ក្រុមអ្នកតស៊ូមតិខាងផ្នែកសិទ្ធិការងារ អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់ពលករខ្មែរដែលបម្រើការនៅប្រទេសថៃ ទាំងពលករដែលមានឯកសារត្រឹមត្រូវ និងមិនមានឯកសារគ្រប់គ្រាន់ ឲ្យពួកគាត់ត្រឡប់ចូលទៅកម្ពុជាវិញដោយពុំមានការភ័យខ្លាច ដើម្បីទទួលការពិនិត្យរកវីរុស Covid-19 ឲ្យបានហ្មត់ចត់តាមវិធានរបស់ក្រសួងសុខាភិបាល។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ Covid-19 បានចេញលិខិតណែនាំដល់មន្ត្រីអាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែនខ្មែរ-ថៃ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺ Covid-19 បំប្លែងថ្មីដែលកំពុងឆ្លងលើពលរដ្ឋខ្មែរ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ខែមិថុនា ថា លោកឯកភាពទៅនឹងចំណាត់ការរបស់អាជ្ញាធរក្នុងការដាក់ចេញនូវវិធានការទប់ស្កាត់នៃជំងឺ Covid-19 បំប្លែងថ្មីតាមរយៈពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជា នៅពេលនេះ។
លោកជំរុញឲ្យអាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែន បង្កើនមណ្ឌលចត្តាឡីស័កឲ្យបានច្រើន និងមានលក្ខណៈបច្ចេកទេសសុខាភិបាលត្រឹមត្រូវ ចៀសវាងនូវការប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ ដែលបណ្តាលឲ្យការរៀបចំមណ្ឌលព្យាបាលទាំងនោះមិនបានល្អ និងតាមបច្ចេកទេសដែលជាមូលហេតុធ្វើឲ្យអ្នកជំងឺពិបាករស់នៅរហូតមានការរត់គេចពីការព្យាបាលជាដើម។
លោក មឿន តុលា អំពាវនាវឲ្យពលករខ្មែរទាំងអស់ ទោះពួកគេឆ្លងដែនតាមច្រកព្រំដែនដោយស្របច្បាប់ក្តី និងពលករខ្មែរដែលឆ្លងដែនតាមច្រករបៀងក្តី សូមនាំគ្នាទៅជួបអាជ្ញាធរដើម្បីទទួលការពិនិត្យរកមេរោគ Covid-19 ដើម្បីការពារអាយុជីវិតខ្លួនឯង និងចូលរួមការពារកុំឲ្យមានការឆ្លងចូលក្នុងសហគមន៍។
ជាងនេះទៀត ក្នុងយុទ្ធនាការនេះ លោកស្នើឲ្យអាជ្ញាធរផ្តល់ភាពកក់ក្តៅ និងការលើកទឹកចិត្តខ្ពស់ដល់ពលករទាំងនោះ ជាពិសេសពលករដែលឆ្លងដែនដោយខុសច្បាប់ មិនត្រូវបំភ័យដែលនាំឲ្យមានការភ័យខ្លាចណាមួយដល់ពួកគេនោះទេ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ Covid-19 បានដាក់ចេញសេចក្តីណែនាំកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ អំពីវិធានការឆ្លើយតបទៅនឹងការវិវឌ្ឍថ្មីនៃជំងឺ Covid-19។ វិធានការនេះ បានដាក់ចេញនូវការពង្រីកការគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មីប្រភេទ DELTA ដែលបានរកឃើញលើអ្នកដំណើរចូលទៅប្រទេសកម្ពុជា តាមច្រកព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។
គណៈកម្មាធិការនេះ អះអាងថា ដើម្បីគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មីប្រភេទ DELTA កុំឲ្យចូលទៅក្នុងសហគមន៍ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំជាបន្ទាន់នូវមណ្ឌលចត្តាឡីស័កបន្ថែមទៀតនៅតាមមាត់ច្រកព្រំដែនកម្ពុជា-ថៃ ជាពិសេសខេត្តដែលពុំទាន់មានកន្លែងធ្វើចត្តាឡីស័កគ្រប់គ្រាន់ និងត្រូវបែងចែកឲ្យដាច់ពីគ្នារវាងអ្នកធ្វើចត្តាឡីស័កដែលមកពីប្រទេសថៃ និងអ្នកធ្វើចត្តាឡីស័កដែលពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍ ដើម្បីបង្ការការចម្លងមេរោគបំប្លែងថ្មីក្នុងមណ្ឌលចត្តាឡីស័កទាំងនោះ។
ប្រភពដដែលបញ្ជាក់ថា ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺ Covid-19 ក្នុងសហគមន៍ និងការកើតមានឡើងជាយថាហេតុដែលបណ្តាលមកពីមេរោគបំប្លែងថ្មី គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ Covid-19 និងអាជ្ញាធរមូលដ្ឋាន ត្រូវតែចាត់វិធានការមុតស្រួចបន្ថែមទៀត ទាំងវិធានការផ្នែករដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ពីលើការអប់រំ និងការអំពាវនាវនាពេលកន្លងមក។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ថា ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញជំងឺ Covid-19 បំប្លែងថ្មីប្រភេទ DELTA ចំនួន ៧ករណីលើអ្នកដំណើរពីប្រទេសថៃ ចូលទៅកម្ពុជា ដែលអ្នកទាំងនោះសុទ្ធសឹងតែជនជាតិខ្មែរដែលរស់នៅខេត្តកំពត កំពង់ចាម សៀមរាប ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
ជុំវិញការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាល បានអះអាងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះថា ក្រសួងនៅតែបន្តរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មី ១១៣០នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៦៧០នាក់ ខណៈអ្នកដែលបានស្លាប់ថ្មីដោយសារជំងឺនេះមានចំនួនដល់ទៅ ២៧នាក់ឯណោះ។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៥ម៉ឺននាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៤ម៉ឺន ៤ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងដល់ ៦០២នាក់ហើយ គិតត្រឹមថ្ងៃពុធ សប្តាហ៍នេះ៕