30 C
Phnom Penh

សហរដ្ឋ​អាមេរិក​ផ្តាច់​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​តំបន់​អភិរក្ស​ព្រៃឡង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា ខ្លួន​បាន​សម្រេច​បញ្ចប់​ជំនួយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​ព្រៃឡង់​បៃតង​ហើយ ប៉ុន្តែ​ជំនួយ​នេះ​នឹង​ត្រូវ​បង្វែរ​ទៅ​ជួយ​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ការងារ​របស់​សហគមន៍​មូលដ្ឋាន ដើម្បី​កែលំអ​មុខរបរ​ប្រកប​ជីវភាព​រស់នៅ និង​ពង្រីក​កសិកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជំនួស​វិញ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ថា អាមេរិក​បាន​ធ្វើ​ការ​ចំណាយ​ថវិកា​ចំនួន​ជាង ១០០​លាន​ដុល្លារ​លើ​កម្មវិធី​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​កម្ពុជា ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​ស្តាយ​ដែល​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ ដែល​ពុំ​មាន​ការ​ថមថយ​នៃ​បទល្មើស​ព្រៃឈើ​ខ្មែរ​ទាល់តែសោះ។

ប្រភព​ដដែល​រិះគន់​ថា ការ​កាប់​ឈើ​ខុសច្បាប់​នៅ​កម្ពុជា នៅតែ​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់ និង​ជុំវិញ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​មិន​បាន​ធ្វើ​ការ​កាត់ទោស ឬ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ឈ្មួញ​ទុច្ចរិត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លើ​សត្វព្រៃ ឬ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់​នោះ​ឡើយ។

ស្ថានទូត​សហរដ្ឋ​អាមេរិក អះអាង​ទៀត​ថា អាជ្ញាធរ​មិន​មាន​វិធានការ​ណាមួយ​ជាក់លាក់​លើ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ តែ​ពួកគេ​បែរជា​ព្យាយាម​បំបិទ​សំឡេង​សកម្មជន​បរិស្ថាន ហើយ​ធ្វើ​ទុក្ខបុកម្នេញ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ដែល​ជា​ដៃគូ​របស់​ខ្លួន ស្រប​ពេល​ពួកគេ​បាន​បង្ហាញ​ពី​កង្វល់​ដ៏​សមហេតុផល​លើ​ការ​បាត់បង់​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ទៅវិញ។

សហរដ្ឋ​អាមេរិក បាន​ចំណាយ​ថវិកា​អស់​រាប់​សិប​លាន​ដុល្លារ​លើ​កម្មវិធី​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ តែ​មិន​មាន​ប្រសិទ្ធភាព​ណាមួយ​នៃ​វិធានការ​អាជ្ញាធរ​កម្ពុជា លើ​បទល្មើស​ព្រៃឈើ​ទាំងនោះ​នៅឡើយ​ទេ។ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​សម្រេច​បញ្ចប់​ជំនួយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​ព្រៃឡង់​បៃតង បន្ទាប់ពី​បទល្មើស​ព្រៃឈើ​ទាំងនោះ​នៅតែ​បន្ត​កើត​មាន​ឥត​ឈប់ឈរ ខណៈ​អាជ្ញាធរ​កម្ពុជា​ក៏​មិន​មាន​ផែនការ​ជាក់លាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ទាំងនោះ​ដែរ។

របាយការណ៍​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក បង្ហាញ​ថា តាំងពី​ឆ្នាំ​២០១៦ មក ទោះបីជា​មាន​ការ​គាំទ្រ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដើម្បី​ឲ្យ​មាន​ការ​ដើរ​ល្បាត ការ​បណ្តុះបណ្តាល​ផ្នែក​អនុវត្ត​ច្បាប់ និង​ការរៀបចំ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​តំបន់​ការពារ​ថ្នាក់​ជាតិ​ក៏ដោយ ក៏​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ នៅតែ​បាត់បង់​ដដែល​លើ​ព្រៃឈើ​ប្រមាណ ៣​ម៉ឺន ៨​ពាន់​ហិកតារ ដែល​ជា​គម្រប​ព្រៃឈើ​នៅ​ទីនោះ។

តំបន់​ព្រៃឡង់​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៤ គឺ​កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​ក្រចេះ មាន​ផ្ទៃដី​សរុប​ជាង ៤​សែន​ហិកតារ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៦ កន្លងទៅ។

កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ នេះ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ស្ដីពី​បទល្មើស​ព្រៃឈើ ដែល​បាន​កើត​ឡើង​ចំនួន ៩០​ករណី​បន្ថែម​ទៀត ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដែល​ជា​ដែន​សមត្ថកិច្ច​របស់​ក្រសួង​បរិស្ថាន។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា រយៈពេល ២០​ឆ្នាំ​ចុងក្រោយ​នេះ ទំហំ​ព្រៃឡង់​ជាង ១​សែន​ហិកតារ​ត្រូវ​បាន​បាត់បង់ និង​ក្លាយ​ជា​វាល​រហោឋាន ខណៈ​ផ្ទៃដី​តែ​ជាង ១​ពាន់​ហិកតារ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ដាំ​កូនឈើ​ឡើងវិញ។

ក្រុម​សកម្មជន​បរិស្ថាន​អះអាង​កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ ថា ពួកគេ​បាន​រក​ឃើញ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​ថា​ប្រភេទ​ឈើ​ងាយ​រងគ្រោះ​ដែល​ត្រូវ​ទទួល​រង​ការ​កាប់​បំផ្លាញ​ភាគច្រើន​មាន​ដូចជា ដើមឈើ​ទាល កកោះ គគីរ ស្ទៀង ផ្ដៀក ពពេល ផ្ចឹក ត្រាច ត្រសេក សុក្រំ និង​ដើម​ខ្វាវ ជាដើម។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ នេះ សកម្មជន​បរិស្ថាន​ចំនួន ៤​រូប ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ ក្នុង​នោះ​រួម​មាន​លោក យីម លាងហ៊ី លោក លី ចន្ទ្រតារ៉ាវុធ លោក សិដ្ឋ ឈីវលីម៉េង និង​កញ្ញា ស៊ុន រដ្ឋា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស