30 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល៖ ការ​លើកឡើង​ពី​អធិបតេយ្យភាព​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ គឺ​ផ្ទុយពី​ការពិត​ទាំងស្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​បាន​ទាត់ចោល​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​អះអាង​ថា ជំនួយ​របស់​មិត្ត​ចិន អាច​ជួយ​ពង្រឹង​ឯករាជភាព​របស់​កម្ពុជា​នោះ គឺជា​ការ​និយាយ​ខុស​ពី​ការពិត​នៃ​ខ្លឹមសារ​ឯករាជភាព​របស់​ជាតិ​ទាំងស្រុង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​រិះគន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន និង​បក្ស​នយោបាយ​លើ​ពិភពលោក ថា​ជំនួយ​ចិន មិន​ត្រឹមតែ​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​នូវ​ឯករាជភាព​ខាង​នយោបាយ​ទៀត​ផង។

លោក ហ៊ុន សែន បញ្ជាក់​ថា ប្រទេស​តូចតាច និង​ប្រទេស​ក្រីក្រ​ត្រូវការ​ឯករាជភាព​របស់​ខ្លួន ដើម្បី​ចៀសវាង​នូវ​ការ​បង្គាប់​បញ្ជា និង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​បរទេស​ខាងក្រៅ។

ទោះជាយ៉ាងណាក៏ដោយ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ កក្កដា នេះ​ថា ឯករាជភាព​ជាតិ​របស់​កម្ពុជា មិន​អាច​កើត​មាន​ដោយសារតែ​ជំនួយ​របស់​បរទេស​នោះ​ទេ តែ​ផ្ទុយទៅវិញ ឯករាជភាព​នេះ​គឺ​ពឹង​តែ​ទៅលើ​ការ​អនុវត្ត​ផ្លូវ​ច្បាប់ និង​ភាព​ខ្លាំង​របស់​កម្ពុជា​ខ្លួនឯង​ប៉ុណ្ណោះ។

លោក​អះអាង​ថា បើ​កម្ពុជា​នៅតែ​ស្រេកឃ្លាន​ជំនួយ​បរទេស​ដោយ​គ្មាន​គោលការណ៍​ច្បាប់​ច្បាស់លាស់ និង​ភាព​រឹងមាំ​ដូច​លោក ហ៊ុន សែន ធ្វើ​សព្វថ្ងៃ​នេះ វា​មិនមែន​ត្រឹមតែ​បង្ហាញ​ពី​ភាព​គ្មាន​ឯករាជ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​មួយ​នេះ​កំពុងតែ​បំផ្លាញ​ឯករាជ្យ​របស់​ខ្លួន ក្រោម​ជំនួយ​ប្រកប​ដោយ​ល្បិច​កល​ទាំងនោះ​ទៅវិញ។

លោក​បញ្ជាក់​ថា កម្ពុជា​មិន​អាច​ពឹង​ចិន ឬ​ប្រទេស​ណា​ឲ្យ​ជួយ​ផ្តល់​ភាព​ឯករាជ្យ​ឲ្យ​ខ្លួន​បាន​ទេ ក្រៅតែ​ពី​ការ​ពឹង​ខ្លួនឯង ដោយ​ការ​រឹតចំណង​ការទូត​ឲ្យ​បាន​ល្អ មិន​ធ្វើ​ជា​ទាសករ​ឲ្យ​ប្រទេស​កុម្មុយនីស្ត ឬ​ប្រទេស​សេរី​ណាមួយ​ឡើយ ហើយ​ក៏​មិន​បង្ក​សត្រូវ​ជាមួយ​ប្រទេស​ទាំងនោះ​ដែរ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​ច្បាប់​អន្តរជាតិ ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ការពារ​ការ​រំលោភ​បំពាន​ពី​បរទេស​ជិតខាង​តាម​គ្រប់​រូបភាព នោះ​ទើប​កម្ពុជា​មាន​ឯករាជភាព​ជាតិ​ស្ថិតស្ថេរ​ជា​រៀង​រហូត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​អះអាង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្ដីពី​អនាគត​របស់​អាស៊ី ថា​បើ​មិន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ពឹង​មហាអំណាច​ចិន តើ​ឲ្យ​កម្ពុជា​ទៅ​ពឹង​បរទេស​មួយ​ណា ខណៈ​ប្រទេស​ចិន បាន​ផ្តល់​ជំនួយ​ជាច្រើន​ដល់​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

យ៉ាងណាក៏ដោយ ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​ឧបការី​ការបរទេស​អាមេរិក​អ្នកស្រី Wendy Sherman កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ បាន​ក្រើន​រំឭក​រដ្ឋាភិបាល​កម្ពុជា ថា​បើ​កម្ពុជា​មិន​រក្សា​ជំហរ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ គឺ​មានន័យ​ថា កម្ពុជា​កំពុង​មើលស្រាល​អធិបតេយ្យភាព និង​ឯករាជភាព​របស់​ខ្លួនឯង ហើយ​ក៏​ជា​ការ​បង្ក​ឲ្យ​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​កម្ពុជា-អាមេរិក​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក ម៉ាក អេស្ពើរ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​តាម​បណ្ដាញ​អ៊ីនធឺណិត ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២១ ថា សូម​កម្ពុជា កុំ​នៅ​ក្រោម​ឥទ្ធិពល​របស់​ចិន​បន្ត​ទៀត ព្រោះ​បញ្ហា​នេះ​នឹង​នាំ​ឲ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យភាព និង​ឯករាជភាព​របស់​ខ្លួន​ទាំងស្រុង​ជាមិនខាន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា បើ​កម្ពុជា​នៅតែ​ជា​ប្រទេស​ទន់ខ្សោយ កុំ​ថា​ឡើយ​និយាយ​ពី​ឯករាជ្យ អព្យាក្រឹត្យ និង​អធិបតេយ្យភាព​ជាតិ សូម្បីតែ​សំពះ​សុំ​សន្តិភាព​ពី​គេ​ក៏​មិន​ប្រាកដ​ថា​គេ​ឱ្យ​កម្ពុជា​បាន​សុខ​ដែរ ដូច្នេះ​ដើម្បី​ឲ្យ​កម្ពុជា​ខ្លាំង កម្ពុជា​ត្រូវតែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្បាប់​ខ្លាំង សេដ្ឋកិច្ច​ខ្លាំង និង​នយោបាយ​ការទូត​ខ្លាំង ជាដើម នោះ​ទើប​កម្ពុជា​អាច​និយាយ​ពី​ឯករាជ្យ អព្យាក្រឹត្យ និង​អធិបតេយ្យភាព​ជាតិ​ដោយ​ស្មើ​មុខ​ជាមួយ​ប្រទេស​ជិតខាង​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស