28.4 C
Phnom Penh

វ៉ាក់សាំង​កូវីដ​ល្បី​មាន​ប្រសិទ្ធភាព​ជាង​គេ​របស់​អាមេរិក​មក​ដល់​ប្រទេស​បី​មុន​គេ​នៅ​អាស៊ី​អាគ្នេយ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​សន្យា​ថា អាមេរិក​ពិត​ណាស់​ត្រូវតែ​ជួយ​ប្រទេស​ដែល​ត្រូវការ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ហើយ​ថា​ជំនួយ​របស់​អាមេរិក​មិនមែន​ជា​ថ្នូរ​ដើម្បី​ផលប្រយោជន៍​អ្វី​ឡើយ។

ការដែល​ប្រធានាធិបតី​អាមេរិក​ពោល​ដូចនេះ គឺ​ចំ​ពេល​មាន​ការរិះគន់​អាមេរិក​ថា​មិន​បាន​ជួយ​ដល់​ប្រទេស​ក្រីក្រ​ដែល​កំពុង​ធ្លាក់​ក្នុង​ការ​រាតត្បាត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩ ហើយ​ក៏​ចំ​ពេល​ចិន សម្រុក​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ ទោះ​ជា​ដឹង​ថា​វ៉ាក់សាំង​របស់​ចិន ពុំ​សូវ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ក៏ដោយ ក៏​បណ្ដា​ប្រទេស​ក្រីក្រ​នៅតែ​ទទួល​យក​ដើម្បី​ចាក់​ឲ្យ​ពលរដ្ឋ​របស់​ពួកគេ។ ប៉ុន្តែ​វ៉ាក់សាំង​របស់​ប្រទេស​ចិន ត្រូវ​បាន​មើល​ឃើញ​ថា ច្រើន​តែ​ជា​ជំនួយ​មាន​ថ្នូរ​នឹង​អ្វី​មួយ។

វ៉ាក់សាំង​របស់​ចិន មាន​ពីរ​ប្រភេទ​ដែល​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន និង​ក្នុង​ប្រទេស​ចិន គឺ Sinopharm និង Sinovac។

សម្រាប់​ប្រទេស​ក្នុង​សមាគម​អាស៊ាន គឺ​ប្រទេស​ខ្លះ​ដែល​រង​ឥទ្ធិពល​ចិន គឺ​ដូចជា​កាតព្វកិច្ច​ទៅ​ហើយ​ក្នុង​ការ​ទទួល​យក​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន គឺ​ថែមទាំង​បញ្ចេញ​ថវិកា​ទិញ​ទៀត​ផង ទោះ​ជា​ដឹង​ថា​វ៉ាក់សាំង​នោះ​ពុំ​មាន​ប្រសិទ្ធភាព​ខ្លាំង​ក៏ដោយ។

ចំពោះ​វៀតណាម ជា​ប្រទេស​ដែល​មិន​បាន​ខ្នះខ្នែង​ច្រើន​ទេ​ក្នុង​ការ​ទិញ ឬ​សុំ​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន ទោះបី​ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ចិន ក៏ដោយ។ ប្រទេស​សង្គម​និយម​មួយ​នេះ បែរជា​សុំ​ទិញ និង​សុំ​ជំនួយ​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក​ទៅវិញ។

ឥឡូវ​នេះ​ឃើញ​ថា ប្រទេស​ចំនួន​៣ នៅ​អាស៊ី​អាគ្នេយ៍​ចាប់ផ្ដើម​ទទួល​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក គឺ​វ៉ាក់សាំង Moderna។ ប្រទេស​៣ នេះ មាន​វៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។

ចំណែក​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​អាមេរិក​ចំនួន ៨០​លាន​ដូស​ដំបូង​នេះ រួម​មាន​ប្រទេស​កម្ពុជា ថៃ ឡាវ ហ្វីលីពីន តំបន់​អាស៊ី​ខាងត្បូង និង​ប៉ាស៊ីហ្វិក។

វ៉ាក់សាំង Moderna ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ផ្តល់​ថ្នាំ​វ៉ាក់សាំង ៨០​លាន​ដូស​ដំបូង​ដែល​លោក​ប្រធានាធិបតី ចូ បៃដិន បាន​សន្យា​ថា​នឹង​ផ្ដល់​ឱ្យ​ទូទាំង​ពិភពលោក នឹង​ដឹក​ទៅ​ដល់​ប្រទេស​វៀតណាម នៅ​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​វ៉ាក់សាំង​មួយ​លាន​ដូស​ទើប​ត្រូវ​បាន​អាមេរិក​បញ្ជូន​ទៅដល់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ ទី​៥ ខែ​កក្កដា ហើយ​ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ចែកចាយ​វ៉ាក់សាំង​ចំនួន ៤​លាន​ដូស​ជាបន្ទាន់​ទៅដល់​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​និយាយ​ថា ការ​បញ្ជូន​វ៉ាក់សាំង​ទៅ​ឲ្យ​វៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ធ្វើ​ឡើង​តាមរយៈ​កម្មវិធី​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដែល​មាន​គោលបំណង​បញ្ចប់​ការ​រាតត្បាត​កូ​វីដ​នៅ​ទូទាំង​ពិភពលោក។

ប៉ុន្តែ​វៀតណាម ទោះ​ជា​ប្រទេស​កុម្មុយនីស្ត​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ចិន ត្រូវ​បាន​អាមេរិក ចាត់ទុក​ជា​ប្រទេស​អាទិភាព​មួយ​ដែរ ហើយ​ជា​ប្រទេស​គំរូ​ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​កូវីដ តាមរយៈ​ការពិនិត្យ តាមដាន និង​ការ​ចាត់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​យ៉ាង​ម៉ត់ចត់។

រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​រាយការណ៍​ថា មាន​អ្នក​ស្លាប់​តែ ៩០​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ​សរុប​ចំនួន ២​ម៉ឺន ១​ពាន់​ករណី បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​ដែល​មាន​អ្នក​ឆ្លង និង​ស្លាប់​ដ៏​ច្រើន រួម​ទាំង​កម្ពុជា​ផង​ដែរ។

ប្រទេស​វៀតណាម ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ៩៧​លាន​នាក់ គឺ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​មាន​ការ​ឆ្លង​កូវីដ​កើន​ឡើង​យ៉ាង​ខ្លាំង។

ក្រសួង​សុខាភិបាល​វៀតណាម បាន​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​៥ កក្កដា ឆ្នាំ​២០២១ នេះ វ៉ាក់សាំង​ប្រមាណ ៣​លាន ៩​សែន​ដូស ត្រូវ​បាន​អាជ្ញាធរ​ចែកចាយ​ដើម្បី​ចាក់​ជូន​ប្រជាជន​នៅ​ទូទាំង​ប្រទេស ដែល​ក្នុង​នោះ​មាន​មនុស្ស​ចំនួន ២២​ម៉ឺន ៦​ពាន់​នាក់​បាន​ទទួល​ថ្នាំបង្ការ​កូវីដ​ចំនួន​ពីរ​ដូស។

សហរដ្ឋ​អាមេរិក ជា​ប្រទេស​ដែល​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​ក្នុង​រលក​ទី​មួយ​នៃ​ការ​រាតត្បាត​ជំងឺ​ផ្លូវ​ដង្ហើម ដែល​គេ​ហៅថា​មេរោគ​កូរ៉ូណា ចេញ​ដំបូង​ពី​ទីក្រុង​វ៉ូហាន ប្រទេស​ចិន ដោយ​វា​បាន​ឆ្លង​រាតត្បាត​ពេញ​ពិភពលោក។

សម្រាប់​សហរដ្ឋ​អាមេរិក ចំនួន​ករណី​ឆ្លង COVID-19 នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​កើន​ឡើង​ដល់​ជាង ៣៤​លាន​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​ជាង ៦​សែន ២​ម៉ឺន​នាក់ និង​ជាសះស្បើយ​ជាង ២៩​លាន​នាក់។ ចំនួន​ប្រជាជន​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក គឺ​ជាង ៣៣២​លាន​នាក់។

គិត​ត្រឹម​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១ សហរដ្ឋ​អាមេរិក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជាង ៣៣១​លាន​ដូស​ហើយ​ជូន​ដល់​ប្រជាជន​ទូទាំង​ប្រទេស។ តាម​តួលេខ​នេះ សហរដ្ឋ​អាមេរិក បាន​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​របស់​អាមេរិក និង​ពលរដ្ឋ​ប្រទេស​ផ្សេងៗ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​អាមេរិក បាន​ជិត​សព្វគ្រប់​អស់​ហើយ គឺ​នៅសល់​តែ​ការ​បិទ​បញ្ចប់​ប៉ុណ្ណោះ។ សហរដ្ឋ​អាមេរិក​កំពុង​ប្រើប្រាស់​វ៉ាក់សាំង ៣​ប្រភេទ គឺ Pfizer, Moderna និង Johnson & Johnson។

វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ទាំង​៣​ប្រភេទ​នេះ មាន​ប្រសិទ្ធភាព​ជិត ១០០%។ វ៉ាក់សាំង​នេះ ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក ទទួលស្គាល់​មុន​គេ​ជាមួយ​នឹង​វ៉ាក់សាំង AstraZeneca របស់​ប្រទេស​អង់គ្លេស។

ចំណែក​វ៉ាក់សាំង​ចិន Sinopharm និង Sinovac នៅ​មិនទាន់​ច្បាស់​ថា​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ភាគរយ​នោះ​ទេ។

ចំពោះ​ដែន​កោះ​តៃវ៉ាន់ ដែល​ចិន​ដាក់​ផែនការ​នឹង​យក​មក​គ្រប់គ្រង​នៅ​ក្រោម​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ ឬ​ក៏​លើក​កងទ័ព​ចូល​កាន់កាប់ គឺ​ដែន​កោះ​នេះ​បាន​ប្រកាស​ដាច់ខាត​មិន​ទទួល​យក​វ៉ាក់សាំង​របស់​ប្រទេស​ចិន​នោះ​ទេ។

សម្រាប់​ដែន​កោះ​មួយ​នេះ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​វ៉ាក់សាំង ២​លាន ៥​សែន​ដូស​ហើយ​កាលពី​មួយ​ខែ​មក​នេះ។

ចំណែក​ដែនដី​ហុងកុង វិញ គឺ​មាន​ប្រជាជន​តិចតួច​ប៉ុណ្ណោះ​បាន​ចាក់​វ៉ាក់សាំង​ចិន ខណៈ​ពួកគេ​ត្រូវការ​វ៉ាក់សាំង​របស់​ប្រទេស​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស