31 C
Phnom Penh

សកម្មជន៖ លោក ថាច់ សេដ្ឋា អះអាង​ថា​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​បេះដូង​ជាតិ គឺជា​ការ​និយាយ​ភូតភរ​ប៉ុណ្ណោះ

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង បាន​ទាត់​ចោល​ការ​អះអាង​របស់​លោក ថាច់ សេដ្ឋា ដែល​ថា​មិន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ នោះ​ថា​ជា​ការ​និយាយ​មិន​ពិត ហើយ​រឿង​នេះ​នឹង​លាតត្រដាង​ពិតប្រាកដ​នៅ​ពេល​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​បក្ស​នៅ​ក្នុង​អង្គ​សមាជ​បក្ស​នេះ​ជាមិនខាន។

លោក ហ៊ុន កុសល បាន​ថ្លែង​បែប​នេះ​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​បដិសេធ​ការ​ចេញ​ទៅ​បើក​គណបក្ស​នយោបាយ​ថ្មី​ដោយ​ខ្លួនឯង និង​មាន​ការ​ជ្រោមជ្រែង​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា តាមរយៈ​មន្ត្រី​មូលដ្ឋាន​បក្ស​សង្គ្រោះ​ជាតិ​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន បាន​ផ្តល់​ព័ត៌មាន​យ៉ាង​ពិតប្រាកដ​ថា លោក ថាច់ សេដ្ឋា បាន​បបួល​ពួកគេ​ចូលរួម​បង្កើត​បក្ស​ថ្មី គឺ​គណបក្ស​បេះដូង​ជាតិ នេះ​តែម្តង។

លោក​អះអាង​ថា ការ​បើក​បក្ស​នេះ គឺជា​ការរៀបចំ​សេណារីយ៉ូ​របស់​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ដោយ​ប្រើ​ឈ្មោះ លោក សៀម ភ្លុក ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ព្រោះ​ថា​លោក សៀម ភ្លុក ជា​មនុស្ស​សកម្ម​នៅ​ក្នុង​គណបក្ស​ប្រឆាំង និង​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​អតីត​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផង​ដែរ។

លោក ហ៊ុន កុសល បញ្ជាក់​ថា ការ​ចូលរួម​បង្កើត​បក្ស​នយោបាយ​ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ គឺជា​បំណង​ប្រាថ្នា​ធំ​បំផុត​របស់​លោក ហ៊ុន សែន ព្រោះ​ថា​ការ​នាំគ្នា​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ មិនមែន​ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្តែ​ជា​ការ​ចូល​ដៃ​ជាមួយ​លោក ហ៊ុន សែន ដើម្បី​កម្ទេច​ស្មារតី​រួបរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែប៉ុណ្ណោះ។

លោក ថាច់ សេដ្ឋា កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២១ ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ក្រោយ​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥​ឆ្នាំ តាំងពី​ឆ្នាំ​២០១៧ មក។

កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ វិទ្យុ​បារាំង RFI បាន​ដកស្រង់​សម្ដី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​លោក ថាច់ សេដ្ឋា ថា​លោក​មិន​បាន​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ណាមួយ​នោះ​ទេ។ យ៉ាងណាក៏ដោយ លោក​ថា​លោក​គ្រាន់តែ​ដឹង​ពី​គណបក្ស​នយោបាយ​ថ្មី​នេះ​តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​តែប៉ុណ្ណោះ។

គណបក្ស​បេះដូង​ជាតិ បាន​ស្នើសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ជា​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២១។ យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​០៩ ខែ​មិថុនា កន្លង​ទៅ ក្រសួង​មហាផ្ទៃ បាន​ជូនដំណឹង​ទៅ​គណបក្ស​នេះ​ឲ្យ​រៀបចំ​សញ្ញា​សម្គាល់​របស់​គណបក្ស​ដោយ​អនុលោម​តាម​ការកំណត់​ក្នុង​បញ្ញត្តិ​មាត្រា​១១​ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ជុំវិញ​ការ​បើក​បក្ស​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២១ មាន​គណបក្ស​នយោបាយ​ចំនួន ៤ ហើយ ដែល​បាន​បង្កើត​ឡើង​ដោយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពួកគេ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​ព្រះមហាក្សត្រ តាមរយៈ​នៃ​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន ក្នុង​នោះ​មាន៖

  • គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដឹកនាំ​ដោយ​លោក ជីវ កត្តា និង​លោក កង គឹមហាក់
  • គណបក្ស​ឆន្ទៈ​ខ្មែរ បង្កើត​ឡើង​ដោយ​លោក គង់ គាំ និង​លោក គង់ មុនីកា
  • គណបក្ស​ខ្មែរ​អភិរក្ស ដឹកនាំ​ដោយ​លោក រៀល ខេមរិន្ទ និង​គណបក្ស​កែទម្រង់​កម្ពុជា បង្កើត​ឡើង​ដោយ​លោក អ៊ូ ចន្ទរ័ត្ន។

ជំវិញ​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ បាន​អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ពួកគេ​នឹង​ទៅ​បង្កើត​បក្ស​ដោយ​ខ្លួនឯង ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ខាងមុខ។

ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ចុង​ឆ្នាំ​២០២០ កន្លងទៅ​ថា កម្ពុជា​មាន​គណបក្ស​នយោបាយ​ជាង ៤០​គណបក្ស​នយោបាយ​ហើយ​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​មួយ​ចំនួន កំពុងតែ​ស្វះស្វែង​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​បក្ស​នយោបាយ​ដោយ​ខ្លួនឯង​បន្ថែម​ទៀត។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ដែល​ល្អ​ត្រឹមត្រូវ គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​វត្ថុបំណង​ដោះស្រាយបញ្ហា​ប្រទេស​ជាតិ ដើម្បី​រៀបចំ​សង្គម និង​ការ​ដឹកនាំ​ប្រទេស​តាម​ឆន្ទៈ​របស់​ពលរដ្ឋ ដោយ​មិន​រំពឹង​យក​នយោបាយ​ជា​មុខរបរ​អាជីព​សម្រាប់​បក្ខពួក ឬ​ក្រុម​គ្រួសារ​របស់​ខ្លួន​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ថាច់ សេដ្ឋា ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​លើកឡើង​នេះ​បាន​នៅឡើយ​ទេ​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស