29 C
Phnom Penh

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​ស្វាគមន៍​ផែនការ​ចាក់​វ៉ាក់សាំង​លើ​កុមារ ប៉ុន្តែ​ត្រូវ​សិក្សា​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​នោះ​ជា​មុន​សិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​ខាង​ផ្នែក​សិទ្ធិ​ការងារ ស្វាគមន៍​ផែនការ​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​កុមារ​ក្រោម​អាយុ ១៨​ឆ្នាំ ប៉ុន្តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ថា កុមារ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​របស់​ជាតិ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​សិក្សា​ពី​ផល​ប៉ះពាល់ គុណសម្បត្តិ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើ​លើ​កុមារ​ទាំងនោះ​ឲ្យ​បាន​ច្បាស់លាស់ ចៀសវាង​ផល​អវិជ្ជមាន​ណាមួយ​កើតឡើង​លើ​ពួកគេ​ដែល​បណ្តាល​ឲ្យ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​ជាតិ​ទាំងមូល។

លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ប្រសិទ្ធភាព​ថ្នាំបង្ការ​ជំងឺ Covid-19 នេះ ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ចាក់​លើ​កុមារ​នៅ​ពេល​ខាងមុខ គឺ​ត្រូវតែ​មាន​ការសិក្សា​ច្បាស់លាស់​ពី​អ្នកជំនាញ​ពី​ក្រសួង​សុខាភិបាល និង​មាន​ការអនុញ្ញាត​ពី​អង្គការ​សុខភាព​ពិភពលោក ព្រមទាំង​សិក្សា​លើ​បទពិសោធន៍​នៃ​ប្រទេស​ដទៃ​ដែល​ធ្លាប់​ប្រើ​វ៉ាក់សាំង​ទាំងនោះ​លើ​កុមារ​រួចមក​ហើយ​ផង​ដែរ។

លោក មឿន តុលា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រកាន់​គោលជំហរ​ស្ម័គ្រចិត្ត និង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​មាន​ការ​យល់ដឹង និង​ជឿជាក់ មុន​ពេល​ដែល​ខ្លួន​អនុវត្ត​វិធានការ​ចាក់​វ៉ាក់សាំង​នេះ ជាជាង​ការ​ប្រើ​វិធី​ណាមួយ​ដែល​ជា​ការ​កម្រិត ឬ​ជា​ការ​បង្ខិតបង្ខំ ដែល​អាច​បែរ​ទៅជា​ការរំលោភ​លើ​សិទ្ធិ​កុមារ​ទៅវិញ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ ទៅ​ដល់​គណៈកម្មការ​វ៉ាក់សាំង​ជា​ខ្សែអាត់​សំឡេង​ប្រមាណ ១៦​នាទី ឲ្យ​រៀប​ផែនការ​ចាក់​វ៉ាក់សាំង​លើ​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់​ពី ១២​ឆ្នាំ​រហូត​ដល់​យុវវ័យ​អាយុ ១៧​ឆ្នាំ​ជាបន្ទាន់។

លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​កម្ពុជា​អាច​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 បាន ១២​លាន​នាក់​ហើយ​នោះ កម្ពុជា​នឹង​មាន​ភាព​ស៊ាំ​ពេញ​ផ្ទៃ​ប្រទេស​ដែល​អាច​បើក​ឡើងវិញ​នូវ​សេដ្ឋកិច្ច​សង្គម ជាពិសេស​ការ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​អប់រំ​នានា​ដែល​បាន​ផ្អាក​ដំណើរការ​មួយ​រយៈពេល​កន្លងមក​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​ជម្រើស​ពីរ​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​លើ​កុមារ៖

  • ទី​១ គឺ​ត្រូវ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 ដល់​មនុស្ស​ពេញ​វ័យ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង​ក្នុង​ចំនួន ១០​លាន​នាក់​ឲ្យ​បាន​រួចរាល់​ហើយ ទើប​បន្ត​ចាក់​ឲ្យ​កុមារ និង​យុវវ័យ​អាយុ​ក្រោម ១៨​ឆ្នាំ​បន្ត​ទៀត
  • ដោយឡែក​ជម្រើស​ទី​២ គឺ​ត្រូវ​ចាប់ផ្តើម​ចាក់​លើ​កុមារ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុងតែ​ចាក់​វ៉ាក់សាំង​ជូន​មនុស្ស​ពេញវ័យ ៤​លាន​នាក់ ដែល​កំពុង​ដំណើរការ​ក្នុង​ពេល​នេះ​តែម្តង។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ដែរ​ថា លោក​សាទរ​ឲ្យ​មាន​ការ​ចាក់​ថ្នាំបង្ការ​ជូន​កុមារ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវតែ​ចាក់​ជូន​មនុស្ស​ពេញវ័យ​ឲ្យ​បាន​រួចរាល់​ជា​មុន​សិន ចាំ​បន្ត​ផែនការ​ចាក់​ជូន​កុមារ​បន្ត​ទៀត។

លោក​លើកឡើង​ថា ក្រោយ​ពេល​រដ្ឋាភិបាល​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​លើ​មនុស្ស​ពេញវ័យ ក្រសួង​សុខាភិបាល​ត្រូវតែ​បង្ហាញ​របាយការណ៍​វាយតម្លៃ​ជាក់លាក់​ណាមួយ​លើ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដែល​កម្ពុជា​បាន​ប្រើ​កន្លងមក ព្រោះ​ថា​ការ​ចាក់​វ៉ាក់សាំង​នេះ​មិនមែន​គ្រាន់តែ​ចាក់​ឲ្យ​តែ​រួច​នោះ​ទេ សំខាន់​គឺ​ត្រូវ​ពិនិត្យ​លើ​ប្រសិទ្ធភាព​របស់​វា​ក្រោយ​ពេល​ចាក់​លើ​ប្រជាពលរដ្ឋ​រួចមក។

ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ក្រសួង​សុខាភិបាល មិន​ទាន់​បាន​បង្ហាញ​ពី​របាយការណ៍​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ទាំងនោះ​នៅឡើយ​ទេ បន្ទាប់ពី​កម្ពុជា​បាន​ប្រើ​កន្លងមក។ ដូច្នេះ បើ​រដ្ឋាភិបាល​នៅ​មិនទាន់​ដឹង​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​បាន​ចាក់​កន្លងមក​នោះ រដ្ឋាភិបាល​មិន​គួរ​ប្រញាប់​ចាក់​ថ្នាំបង្ការ​ទាំងនោះ​ឲ្យ​កុមារ​ឡើយ ធ្វើ​បែប​នេះ​គឺ​ដើម្បី​ចៀសវាង​មាន​ហានិភ័យ​ណាមួយ​កើតឡើង​ដោយ​ចៃដន្យ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​លើ​កុមារ និង​មនុស្ស​ក្រោម​អាយុ ១៨​ឆ្នាំ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល បាន​អះអាង​ថា ខ្លួន​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ពលរដ្ឋ​បាន​ចំនួន​ជាង ៥​លាន ៤​សែន​នាក់​ហើយ ដែល​ស្មើ​នឹង ៥៤,១៧% ក្នុង​ចំណោម​ពលរដ្ឋ​គោលដៅ ១០​លាន​នាក់ ដោយ​គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

ក្រសួង​សុខាភិបាល កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ ថា ខ្លួន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៨៨៩​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៨៤៩​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ២៧​នាក់​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៦​ម៉ឺន ៥​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៥​ម៉ឺន ៧​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់ ១០៥២​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស