វ៉ាក់សាំងរបស់អាមេរិកចំនួន ២លានដូសដែលបានទៅដល់ទីក្រុងហាណូយ កាលពីថ្ងៃទី១០ កក្កដា ត្រូវបានដាក់ឱ្យប្រើប្រាស់ទៅលើប្រជាជនវៀតណាម នៅតាមបណ្ដាទីប្រជុំជនធំៗ ជាពិសេសនៅទីក្រុងហូជីមិញ ដែលកំពុងផ្ទុះការឆ្លងជំងឺកូវីដធ្ងន់ធ្ងរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និយាយថា គ្រប់ទីប្រជុំជនគឺជាអាទិភាពនៃការទទួលបានវ៉ាក់សាំង ហើយយុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១០ កក្កដា នេះ គឺត្រូវតែធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
ពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំទៅ គឺជាអាទិភាពនៃការទទួលបានវ៉ាក់សាំង តែលោកបញ្ជាក់ថា ទីក្រុងហូជីមិញ គឺជាភូមិសាស្ត្រអាទិភាពជាងគេ ព្រោះស្ថានភាពកូវីដកំពុងធ្ងន់ធ្ងរ។ តែបែបណា រដ្ឋាភិបាលរបស់លោក Pham Minh Chinh ដែលបានសុំរដ្ឋការលោក ចូ បៃដិន ឆាប់បញ្ជូនវ៉ាក់សាំងឱ្យលឿនបំផុតដើម្បីចាក់ជូនពលរដ្ឋវៀតណាម គឺទីក្រុងវ៉ាស៊ីនតោន ចាត់ទុកជាអាទិភាព។
ក្នុងន័យនេះ លោកក៏បានអរគុណរដ្ឋាភិបាលលោក បៃដិន ដែលបានផ្ដល់វ៉ាក់សាំងឱ្យវៀតណាមទាន់ពេលវេលា។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters វ៉ាក់សាំងរបស់អាមេរិកចំនួន ២លានដូសនេះ បានមកដល់វៀតណាមតាមរយៈកម្មវិធីជំនួយរបស់អង្គការសុខភាពពិភពលោក Covax។ ប៉ុន្តែនេះជាផ្នែកមួយនៃជំនួយ ៨០លានដូសដំបូងរបស់រដ្ឋការលោក បៃដិន ដែលត្រូវផ្ដល់ឱ្យប្រទេសក្រីក្រ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាម គឺការរាតត្បាតនៃជំងឺកូវីដ-១៩ខ្លាំងនៅក្នុងប្រទេសនេះ ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែលជារលកថ្មីចុងក្រោយ។ ប្រជាជនវៀតណាម មានជាង ៩៨លាននាក់ ក្នុងនោះឆ្លងជំងឺកូវីដ ២៩៨៩២នាក់ ស្លាប់ ១២៣នាក់ និងជាសះស្បើយ ៩២៧៥នាក់។ តែចំនួននេះតិចជាងការឆ្លងនៅប្រទេសកម្ពុជា ដែលមានប្រជាជនជាង ១៦លាន ៥សែននាក់ ក្នុងនោះឆ្លងជំងឺកូវីដ ៦១៨៧០នាក់ និង ៥៣៤៧៧នាក់ជាសះស្បើយ ហើយស្លាប់ចំនួន ៩២៥នាក់។
កម្ពុជា បានទទួលវ៉ាក់សាំងច្រើនបំផុតពីប្រទេសចិន ដែលជាមហាមិត្តដែកថែបចំនួន ១០លានដូសជាអាទិភាព ហើយពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំង គឺភាគច្រើនជិត ៥០% បានចាក់វ៉ាក់សាំងទាំងលើកទី១ និងលើកទី២ នៃវ៉ាក់សាំងចិន ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់។
ចំណែកនៅប្រទេសវៀតណាមវិញ ទទួលបានជំនួយវ៉ាក់សាំង ៨លានដូសស្ថិតនៅក្រោមកម្មវិធីជំនួយរបស់អង្គការសុខភាពពិភពលោក Covax។
នៅវៀតណាម ដោយសារការឆ្លងកូវីដបានកើនឡើងខ្លាំងវិញ ហើយរដ្ឋាភិបាលបានសម្រេចចេញបទបញ្ជាឲ្យបិទខ្ទប់ទីក្រុងហូជីមិញ ដែលមានប្រជាជនប្រមាណ ៩លាននាក់។
ចាប់ពីថ្ងៃសុក្រ ទី៩ កក្កដា មក ប្រជាជនចំនួនប្រមាណ ៩លាននាក់ដែលរស់នៅក្នុងទីក្រុងហូជីមិញ នឹងត្រូវអាជ្ញាធរតម្រូវឲ្យស្នាក់នៅតែក្នុងផ្ទះរយៈពេលពីរសប្តាហ៍។ វិធានការនេះ ក្រោយពីអាជ្ញាធរវៀតណាម បានកត់ត្រាតួលេខឆ្លងកូវីដចំនួន ៨ពាន់ករណីនៅទីក្រុងហូជីមិញ នៃរលកឆ្លងកូវីដដំណាក់កាលឆ្លងថ្មីនេះ។
ក្នុងអំឡុងពេលបិទខ្ទប់ អ្នកក្រុងហូជីមិញ នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីផ្ទះតែក្នុងករណីចាំបាច់ដូចជា ទិញអាហារ ឬថ្នាំសង្កូវប៉ុណ្ណោះ។
កាលពីថ្ងៃពុធ ទី៧ កក្កដា ជាថ្ងៃដែលអភិបាលក្រុងហូជីមិញ ប្រកាសបិទខ្ទប់ក្រុង គេសង្កេតឃើញប្រជាជនវៀតណាម ភ័យស្លន់ស្លោសម្រុកចេញទៅទិញទំនិញស្បៀងអាហារបម្រុងទុក ខណៈផ្សារលក់ដុំធំៗចំនួន៣ ត្រូវបានបិទទ្វារ។
វៀតណាម ត្រូវបានទទួលស្គាល់ថាជាប្រទេសគំរូមួយក្នុងការចាត់វិធានការទប់ស្កាត់កូវីដ តាមរយៈការពិនិត្យ តាមដាន និងការចាត់ឲ្យធ្វើចត្តាឡីស័កយ៉ាងម៉ត់ចត់។
រដ្ឋាភិបាលវៀតណាម កំពុងព្យាយាមផលិតវ៉ាក់សាំងប្រឆាំងកូវីដដោយខ្លួនឯងផ្ទាល់ ហើយក៏បានបញ្ជាទិញផងដែរវ៉ាក់សាំងរាប់លានដូសពីបរទេស តែលើកលែងវ៉ាក់សាំងផលិតពីប្រទេសចិន ដែលប្រទេសនេះមិនព្រមទិញជាដាច់ខាត។
សម្រាប់វៀតណាម ដែលទទួលបានវ៉ាក់សាំងពីសហរដ្ឋអាមេរិក គឺជាវ៉ាក់សាំងមានប្រសិទ្ធភាពខ្លាំង និងមានសុវត្ថិភាព គឺជាប្រទេសអាទិភាពមួយនៃតំបន់អាស៊ីអាគ្នេយ៍ដូចនឹងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ផងដែរ ដែលបានទទួលវ៉ាក់សាំងពីអាមេរិកកាលពីក្នុងសប្ដាហ៍នេះ។
ប្រទេសឥណ្ឌូនេស៊ី ទទួលបានវ៉ាក់សាំង Moderna ចំនួន ៤លានដូស ហើយម៉ាឡេស៊ី ទទួលបានវ៉ាក់សាំងនេះ ១លានដូស។
សម្រាប់ប្រទេសនៃសមាគមអាស៊ានផ្សេងៗទៀត ក៏កំពុងរង់ចាំទទួលវ៉ាក់សាំងពីសហរដ្ឋអាមេរិកផងដែរ ទោះជាប្រទេសទាំងនោះទទួលបានវ៉ាក់សាំងពីប្រទេសចិន ក៏ដោយ។ ដោយឡែកប្រទេសកម្ពុជា គឺរដ្ឋាភិបាលប្រទេសនេះនៅមិនទាន់ឮថាសុំវ៉ាក់សាំងពីអាមេរិកនោះទេ ខណៈកំពុងប្រើប្រាស់វ៉ាក់សាំងចិន ចាក់ទៅលើប្រជាជននៅទូទាំងប្រទេស។
ប៉ុន្តែបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រទេសកម្ពុជា ក៏នឹងទទួលបានវ៉ាក់សាំងពីសហរដ្ឋអាមេរិកផងដែរ។ រដ្ឋការលោក បៃដិន ប្រកាសថា ជំនួយវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសណាទាំងអស់ គឺមិនមែនជាអន្ទាក់ក្នុងផលប្រយោជន៍នយោបាយឡើយ៕