35 C
Phnom Penh

បក្ស​ក្រៅ​រដ្ឋាភិបាល៖ ការ​ជ្រើសរើស​សមាសភាព​ប្រធាន​ថ្មី គ.ជ.ប មិន​អាច​ស្តែង​ចេញ​នូវ​ភាព​ឯករាជ​របស់​គណៈកម្មាធិការ​នេះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) អះអាង​ថា ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ថ្មី ដែល​ជ្រើសរើស​ចេញពី​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​បែប​នេះ មិន​អាច​ធ្វើ​ឲ្យ​មាន​នូវ​ឯករាជភាព​របស់​គណៈកម្មាធិការ​នេះ​បាន​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​ជ្រើស​តាំង​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋសភា​កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​បេក្ខភាព​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប ថ្មី ជំនួស​លោក ស៊ិក ប៊ុនហុក ដែល​ទើប​តែ​នឹង​លាលែង​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា ដើម្បី​ឲ្យ​ពលរដ្ឋ គណបក្ស​ក្រៅ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​អន្តរជាតិ​មាន​ទំនុក​ចិត្ត​លើ​ដំណើរការ​បោះឆ្នោត ទាល់​តែ​គណៈកម្មាធិការ​អាជ្ញាកណ្ដាល​នេះ​កើត​ចេញ​ពី​ទម្រង់​ដើម​ដែល​ច្បាប់​បាន​កំណត់ ដោយ​ចៀសវាង​សមាសភាព​ក្បាលម៉ាស៊ីន គ.ជ.ប កើត​ចេញពី​បក្ស​តែ​មួយ​ដូច​សព្វថ្ងៃ​នេះ។

លោក​អះអាង​ថា ក្បាលម៉ាស៊ីន​គណៈកម្មាធិការ​អាជ្ញាកណ្ដាល​ដែល​អាច​ផ្តល់​អព្យាក្រឹតភាព និង​យុត្តិធម៌​ជូន​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត ទាល់​តែ​គណៈកម្មាធិការ​នោះ​មាន​ភាព​ឯករាជ​ពិតប្រាកដ ដែល​បាន​កើត​ចេញពី​រូបមន្ត ៤+៤+១ ជា​ដាច់ខាត។

ក្នុង​នោះ ៤​រូប​បញ្ជូន​មកពី​គណបក្ស​កាន់​រដ្ឋាភិបាល ៤​រូប​ទៀត​បញ្ជូន​មកពី​គណបក្ស​មាន​អាសនៈ​ក្នុង​សភា និង ១​រូប​ទៀត​ជ្រើសរើស​មកពី​អង្គការ​សង្គម​ស៊ីវិល ឬ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ជាដើម ជាពិសេស​សមាសភាព​នេះ​ត្រូវតែ​រៀបចំ​ឲ្យ​ដល់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ឃុំ-សង្កាត់​តែម្តង។
នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ រដ្ឋសភា​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​បើក​សម័យ​ប្រជុំ​លើក​ទី​៦ របស់​ខ្លួន ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ដែល​មាន​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៨២​រូប បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឲ្យ​អតីត​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក ប្រាជ្ញ ចន្ទ ធ្វើ​ជា​ប្រធាន គ.ជ.ប ថ្មី ជំនួស​លោក ស៊ិក ប៊ុនហុក ដែល​ទើប​តែ​នឹង​លាលែង​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ជ្រើសរើស​អតីត​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក ប្រាជ្ញ ច័ន្ទ ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប ថ្មី ដើម្បី​ដាក់​ជូន​រដ្ឋសភា​ជាតិ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត។

អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ មិថុនា ថា រដ្ឋសភា​ដែល​អាច​អនុម័ត​សមាសភាព​ក្បាលម៉ាស៊ីន គ.ជ.ប គួរ​ជា​ទី​ទុកចិត្ត​របស់​ពលរដ្ឋ​នោះ គឺ​មាន​តែ​រដ្ឋសភា​ដែល​ចេញពី​ពហុ​បក្ស​តែប៉ុណ្ណោះ។

លោក​អះអាង​ថា ម្ចាស់​ឆ្នោត គណបក្ស​ក្រៅ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សង្កេតការណ៍​អន្តរជាតិ នៅតែ​មើលឃើញ​ថា ស្ថាប័ន គ.ជ.ប សព្វថ្ងៃ​នេះ​គ្រាន់តែ​ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច ដែល​ខ្លួន​បាន​រៀបចំ​ដើម្បី​យក​ប្រៀប​លើ​គូប្រជែង​របស់​ខ្លួន​រាល់​ពេល​បោះឆ្នោត​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​អនុវត្ត​បែប​នេះ នោះ​ស្ថាប័ន​អាជ្ញាកណ្ដាល​មួយ​នេះ​មិន​អាច​ធានា​បាន​នូវ​ដំណើរការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ទេ ជាពិសេស​សំឡេង​ម្ចាស់​ឆ្នោត​ដែល​សម្ដែង​មតិ​តាមរយៈ​សន្លឹកឆ្នោត ក៏​រង​នូវ​ភាព​អយុត្តិធម៌​ផង​ដែរ។ ជាង​នេះ​ទៀត គណៈកម្មាធិការ​នេះ​បាន​ចូលរួម​បំផ្លាញ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។

រដ្ឋធម្មនុញ្ញ​មាត្រា ១៥១​ថ្មី (ពីរ) បាន​ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​សមាសភាព ៩​រូប​ដែល​ទទួល​អាណត្តិ ៥​ឆ្នាំ ក្នុង​នោះ ៤​រូប​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង ៤​រូប​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភាជាតិ តែ​មិន​ចូល​រដ្ឋាភិបាល ចំណែក ១​រូប​ទៀត ត្រូវ​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំងអស់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា លោក ប្រាជ្ញ ចន្ទ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទើប​នឹង​ចាត់តាំង​ជា​ប្រធាន គ.ជ.ប ថ្មី នៅ​ពេល​នេះ គឺ​គេ​ប្រើ​គាត់​ដើម្បី​ជា​ឈ្នាន់​ប្លន់​អំណាច​តាមរយៈ​គណៈកម្មាធិការ​នេះ​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស