34.8 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​កំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​យូរអង្វែង​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​ប្រទេស​អូស្ត្រាលី អះអាង​ថា អូស្ត្រាលី​កំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​អភិវឌ្ឍ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​អូស្ត្រាលី​ក៏​កំពុង​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ​ទៀត​ផង។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី Marise Payne បាន​សរសេរ​លើ​គណនី Facebook របស់​អ្នកស្រី​កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ក្នុង​នាម​ជា​ដៃគូ​យូរអង្វែង ប្រទេស​អូស្ត្រាលី​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកស្រី​លើកឡើង​ថា អ្នកស្រី​បាន​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន អំពី​ការ​ព្រួយបារម្ភ​រួមគ្នា​ករណី​វិបត្តិ​នយោបាយ និង​អំពើ​ហិង្សា​ក្នុង​ប្រទេស​ភូមា និង​បញ្ហា​ប្រឈម​នៃ​ជំងឺ COVID-19 ផង​ដែរ ហើយ​អូស្ត្រាលី ក៏​កំពុង​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា នៅ​ពេល​ដែល​កម្ពុជា​ដើរ​តួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ខាងមុខ​ថែមទៀត។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា នេះ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវតែ​ពិចារណា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​កម្ពុជា​ជាបន្ទាន់ ព្រោះ​ថា​ពេល​នេះ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចាប់ផ្តើម​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាបន្តបន្ទាប់​ហើយ។

លោក​អះអាង​ថា ប្រទេស​លោកសេរី​នឹង​មិន​បណ្តែត​បណ្តោយ​ឲ្យ​កម្ពុជា​ឃ្លាត​ពី​គន្លង​ប្រជាធិបតេយ្យ​នោះ​ទេ ព្រោះ​ថា​បើ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​គន្លង​របស់​កុម្មុយនីស្ត នោះ​នឹង​នាំ​ឲ្យ​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​យ៉ាង​ធ្ងន់ធ្ងរ​ជាមិនខាន។

លោក​ថា ជាក់ស្តែង​មហាអំណាច​ចិន កំពុង​ព្យាយាម​លូកដៃ​យ៉ាង​ជ្រៅ​ចូល​ក្នុង​កិច្ចការ​នយោបាយ​របស់​អាស៊ាន​ដែល​ជាប់​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​វិបត្តិ​នៅ​ភូមា ជាដើម ជាពិសេស​គឺ​ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា-ចិន តែម្តង។

លោក ម៉ែន ណាត បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប្រទេស​លោកសេរី​ត្រូវតែ​ជំរុញ​កម្ពុជា​ឲ្យ​វិល​ទៅ​រក​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ព្រោះ​ថា​វា​មាន​សារសំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​ជាតិ​របស់​ខ្លួន។ ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បើក​លំហ​សេរី​ឡើងវិញ ក្នុង​នោះ​ត្រូវ​ដោះលែង​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា និង​អ្នកទោស​មនសិការ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ទាំងអស់ ដូចជា​លោក រ៉ុង ឈុន ជាដើម ដោយ​គ្មាន​លក្ខខណ្ឌ។

លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​កម្ពុជា​អាច​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​មាន​ប្រក្រតីភាព​ឡើងវិញ កម្ពុជា​ត្រូវតែ​រក​ការផ្សះផ្សា និង​ឯកភាព​ជាតិ​ឲ្យ​បាន​ឆាប់ ត្បិត​ការ​ឯកភាព​ជាតិ​នេះ​មាន​សារសំខាន់​ក្នុង​ការ​ការពារ​ឯករាជភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ដើម្បី​បញ្ឈប់​ការឈ្លានពាន និង​លែង​បន្ត​នយោបាយ​ពឹងផ្អែក​លើ​ជំនួយ​បរទេស​បន្ត​ទៀត។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា មួយ​រយៈ​ចុងក្រោយ​នេះ ប្រទេស​ដែល​មាន​ជំហរ​លទ្ធិប្រជាធិបតេយ្យ បាន​រំឭក​រដ្ឋាភិបាល​កម្ពុជា​ជាបន្តបន្ទាប់ ក្នុង​នោះ​រួម​មាន សហរដ្ឋ​អាមេរិក អង់គ្លេស និង​អូស្ត្រាលី ជាដើម ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្យាយាម​បង្ហាញ​សមានចិត្ត​គាំទ្រ​មហាអំណាច​ចិន យ៉ាង​ពេញ​ទំហឹង។

កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ ទាំង​ឧបការី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កម្ពុជា សុទ្ធតែ​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​កម្ពុជា​រក្សា​នូវ​គោល​នយោបាយ​ការបរទេស​ឯករាជ្យ​ដែល​មាន​តុល្យភាព ដើម្បី​ផលប្រយោជន៍​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​គឺ​ត្រូវ​ងាក​ទៅ​គោរព​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១​៩៩១ របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ឡើងវិញ។

យ៉ាងណាក៏ដោយ អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ធ្លាប់​បាន​អះអាង​ថា អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និង​នូវែលហ្សេឡង់ ដែល​គេ​ហៅថា​ក្រុម​លោក​ខាងលិច គឺជា​ក្រុម​តែ​មួយ ឬ​ក្រុម ៥​អាយ (5eyes) ដែល​ចង់​ដឹកនាំ​ពិភពលោក​តែ​គ្នា​ឯង​តែប៉ុណ្ណោះ ប៉ុន្តែ​ពួក​នេះ​តែង​នាំគ្នា​ប្រឆាំង​មហាអំណាច​ចិន ជាប់​ជានិច្ច ថែមទាំង​ព្យាយាម​តាម​បំផ្លាញ​ក្រុម​សម្ព័ន្ធមិត្ត​របស់​មហាអំណាច​ចិន ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស