33 C
Phnom Penh

ស្ថានទូត​អាមេរិក៖ ទិវា​ឯករាជ្យ​របស់​អាមេរិក​ជា​ការ​ជំរុញ​ទឹកចិត្ត​មនុស្ស​លើ​លោក​ស្វែងរក​សេរីភាព​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លើកឡើង​ថា ទិវា​ឯករាជ្យ​របស់​អាមេរិក គឺជា​ការ​ជំរុញ​ទឹកចិត្ត​របស់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ស្វែងរក​សេរីភាព និង​សិទ្ធិ​ជា​សាកល​របស់​ខ្លួន ជាពិសេស​គឺ​សិទ្ធិ​ជ្រើសរើស​រដ្ឋាភិបាល​មួយ​ដែល​ជា​រដ្ឋាភិបាល​កើតឡើង​ដោយ​ប្រជាជន​របស់​ប្រជាជន និង​ដើម្បី​ប្រជាជន។

ស្ថានទូត​អាមេរិក បាន​លើកឡើង​បែប​នេះ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២៤៥​ឆ្នាំ​នៃ​ទិវា​ឯករាជ្យ​សហរដ្ឋ​អាមេរិក ដែល​បាន​រៀបចំ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១ ថា ចាប់តាំង​ពី​ឆ្នាំ​១៧៧៦ មក សហរដ្ឋ​អាមេរិក​បាន​ខិតខំ​ធ្វើ​ឲ្យ​ប្រទេស​ដែល​ត្រូវ​បាន​បង្កើត​ថ្មី​មួយ​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​ជា​លំដាប់​ក្នុង​ការ​លើកស្ទួយ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ។

លោក​អះអាង​ថា ពលរដ្ឋ​អាមេរិកាំង​មាន​មោទកភាព​ដែល​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ និង​ការពារ​សិទ្ធិ​ដែល​មនុស្ស​ទាំងអស់​គួរតែ​មាន ដូចជា​សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា សិទ្ធិ​ក្នុង​ជំនឿ​សាសនា និង​សិទ្ធិ​ទទួល​បាន​ដំណើរការ​ជំនុំ​ជម្រះ​ក្តី​ត្រឹមត្រូវ​ក្នុង​ផ្លូវ​តុលាការ ជាដើម។

លោក​បញ្ជាក់​ថា មនុស្ស​ទាំងអស់​មាន​ភាព​ស្មើៗ​គ្នា ហើយ​នៅ​ទីបំផុត គំនិត​នេះ​បាន​បំផុស​ទឹកចិត្ត​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ស្វែងរក​សេរីភាព សមភាព​របស់​ពួកគេ​គ្រប់ៗ​គ្នា ដើម្បី​ទទួល​បាន​សិទ្ធិ​ពេញលេញ និង​ជាពិសេស​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន។

បន្ថែម​ពី​នេះ ស្ថានទូត​អាមេរិក​ក៏​បាន​បង្ហោះ​វីដេអូ​លើ​ទំព័រ Facebook ផ្លូវការ​របស់​ខ្លួន​ស្ដីពី​ថ្ងៃ​បុណ្យ​ឯករាជ្យ ការ​ដើរ​ក្បួន​កាន់​ទង់ជាតិ​ដោយ​កង​ទាហាន​ម៉ារីន​អាមេរិក ការ​ច្រៀង​បទ​ភ្លេងជាតិ​សហរដ្ឋ​អាមេរិក និង​ចម្រៀង​ជាតិ​កម្ពុជា ដែល​សម្ដែង​ដោយ​អ្នក​ចម្រៀង​កម្ពុជា និង​ការ​ថ្លែង​សារ​របស់​លោក W. Patrick Murphy ទាក់ទិន​នឹង​ទិវា​​​នេះ​ផង​ដែរ។

សហរដ្ឋ​អាមេរិក ឬ United States of America ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ​ដំបូង​បង្អស់​ចំនួន​១៣ ដូចជា រដ្ឋ Delaware រដ្ឋ Pennsylvania និង​រដ្ឋ Massachusetts ជាដើម កាលពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​១៧៧៦ ដែល​ជា​ថ្ងៃ​ប្រកាស​ឯករាជ្យ​របស់​ខ្លួន បន្ទាប់ពី​ពួកគេ​ប្រកាស​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស រួច​មក។

ក្រោយ​ពី​ទទួល​បាន​ឯករាជ្យ​ពេញលេញ សភា​អាមេរិក​បាន​កោះ​ប្រជុំ​តំណាង​រដ្ឋ​ទាំង​១៣ ដើម្បី​តាក់តែង​រដ្ឋធម្មនុញ្ញ កំណត់​របប​នយោបាយ​ប្រទេស​របស់​ពួកគេ ដែល​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការរៀបចំ​រដ្ឋបាល​កណ្តាល​ដ៏​រឹងមាំ​មួយ ដែល​អាច​រក្សា​ស្ថិរភាព​សហរដ្ឋ​មួយ​នេះ​ឲ្យ​មាន​ភាព​រឹងមាំ និង​ខ្លាំងក្លា​យូរ​អង្វែង​តទៅ​អនាគត។

ក្រោយ​ការ​ចូល​ជាធរមាន​នៃ​រដ្ឋធម្មនុញ្ញ សហរដ្ឋ​អាមេរិក​បាន​ស្គាល់​នូវ​ការផ្លាស់ប្ដូរ​ជាច្រើន​រាប់​មិន​អស់ ចាប់តាំង​ពី​ប្រទេស​ដែល​មាន​ទឹកដី​មួយ​ចម្រៀក​តូច ទៅជា​ប្រទេស​ដែល​មាន​ទឹកដី​លាតសន្ធឹង​ល្វឹងល្វើយ​រហូត​ដល់​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក ដែល​មាន​ចំនួន ១៣​រដ្ឋ​ប៉ុណ្ណោះ​នៅ​គ្រាដំបូង ប៉ុន្តែ​បាន​កើន​ឡើង​រហូត​ដល់ ៥០​រដ្ឋ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ទោះ​ជា​មាន​ការផ្លាស់ប្ដូរ​ទៅ​រក​ការ​រីកចម្រើន​យ៉ាងណា​ក្តី រដ្ឋធម្មនុញ្ញ និង​របប​នយោបាយ គឺ​នៅ​ស្ថិតស្ថេរ​ជានិច្ច បើ​ទោះបីជា​អាមេរិក​បាន​ធ្វើ​វិសោធនកម្ម​បន្ថែម​ជំពូក និង​មាត្រា​ថ្មីៗ​លើ​ធម្មនុញ្ញ​របស់​ខ្លួន​ដល់​ទៅ​ចំនួន ២៧​លើក​ក៏ដោយ ប៉ុន្តែ​គោល​គំនិត​នៃ​រដ្ឋធម្មនុញ្ញ​ដើម​នៅតែ​ស្ថិត​ជា​ធរមាន​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស