31 C
Phnom Penh

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លែង​ធ្វើ​ចត្តាឡីស័ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បាន​ប្រកាស​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ ដោយ​ក្រុម​គ្រូពេទ្យ​បង្ហាញ​លទ្ធផល​ថា​លោក​អវិជ្ជមាន​ជំងឺ Covid-19។

លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ Facebook របស់​លោក នៅ​ថ្ងៃ​នេះ​ថា ក្រុម​គ្រូពេទ្យ​បាន​មក​យក​សំណាក​របស់​លោក​ទៅ​ធ្វើ​តេស្ដ​ជា​លើក​ចុងក្រោយ បន្ទាប់ពី​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ។

លទ្ធផល​ពី​មន្ទីរពិសោធន៍ បាន​បញ្ជាក់​ថា លោក​មិន​មាន​ផ្ទុក​ជំងឺ Covid-19 ទេ ដូច្នេះ​ហើយ​លោក​ត្រូវ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក ឬ​ដាក់​ខ្លួន​នៅ​ដោយឡែក​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ថា លោក​បាន​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ Covid-19 ដូច្នេះ​ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​គាត់​ធ្វើ​តេស្ដ និង​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២១។

លោក ហ៊ុន សែន អះអាង​ថា ដោយសារតែ​បញ្ហា​នេះ លោក​សម្រេច​ចិត្ត​លុបចោល​ការ​ជួប​ដោយ​ផ្ទាល់​ទាំង​ខ្មែរ ទាំង​បរទេស ប៉ុន្តែ​លោក​នៅតែ​ធ្វើការ​ដូច​ពេល​មុន​ជាមួយ​គ្រប់​ស្ថាប័ន​ទាំង​ស៊ីវិល ទាំង​កងកម្លាំង​ប្រដាប់​អាវុធ រាប់​ទាំង​ការប្រជុំ​តាម ZOOM ផង​ដែរ ដោយឡែក​គម្រោង​ណាត់​ជួប​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព គឺ​ត្រូវ​លុបចោល​ទាំងស្រុង ទាំង​ជួប​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ។

មុន​ដំបូង Facebook របស់​លោក​ហ៊ុន សែន ប្រកាស​ថា លោក​នឹង​ធ្វើ​ចត្តាឡីស័ក​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២១ ហើយ​សារព័ត៌មាន​ដើម​អម្ពិល ក៏​បាន​ផ្សាយ​ភ្លាមៗ​ពី​កាលបរិច្ឆេទ​ខាងលើ​នេះ​ផង​ដែរ។

ប៉ុន្តែ​លោក ហ៊ុន សែន ប្រហែល​ភ្លេច​ថា​លោក​ត្រូវ​ជួប​ឯកអគ្គរាជទូត​ប្រទេស​បារាំង ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Eva Nguyen Binh នៅ​ថ្ងៃ​១៨ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ដូច្នេះ​លោក​បាន​កែ​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​ភ្លាមៗ​ថា លោក​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ជំនួស​វិញ។

ទោះជាយ៉ាងណា លោក ហ៊ុន សែន បាន​បញ្ជាក់​ក្នុង Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ក្នុង​ចំណោម​មេដឹកនាំ​អាស៊ាន ប្រហែល​មាន​តែ​លោក​ម្នាក់​ទេ​ដែល​ធ្វើ​ចត្តាឡីស័ក​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ ៣​ដង​ក្នុង​រយៈពេល ៨​ខែ ហើយ​លោក​សង្ឃឹម​ថា​នឹង​ពុំ​មាន​លើក​ទី​៤ ទៀត​ទេ។

លោក​ថា ដើម្បី​ធានា​ថា​ពុំ​មាន​លើក​ទី​៤ មនុស្ស​ដែល​ត្រូវ​ជួប​លោក​ត្រូវ​បាន​ធ្វើ​តេស្ដ​ជា​មុន​យ៉ាងហោចណាស់ គឺ​ការ​ធ្វើ​តេស្ដ​រហ័ស និង​កាន់តែ​ធានា​សម្រាប់​ទាំងអស់ គឺ​ការ​មិន​ជួប​គ្នា​ដោយ​ផ្ទាល់ និង​ជំនួស​ដោយ​ការ​ជួប​គ្នា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​វិញ។

ការប្រកាស​ធ្វើ​ចត្តាឡីស័ក​របស់​លោក ហ៊ុន សែន កន្លង​មក​នេះ ត្រូវ​បាន​អ្នក​តាមដាន​សង្គម​មើលឃើញ​ថា មិន​សម​ទាល់តែសោះ​នៅ​ពេល​ដែល​លោក​ប្រកាស​លុបចោល​ជំនួប​មន្ត្រី​ការទូត​អង់គ្លេស ត្រឹមតែ ១​ថ្ងៃ​បន្ទាប់ពី​ជួប​ទូត​បារាំង ទាំង​នៅ​ពេល​ដែល​លោក ហ៊ុន សែន មិន​មាន​កម្មវិធី​ជួប​អ្នកណា​សោះ​ក្រោយ​ជំនួប​ជាមួយ​ទូត​បារាំង អ្នកស្រី Eva Nguyen Binh៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស