34 C
Phnom Penh

ស្ថានទូត​សហរដ្ឋ​អាមេរិក​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំណាល​ពេល​ដែល​រដ្ឋអំណាច​ខ្មែរ​ចាប់​អ្នក​នយោបាយ និង​សកម្មជន​សង្គម​នានា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ចប់​អាណត្តិ លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្ត​គោរព​សិទ្ធិមនុស្ស​ដើម្បី​លើក​កម្ពស់​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ខណៈ​សហរដ្ឋ​អាមេរិក​នឹង​នៅតែ​ជា​មិត្ត​ជា​រៀង​រហូត​ចំពោះ​ប្រជាជន​ប្រទេស​កម្ពុជា​ត​ទៅ​ថ្ងៃ​អនាគត។

គួរ​រំឭក​ថា អ្នក​សង្កេតការណ៍​បស្ចិម​ប្រទេស​ធ្លាប់​ហៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ថា​និយាយ​ច្រំដែលៗ​បាំង​ស្ទើរ​ពាំត្រណោត​រាប់​ឆ្នាំ ហាក់ដូចជា​ខ្លាច​រាជរដ្ឋាភិបាល​ខ្មែរ​អាក់អន់​ចិត្ត​ទៅ​វិញ គឺ​គ្មាន​ប្រឹងប្រែង​ខ្នះខ្នែង​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ។

លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា ប្រទេស​កម្ពុជា​អាច​លើក​កម្ពស់​មុខមាត់​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ និង​ទំនាក់ទំនង​ទ្វេភាគី ដោយ​ការ​បង្ហាញ​ចេញ​នូវ​ការ​ប្ដេជ្ញាចិត្ត​យូរ​អង្វែង​ចំពោះ​សិទ្ធិមនុស្ស​យូរ​អង្វែង។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​លើកឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​ជាប់លាប់​នានា​ជាមួយ​ប្រទេស​កម្ពុជា​នៅ​ក្នុង​វិស័យ​ជាច្រើន ដូចជា ជំនួយ​បរទេស ការ​ការពារ​កុមារ ការ​អភិរក្ស​វប្បធម៌ និង​ការ​អនុវត្ត​នូវ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង និង​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើការ​ជា​បន្ត​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​វិជ្ជមាន​ផង​ដែរ។

លោក ប៉ាទ្រីក ម័រហ្វី បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅតែ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​វិបុលភាព លទ្ធិប្រជាធិបតេយ្យ ឯករាជ្យ ដែល​ក្នុង​នោះ សំឡេង​ទាំងអស់​ត្រូវ​បាន​គេ​ស្តាប់ ហើយ​ត្រូវ​បាន​គេ​គោរព។ ជាង​នេះ​ទៀត សហរដ្ឋ​អាមេរិក​នឹង​នៅតែ​ជា​មិត្ត​ជាមួយ​ប្រជាជន​កម្ពុជា និង​សេចក្តី​ប្រាថ្នា​របស់​ពួកគេ​ជា​រៀង​រហូត។

កាលពី​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត នៅ​វិមាន​សន្តិភាព ក្នុង​ឱកាស​ដែល​លោក​ត្រូវ​បញ្ចប់​អាណត្តិ​ការងារ​ទូត​របស់​ខ្លួន​នៅ​កម្ពុជា​រយៈពេល ៥​ឆ្នាំ ដែល​នឹង​ត្រូវ​វិលត្រឡប់​ទៅ​អាមេរិក​វិញ​នៅ​ខែ​ឧសភា នេះ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះ​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៧ ឧសភា ថា ក្នុង​ជំនួប​របស់​លោក និង​លោក ប៉ាទ្រីក ម័រហ្វី បាន​ជជែក​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​មួយ​ចំនួន ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល វិស័យ បោស​សម្អាត​មីន និង​វិស័យ​សំខាន់ៗ​ផ្សេង​ទៀត។ ដូច្នេះ​គេ​មិន​បាន​និយាយ​អំពី​រឿង​សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ យុត្តិធម៌​អ្វី​ទេ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-សហរដ្ឋ​អាមេរិក​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី។

លោក​បន្ថែម​ថា កម្ពុជា​នៅតែ​រក្សា​គោលនយោបាយ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ដោយ​ឈរ​លើ​សេចក្តី​ស្មោះត្រង់​ទៅវិញ​ទៅមក និង​យូរ​អង្វែង ប៉ុន្តែ​លោក​មិន​បាន​លើកឡើង​អំពី​ការ​ពិភាក្សា​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​កែលំអ​រឿង​សិទ្ធិមនុស្ស​ដែល​បាន​ជជែក​គ្នា​ក្នុង​ជំនួប​នេះ​ទេ។

ទាក់ទិន​នឹង​ការ​រឹតត្បិត​សេរីភាព​នៅ​កម្ពុជា ក្នុង​កិច្ចប្រជុំ​ដំណើរការ​ពិនិត្យ​ឡើងវិញ​ជា​សកល​តាម​កាលកំណត់ (UNPR) នៃ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ បណ្ដា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ជាច្រើន​នៅ​លើ​ពិភពលោក បាន​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ចាស់ដៃ។ ប្រទេស​ទាំងនោះ​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​កាន់តែ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។

ប្រភព​ដដែល​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើយ ដូចជា សិទ្ធិ​ជា​មូលដ្ឋាន សិទ្ធិ​នយោបាយ សិទ្ធិ​ជួបជុំ សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ជាដើម។

ក្នុង​កិច្ចប្រជុំ​នេះ សហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកទោស​នយោបាយ និង​អ្នកទោស​មនសិការ ជាពិសេស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាដើម។ ជាង​នេះ​ទៀត បណ្តា​ប្រទេស​ទាំងនោះ​ក៏​បាន​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល ត្រូវតែ​ធានា​ឱ្យ​បាន​នូវ​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​កែលំអ​ប្រព័ន្ធ​តុលាការ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ថែម​ទៀត។

រយៈពេល ៥​ឆ្នាំ​ក្នុង​ភារ​បំពេញ​កិច្ចការ​ទូត លោក ប៉ាទ្រីក ម័រហ្វី បាន​ធ្វើការ​ជាមួយ​នាយករដ្ឋមន្ត្រី ២​រូប គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅតែ​មិន​មាន​ភាព​ប្រសើរ​ឡើង។

ជុំវិញ​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា លោក ប៉ាទ្រីក ម័រហ្វី តែងតែ​ស្នើ​ទៅ​កាន់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស រួម​ទាំង​ដោះលែង​អ្នកទោស​មនសិការ​ជាបន្តបន្ទាប់ ប៉ុន្តែ​រដ្ឋាភិបាល​បន្ត​ពូជ​មួយ​នេះ​មិន​កែប្រែ​ការ​ដឹកនាំ​របស់​ខ្លួន​ឡើយ។

សម្រាប់​អាណត្តិ​បន្ទាប់ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី គឺ​លោក រ៉ូបើត ហ្វតដេន (Robert Forden) នឹង​ត្រូវ​មក​ជំនួស​លោក ប៉ាទ្រីក ម័រហ្វី។ លោក រ៉ូបើត ហ្វតដេន (Robert Forden) ធ្លាប់​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៤ ថា លោក​នឹង​ខិតខំ​ចូលរួម​ស្ដារ​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ទៀត។

លោក រ៉ូបើត ហ្វតដេន បញ្ជាក់​ថា ការ​ដើរ​ថយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​បណ្តាល​ឱ្យ​មាន​ឧបសគ្គ​ជាច្រើន​ដល់​ការ​អនុវត្ត​សិទ្ធិមនុស្ស ដូចជា ការ​កាត់ទោស​ពី​បទ «ក្បត់​ជាតិ» លើ​មេដឹកនាំ​គណបក្ស​នយោបាយ​ប្រឆាំង លោក កឹម សុខា និង​ការ​ដាក់​ពន្ធនាគារ​លើ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ព្រមទាំង​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ សព្វថ្ងៃ​នេះ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស