ​ឆាក​អន្តរជាតិ​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស