26.6 C
Phnom Penh

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​យកចិត្ត​ទុកដាក់​ជនភៀសសឹក​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ រៀបចំ​ទីទួល​សុវត្ថិភាព និង​ដោះស្រាយ​ការ​ស្នាក់នៅ ហូបចុក​ដល់​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក​ដែល​ត្រូវ​ជម្លៀស​ចេញពី​តំបន់​ប្រយុទ្ធ។

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួង​សុខាភិបាល ត្រូវ​សហការ​ដោះស្រាយ​តាម​ដំណើរការ​ជាក់ស្ដែង ធ្វើ​យ៉ាងណា​យកចិត្ត​ទុកដាក់​លើ​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់កាល​លំបាក​នេះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ ទាំង​៧ ក៏​ត្រូវ​សម្របសម្រួល​ការ​ឆ្លងកាត់​ព្រំដែន និង​ការ​សំចត​បណ្ដោះអាសន្ន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ តាម​ការ​ចាំបាច់​ផង​ដែរ។

ចំណែក​ក្រសួង​ការពារ​ជាតិ កងទ័ព​ជើងគោក សាលា​រាជធានី​ភ្នំពេញ ត្រូវតែ​សហការ​ជាមួយ​បណ្ដា​ខេត្ត​ពាក់ព័ន្ធ រៀប​រថយន្ត​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ពី​ព្រំដែន​កម្ពុជា-ថៃ ត្រឡប់​ទៅ​ស្រុកកំណើត​វិញ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា លោក​មាន​ការ​សោកស្តាយ និង​ចូលរួម​រំលែកទុក្ខ​វីរ​កងទ័ព​កម្ពុជា​ដែល​បាន​ពលី និង​ប្រជាជន​ស៊ីវិល​ដែល​បាន​ស្លាប់​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​នេះ ខណៈ​រាជរដ្ឋាភិបាល ក្រសួង​ការពារ​ជាតិ បណ្ដា​អង្គភាព​កងទ័ព ត្រូវតែ​សហការ​គ្នា​រៀបចំ​ពិធី​បុណ្យសព​យុទ្ធជន​ពលី និង​ដោះស្រាយ​គោលនយោបាយ​ឱ្យ​បាន​សមរម្យ​ជា​វីរជន​របស់​ជាតិ​ខ្មែរ។

ចាប់ពី​ថ្ងៃទី​២៤ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ ថៃ ព្យាយាម​វាយប្រហារ​លើ​កងទ័ព​កម្ពុជា​ឥត​ឈប់ ដែល​ធ្វើ​ឱ្យ​ជនស៊ីវិល និង​កងទ័ព​ខ្មែរ​ដែល​ទប់ទល់​នឹង​ការ​វាយប្រហារ​នេះ រង​របួស និង​ស្លាប់​បាត់បង់​ជីវិត​ជាបន្តបន្ទាប់ ខណៈ​ជនស៊ីវិល​ជាច្រើន​ម៉ឺន​នាក់ ក៏​ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​ប្រយុទ្ធ​ទាំងនោះ​ផង​ដែរ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ដែល​មាន ២៦​ភូមិ មាន​ប្រជាពលរដ្ឋ​សរុប​ជាង ៣​ម៉ឺន​នាក់ (៣២៥៥៥​នាក់) ត្រូវ​ជម្លៀស​ចេញ​ទៅ​កាន់​ទីតាំង​សុវត្ថិភាព ខណៈ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អំពិល ស្រុក​ដដែល​នេះ មាន ២៩​ភូមិ ដែល​មាន​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​នាក់ (១៩៦៥៨​នាក់) ក៏​ត្រូវ​ជម្លៀស​ចេញ​ទៅ​កាន់​ទីតាំង​សុវត្ថិភាព​ដែរ។

ចំណែក​ប្រជាពលរដ្ឋ​នៅ​តំបន់​ប្រយុទ្ធ​ផ្សេង​ទៀត​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ក៏​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កាន់​ទីតាំង​សុវត្ថិភាព​ដូចគ្នា​ជាបន្តបន្ទាប់​ដែរ។

ជុំវិញ​ការ​ប្រយុទ្ធ​គ្នា​រវាង​ខ្មែរ-ថៃ នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៧ កក្កដា មាន​ចំនួន​ប្រមាណ ១០​ម៉ឺន​នាក់ តាម​ច្រក​ព្រំដែន​អន្តរជាតិ​ដូង (បានឡែម) ស្រុក​កំរៀង ខេត្ត​បាត់ដំបង ខណៈ​ថ្ងៃទី​២៦ កក្កដា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦​ម៉ឺន ៥​ពាន់​នាក់។

ដោយឡែក​នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ផ្សេង​ទៀត ដូចជា ច្រក​ព្រំដែន​ខេត្ត​ប៉ៃលិន ច្រក​ព្រំដែន​អន្តរជាតិ​ចាំយាម ខេត្ត​កោះកុង ក៏​មាន​ពលរដ្ឋ​ខ្មែរ​ឆ្លង​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កំណើត​វិញ​ដែរ ខណៈ​ចំនួន​ជាក់លាក់​មិន​ទាន់​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​បញ្ជាក់​នៅឡើយ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស