27.5 C
Phnom Penh

តើ​នយោបាយ​ការទូត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព ទទួល​បាន​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​កម្ពុជា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព និង​កំពុង​រង​ការ​ឃ្លាំមើល​ពី​បក្ស​កាន់​អំណាច អះអាង​ថា រដ្ឋាភិបាល​ស៊ុយអែត ដែល​ជា​មិត្ត​របស់​កម្ពុជា នៅតែ​បន្ត​ជួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ រួម​ទាំង​វិស័យ​មួយ​ចំនួន​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​ប្រទេស​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ចរន្ត​នយោបាយ​ធំៗ​នៅ​កម្ពុជា គឺ​ចរន្ត​នយោបាយ​តស៊ូ​មតិ​កម្រិត​ជាតិ និង​ចរន្ត​នយោបាយ​តស៊ូ​មតិ​ការបរទេស ដែល​ទាំងនោះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា លោក កឹម សុខា កំពុង​មាន​ប្រៀប​ខ្លាំង​លើ​ចរន្ត​នយោបាយ​ការបរទេស​ជាង​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​ណាៗ​ទាំងអស់។

លោក​អះអាង​ថា បណ្តា​មន្ត្រី​ជាន់ខ្ពស់​ការបរទេស​នៃ​ប្រទេស​មហាអំណាច និង​អង្គទូត​នៃ​ប្រទេស​លោកសេរី​ទាំងអស់ សុទ្ធតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​នូវ​សេរីភាព​ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ យ៉ាង​ម៉ឺងម៉ាត់។

លោក ហ៊ុន កុសល បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​រឹតត្បិត​សេរីភាព​មេ​បក្ស​ប្រឆាំង និង​នៅតែ​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ទៀត នោះ​កម្ពុជា​នឹង​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​បណ្តា​ប្រទេស​លោកសេរី​ជាបន្តបន្ទាប់ សូម្បី​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២២ ក៏​បណ្តា​ប្រទេស​លោកសេរី​ទាំងនោះ​នឹង​មិន​ទទួលស្គាល់​ផង​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ឯកអគ្គរាជទូត​នៃ​ប្រទេស​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា ជិត​ចប់​អាណត្តិ​លោក Bjorn Haggmark បាន​ទៅ​ជម្រាបលា​លោក​ដល់​គេហដ្ឋាន​របស់​លោក​ផ្ទាល់​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​អះអាង​ថា ក្នុង​ជំនួប​នេះ ឯកអគ្គរាជទូត​នៃ​ប្រទេស​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា លោក Bjorn Haggmark បាន​បញ្ជាក់​សាជាថ្មី​ថា រដ្ឋាភិបាល​ស៊ុយអែត ដែល​ជា​មិត្ត​របស់​កម្ពុជា នៅតែ​បន្ត​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​វិស័យ​មួយ​ចំនួន​ទៀត​ផង​ដែរ។

លោក កឹម សុខា បញ្ជាក់​ថា ក្រៅពី​សកម្មភាព​ផ្តល់​ជំនួយ​មនុស្សធម៌​ដែល​លោក​បាន​ចែក​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ខ្វះខាត​ដោយសារ​រង​ផល​ប៉ះពាល់​នៃ​ជំងឺ Covid-19 ក្នុង​រយៈពេល​មួយ​ខែ​មិថុនា ឆ្នាំ​២០២១ នេះ លោក​ក៏​បាន​ជួប​អ្នក​ការទូត​ចំនួន ៧​ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា​ជាបន្តបន្ទាប់។

កាលពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស និង​ត្រូវ​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​ត្រពាំងផ្លុង។ រហូត​មក​ទល់នឹង​ពេលនេះ លោក កឹម សុខា នៅតែ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ​កម្ពុជា ដែល​បាន​ហាម​មិន​ឲ្យ​លោក​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស​ជាដាច់ខាត។

ទោះ​ជា​បែប​នេះ​ក្តី ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណាមួយ​នៅឡើយ​ទេ ខណៈ​តុលាការ​ប្រកាស​ផ្អាក​សវនាការ​របស់​លោក​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក​ម្ល៉េះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា មេ​បក្ស​ប្រឆាំង​លោក កឹម សុខា មិន​អាច​បន្ត​នៅ​ស្ងៀម​បែប​នេះ​រហូត​នោះ​ទេ ព្រោះ​ថា​ការ​ធ្វើ​នយោបាយ​ការទូត គឺជា​ការ​តស៊ូ​មតិ​គ្រប់​រូបភាព និង​គ្រប់​វិធីសាស្ត្រ ដើម្បី​រក​យុត្តិធម៌​ជូន​គណបក្ស​របស់​ខ្លួន​ដែល​ត្រូវ​គេ​រំលាយ​ទាំង​អយុត្តិធម៌ ជាពិសេស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង ៥០០៧​នាក់ ដែល​មិន​ទាន់​ផុត​អាណត្តិ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស