26 C
Phnom Penh

សហរដ្ឋ​អាមេរិក​ប្រាប់​អាស៊ាន​ថា​ត្រូវ​បញ្ចប់​របប​សឹក​ភូមា​ដោយ​យន្តការ​របស់​អាស៊ាន

បទវិភាគ

នៅ​ក្នុង​កិច្ចប្រជុំ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ពុធ ទី​១៤ ខែ​កក្កដា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Bliken បាន​សម្ដែង​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ស្លាប់​ជនស៊ីវិល​កាន់តែ​កើន​ឡើង​នៅ​ក្នុង​របប​សឹក​ភូមា ដែល​លោក​ថា​សមាគម​អាស៊ាន​ត្រូវតែ​ចាត់​វិធានការ​របស់​ខ្លួន​ជាបន្ទាន់ ដើម្បី​បញ្ចប់​ហិង្សា និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។

រហូត​មក​ដល់​ពេល​នេះ ជនស៊ីវិល​ស្លាប់​ក្នុង​របប​សឹក​ភូមា​ដោយ​ការ​បង្ក្រាប និង​បាញ់​ប្រហារ គឺ​កើន​ឡើង ៩០២​នាក់ ហើយ​ក្នុង​នោះ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​បាត់បង់​ទីជម្រក​ដោយសារតែ​ការ​ពើប​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ និង​កងកម្លាំង​របស់​ប្រជាជន គឺ​នៅ​ពាសពេញ​ប្រទេស។ នេះ​បើ​យោង​តាម​សមាគម​អ្នកទោស​នយោបាយ​ដែល​ស្រង់​យក​មក​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នៅ​ថ្ងៃ​ទី​១៥ កក្កដា។

ក្នុង​អំឡុង​កិច្ចប្រជុំ​តាម​អនឡាញ​ជាមួយ​ប្រមុខ​ការទូត​អាស៊ាន លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​ទទូច​ឱ្យ​សមាគម ១០​ប្រទេស​នេះ​ដែល​ក្នុង​នោះ​មាន​ប្រទេស​ភូមា ផង​ដែរ ត្រូវ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ទៅតាម​ស្មារតី​របស់​មេដឹកនាំ​អាស៊ាន​ដែល​បាន​បង្កើត​យន្តការ ៥​ចំណុច​កាលពី​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២៤ មេសា។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក។

យន្តការ​របស់​សមាគម​អាស៊ាន​ទាំង ៥​ចំណុច​នោះ បាន​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា ដោយ​ចាប់ផ្ដើម​ចរចា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​ពួក​យោធា​ត្រូវ​ទទួល​យក​ជំនួយ​មនុស្សធម៌​ទៅកាន់​តំបន់​ដែល​រង​អំពើ​ហិង្សា ព្រមទាំង​ទទួល​យក​ប្រេសិត​ពិសេស​របស់​សមាគម​អាស៊ាន។

យន្តការ ៥​ចំណុច​ក៏​ត្រូវ​បាន​មេ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង យល់ព្រម​ទទួល​យក​ផង​ដែរ ហើយ​មិន​តែប៉ុណ្ណោះ ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន ដែល​នៅ​បន្ត​គាំទ្រ​របប​យោធា​នេះ​ក៏​គាំទ្រ​ដំណោះស្រាយ​របស់​អាស៊ាន​ផង​ដែរ។

តែយ៉ាងណាក៏ដោយ ចាប់តាំង​ពី​មេដឹកនាំ​អាស៊ាន​ទម្លាក់​យន្តការ​នេះ គឺ​មក​ដល់​ពេល​នេះ​ពុំ​មាន​លទ្ធផល​ណាមួយ​ស្ដែង​ចេញ​នោះ​ទេ ដោយសារតែ​ការ​មិន​អាច​បង្កើត​បាន​នូវ​ប្រេសិត​ពិសេស​របស់​អាស៊ាន​ទៅកាន់​ប្រទេស​ភូមា ដើម្បី​ដំឡើង​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​នេះ ហើយ​ធ្វើ​ការ​សម្របសម្រួល​នយោបាយ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ការ​ខកខាន​នេះ ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ចុះផ្សាយ​ថា ដោយសារតែ​ក្នុង​សមាគម​អាស៊ាន​មិនទាន់​ចុះ​សម្រុង​គ្នា​ក្នុង​ការតែងតាំង​សមាសភាព​ក្រុម​ប្រេសិត​ពិសេស​ទៅកាន់​ប្រទេស​ភូមា។

ក្នុង​កិច្ចសន្ទនា​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​សិង្ហបុរី បាន​បង្ហាញ​ការ​តាំងចិត្ត​របស់​ពួកគេ​ជា​ថ្មី​ថា នឹង​ធ្វើ​ទំនាក់ទំនង​ដើម្បី​បង្កើត​ឱ្យ​បាន​នូវ​ការិយាល័យ​ប្រេសិត​អាស៊ាន​នៅ​ក្នុង​ប្រទេស​ភូមា ប៉ុន្តែ​ប្រមុខ​ការទូត​អាមេរិក​បាន​ទទូច​ឲ្យ​អាស៊ាន​ត្រូវ​ឈរ​លើ​គោលការណ៍​រួម​តែ​មួយ គឺ​ត្រូវ​បង្កើត​ឲ្យ​បាន​នូវ​ក្រុម​ប្រេសិត​នេះ ដើម្បី​ទៅ​ជួប​ភាគី​របស់​ក្រុម​ប្រឆាំង​ដឹកនាំ​ដោយ​លោកស្រី អ៊ុងសាន ស៊ូជី។

សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​របស់​លោក ចូ បៃដិន ដែល​បាន​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ជាមួយ​នឹង​រដ្ឋមន្ត្រី​សមាគម​អាស៊ាន គឺ​ជា​លើកដំបូង​ហើយ​ចាប់តាំង​ពី​លោក ចូ បៃដិន ចូល​កាន់​តំណែង​នៅ​ខែ​មករា ឆ្នាំ​២០២១ ហើយ​ក៏​កើតឡើង​ក្នុង​ចំណោម​អ្នក​ការទូត​ដែល​បារម្ភ​ថា ទីក្រុង​វ៉ាស៊ីនតោន ទំនង​មិន​យក​ចិត្ត​ទុកដាក់​ច្រើន​ទេ​ចំពោះ​តំបន់​អាស៊ាន។ ប៉ុន្តែ​ឆ្លង​តាម​កិច្ចប្រជុំ​ថ្ងៃ​ទី​១៤ កក្កដា បាន​បញ្ជាក់​ថា រដ្ឋការ​របស់​លោក ចូ បៃដិន បាន​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​ជា​ខ្លាំង​ចំពោះ​វិបត្តិ​ទាំងឡាយ​នៅ​ក្នុង​តំបន់​អាស៊ាន។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា លោក​ប្រមុខ​ការទូត Antony Blinken បាន​អះអាង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​ចំពោះ​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ាន គឺ​សហរដ្ឋ​អាមេរិក​ត្រូវតែ​ចូល​ពាក់ព័ន្ធ​ទាំង​ការ​ពង្រឹង​ប្រជាធិបតេយ្យ និង​សន្តិសុខ​តំបន់។ ក្នុង​ន័យ​នេះ ប្រមុខ​ការទូត​អាមេរិក​បាន​ព្រមាន​ទៅ​ទីក្រុង​ប៉េកាំង​ថា សហរដ្ឋ​អាមេរិក​បាន​ទាត់ចោល​ទាំងស្រុង​នូវ​ការ​អះអាង​របស់​ក្រុង​ប៉េកាំង ដែល​ថា​សមុទ្រ​ចិន​ខាងត្បូង គឺ ៩០% ជា​ដែនទឹក​របស់​ខ្លួន​នោះ។

ជំនួប​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ធ្វើ​ឡើង​បន្ទាប់ពី​ជំនួប​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន និង​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃ​ទី​៧ មិថុនា នៅ​ក្នុង​ខេត្ត​មួយ​នៃ​ប្រទេស​ចិន និង​បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន។

ជំនួប​របស់​តំណាង​មហាអំណាច​ចិន និង​រុស្ស៊ី ក៏​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​ប្រទេស​ភូមា និង​បញ្ហា​តំបន់។ ប៉ុន្តែ​ប្រទេស​មហាអំណាច​ពីរ​នេះ ត្រូវ​បាន​ចោទ​ថា នៅតែ​ធ្វើ​ឱ្យ​របប​សឹក​នៅ​ភូមា​បន្ត​កាន់​អំណាច​ទោះ​របប​រដ្ឋប្រហារ​នេះ​រង​ការ​ថ្កោលទោស​ភាគច្រើន​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ។

ប្រទេស​មហាអំណាច​ទាំង​ពីរ​នេះ​តែងតែ​បោះឆ្នោត​ជំទាស់​រាល់​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សំដៅ​អន្តរាគមន៍​បញ្ចប់​របប​សឹក​ភូមា។ ប្រទេស​ពីរ​នេះ​នៅតែ​ជា​ប្រភព​ផ្គត់ផ្គង់​ទាំង​អាវុធ ប្រេងឥន្ធនៈ និង​មុខ​ជំនួញ​មួយ​ចំនួន​ជាមួយ​នឹង​ពួក​យោធា។

ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ឈ្មួញ​រកស៊ី​រ៉ែ​ពី​ប្រទេស​ចិន កាន់តែ​សម្រុក​ជីក​រក​រ៉ែ​នៅ​ភូមា​កាន់​តែ​ខ្លាំង ហើយ​ជាមួយ​គ្នា​នេះ ជំនួញ​ឈើ​ហ៊ុប​ដឹក​ទៅកាន់​ប្រទេស​ចិន កាន់តែ​កើន​ឡើង។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ជាច្រើន​នៃ​ប្រទេស​ភូមា ដែល​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ។

ទាំង​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប កាណាដា អាល្លឺម៉ង់ បារាំង អង់គ្លេស សុទ្ធតែ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ឧត្តមសេនីយ៍​យោធា​ភូមា ដោយ​ការ​បង្កក​ប្រាក់ និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​របស់​ពួក​យោធា​ដែល​មាន​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ ចំណែក​ប្រទេស​ជប៉ុន ដែល​មាន​ទំហំ​វិនិយោគទុន​ធំ​ទី​៣ នៅ​ភូមា ក៏​បាន​សម្រេច​ព្យួរ​គម្រោង​វិនិយោគ​មួយ​ចំនួន​របស់​ខ្លួន​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស