27 C
Phnom Penh

អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​លះបង់​បក្ស​សង្គ្រោះ​ជាតិ​ទៅ​បង្កើត​បក្ស​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) រិះគន់​ថា អ្នកនយោបាយ​អាជីព​របស់​បក្ស​ប្រឆាំង​មួយ​ចំនួន​បែរជា​នាំគ្នា​ទៅ​បង្កើត​គណបក្ស​ថ្មី​ផ្សេង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មួយ​ចំនួន​ទៀត​កំពុងតែ​ដើរ​កេណ្ឌ​ពល​រដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​បោះបង់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទៅ​ចូលរួម​ជាមួយ​ពួកគេ។

ការរិះគន់ ធ្វើឡើង​គឺ​សំដៅ​ដល់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​នាំគ្នា​ចេញ​ទៅ​បង្កើត​បក្ស​នយោបាយ​ថ្មី ជាពិសេស​ក៏​ទំនង​ជា​សំដៅ​ដល់​អតីត​មេ​បក្ស​ឆាំង​លោក សម រង្ស៊ី ផង​ដែរ ដែល​គេ​អះអាង​ថា​លោក​គឺជា​អ្នក​នៅ​ពីក្រោយ​គណបក្ស​បេះដូង​ជាតិ ដែល​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​កាលពី​ពេល​ថ្មីៗ​នេះ។

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) និង​ជា​អគ្គនាយក​អង្គការ​មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ​កម្ពុជា (CDC) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា សព្វថ្ងៃ​នេះ​អ្នកនយោបាយ​ដែល​មាន​ផែនការ​បើក​បក្ស​ថ្មី​ទាំងនោះ​កំពុង​ដើរ​លួងលោម បង្ខិតបង្ខំ និង​គំរាមកំហែង​សកម្មជន​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន និង​ពលរដ្ឋ​ខ្មែរ ឲ្យ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ដែល​ទើប​នឹង​បង្កើត​ថ្មី​របស់​ពួកគេ។

លោក​អះអាង​ថា សកម្មជន​នៅ​មូលដ្ឋាន​ដែល​បាន​តស៊ូ​លះបង់​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​កន្លង​មក បាន​ផ្តល់​ក្តី​សង្ឃឹម​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​ទាំងនោះ​មិន​ដឹង​ខ្លួន​ទេ ថា​ទង្វើ​របស់​ពួកគេ​ក្នុង​ពេលនេះ គឺជា​ការចូលរួម​ជាមួយ​លោក ហ៊ុន សែន ក្នុង​ការ​បំផ្លាញ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ពេញ​ទំហឹង។

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ អំពាវនាវ​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស សូម​មាន​ជំហរ​ស្មារតី​រឹងមាំ​ដើម្បី​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌​សង្គម និង​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា តាមរយៈ​នៃ​ការ​បន្ត​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រស់​ឡើង​វិញ​រហូត​ទទួល​បាន​ជ័យជម្នះ​នា​ពេល​ខាងមុខ។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​រំលាយ​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ចំនួន ១១៨​រូប តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លើស​ពី​នេះ ក្រសួង​មហាផ្ទៃ ក៏​បាន​សម្រេច​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​បញ្ជី​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ភ្លាមៗ​ផង​ដែរ។

ក្រោយ​តុលាការ​កំពូល ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ១១៨​រូប​ដែល​ត្រូវ​ហាមឃាត់​សិទ្ធិ​នយោបាយ បាន​នាំគ្នា​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ព្រះមហាក្សត្រ​ឡើងវិញ​ជាបន្តបន្ទាប់ តាមរយៈ​ក្រសួង​មហាផ្ទៃ។ ក្នុង​ចំណោម​នោះ មាន​មន្ត្រី​ខ្លះ​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​បើក​គណបក្ស​នយោបាយ​ដោយ​ខ្លួនឯង​ថែមទៀត​ផង ចាប់តាំង​ពី​ឆ្នាំ​២០១៨ មក។

ក្នុង​នោះ រួម​មាន៖

  • គណបក្ស​ឆន្ទៈ​ខ្មែរ របស់​លោក គង់ គាំ និង​លោក គង់ មុនីកា ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៨
  • គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់​លោក ជីវ កត្តា និង​លោក កង គឹមហាក់ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៩
  • គណបក្ស​ខ្មែរ​អភិរក្ស​និយម របស់​លោក រៀល ខេមរិន្ទ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៩
  • គណបក្ស​កែ​ទម្រង់​កម្ពុជា របស់​លោក អ៊ូ ចន្ទរ័ត្ន បង្កើត​ឡើង​កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២១
  • និង​ចុងក្រោយ​នេះ គណបក្ស​បេះដូង​ជាតិ បាន​បង្កើត​ឡើង​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ នេះ​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា នេះ​ថា ក្នុង​នាម​ជា​អ្នក​ប្រជាធិបតេយ្យ​ដូច​គ្នា តែ​គ្មាន​ស្មារតី​រួម ដោយ​នាំគ្នា​ចេញ​ទៅ​បើក​បក្ស​នយោបាយ​រៀងៗ​ខ្លួន តើ​ធ្វើ​ដូចម្តេច​នឹង​មាន​សំឡេង​ឆ្នោត​ឈ្នះ​គណបក្ស​កាន់​អំណាច។

លោក​ធ្លាប់​បាន​អះអាង​ថា លោក​ទទួល​បាន​ព័ត៌មាន​គួរ​ឲ្យ​ទុកចិត្ត​បាន​ពី​ប្រទេស​បារាំង ថា​អតីត​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ក៏​បាន​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​នឹង​គេ​ដែរ​នោះ គឺ​គណបក្ស​បេះដូង​ជាតិ ដែល​មាន​លោក សៀម ភ្លុក ជា​អ្នក​ដើរតួ​ជំនួស។

យ៉ាងណាក៏ដោយ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​អំឡុង​ឆ្នាំ​២០២០ ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទាំងនោះ បើ​មិន​ចាញ់​បោក ក៏​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន ដែរ។ ដូច្នេះ ដើម្បី​យក​ឈ្នះ​គណបក្ស​កាន់​អំណាច ត្រូវតែ​នាំគ្នា​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​ទាំងអស់​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស