ក្នុងរដ្ឋការរបស់លោក ដូណាល់ ត្រាំ អាស៊ានត្រូវគេមើលឃើញថា ហាក់នៅឆ្ងាយពីអាមេរិក ដែលរដ្ឋការនេះពុំសូវលើកកម្លាំងប្រជាធិបតេយ្យនៅអាស៊ានច្រើននោះទេ។ តែដល់ឆ្នាំទី៤ រដ្ឋការលោក ដូណាល់ ត្រាំ គិតច្រើនទាំងការពង្រឹងកម្លាំងប្រជាធិបតេយ្យ និងវិស័យសន្តិសុខតំបន់ ខណៈប្រទេសមហាយក្សចិន ពង្រីកមាឌកាន់តែធំឡើងគ្របដណ្ដប់លើអាស៊ាន។
ចូលមកដល់រដ្ឋការលោក ចូ បៃដិន ក៏បានចាប់ផ្ដើមបើកភ្នែកសម្លឹងមើលអាស៊ានឡើងវិញក្នុងការប្ដូរយុទ្ធសាស្ត្រដោយងាកមកផ្ដោតលើតំបន់អាស៊ាន ដើម្បីប្រមូលផ្ដុំកម្លាំងសម្ពន្ធភាពរាំងខ្ទប់ការកើនឡើងឥទ្ធិពលរបស់ចិន ដែលគេហៅថាការវាតទី។
ស្របពេលនេះ រដ្ឋការលោក បៃដិន បានបញ្ជូនមន្ត្រីអាមេរិកកំពូលៗមកបំពេញទស្សនកិច្ចនៅតំបន់អាស៊ីដោយនាំមកនូវរបៀបវារៈតែមួយប៉ុណ្ណោះ គឺប្រមូលកម្លាំងសម្ពន្ធភាពរាំងខ្ទប់ឥទ្ធិពលចិន ក្នុងតំបន់។
ក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានផ្ដើមបំពេញដំណើរទស្សនកិច្ចនៅឥណ្ឌា កាលពីថ្ងៃអង្គារ ទី២៧ ខែកក្កដា។ ចំណែកឯអនុរដ្ឋមន្ត្រីការបរទេស Wendy Sherman ក៏បានឡើងទៅជួបប្រមុខការទូតចិន តែម្ដងនៅក្នុងប្រទេសចិន។

តែសម្រាប់តំបន់អាស៊ាន ដែលអាមេរិកព្រួយបារម្ភជាងគេព្រោះថាកំពុងធ្លាក់ក្រោមឥទ្ធិពលចិនធ្ងន់ធ្ងរ ខណៈសមាជិកមួយចំនួនហាក់រើខ្លួនពុំរួចពីចិន ដោយសារអន្ទាក់បំណុលពាន់លានដុល្លារ និងខ្លះទៀតធ្វើឱ្យអាមេរិកបារម្ភខ្លាចតែក្លាយជាមូលដ្ឋានកងទ័ពរបស់ចិន។
ក្នុងស្ថានភាពនេះ ឃើញថាសេតវិមានក៏បញ្ជូនរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin មកជាន់ទឹកដីអាស៊ាន គឺទៅកាន់ប្រទេសសិង្ហបុរី វៀតណាម និងហ្វីលីពីន។
ប៉ុន្តែវត្តមានរបស់ប្រមុខការពារជាតិអាមេរិករូបនេះ ក៏នាំឱ្យមានការចោទសួរថា តើសហរដ្ឋអាមេរិកអាចធ្វើឱ្យកម្លាំងអាស៊ានទាំងមូលនៅក្រោមយុទ្ធសាស្ត្ររបស់ខ្លួនតែមួយបានឬទេ ក្នុងការទប់ទល់ការកើនឡើងឥទ្ធិពលចិនក្នុងតំបន់ ឬក៏អាចមានការបែកបាក់ក្នុងសមាគមអាស៊ានទៅវិញ។
ក្រុមអ្នកជំនាញតែងតែព្រមានថា បើអាមេរិក និងចិន ប្រជែងគ្នាកាន់តែខ្លាំងដើម្បីដណ្ដើមអាស៊ានផ្ដាច់មុខ គឺអាចនឹងបង្ខំឱ្យប្រទេសក្នុងតំបន់ត្រូវជ្រើសរើសយកមួយនៅក្នុងចំណោមមហាអំណាចទាំងពីរនេះ។ ប៉ុន្តែក្រុមអ្នកឃ្លាំមើលថា អនាគតអាស៊ានអាចនឹងបែកបាក់។ យ៉ាងណា មានតែប្រទេសមួយឬពីរប៉ុណ្ណោះដើរចេញពីអាស៊ាន។
ជាមួយគ្នានេះ បើអាស៊ានអស់មេដឹកនាំលម្អៀងចិនទៅ គឺអាស៊ានមានប្រព័ន្ធប្រជាធិបតេយ្យរឹងមាំ គឺអាស៊ានក៏អាចកាត់បន្ថយបាននូវឥទ្ធិពលចិន ហើយចិនខ្លួនគេនេះដឹងច្បាស់ណាស់ថា បើអាស៊ានរកឃើញមេដឹកនាំស្រឡាញ់ប្រជាធិបតេយ្យពិតប្រាកដ គឺអាស៊ាននឹងមិនអាចនៅក្រោមឥទ្ធិពលចិនឡើយ។
ដូចនេះហើយដែលរដ្ឋការលោក បៃដិន ចាប់ផ្ដើមប្រើយុទ្ធសាស្ត្រពីរនៅពេលតែមួយ គឺពង្រឹងប្រព័ន្ធប្រជាធិបតេយ្យនៅអាស៊ានផង និងពង្រឹងវិស័យសន្តិសុខជាមួយអាស៊ានផង ទើបបញ្ជូនទាំងរដ្ឋមន្ត្រីការពារជាតិ និងអនុរដ្ឋមន្ត្រីការបរទេសមកកាន់អាស៊ាន។
នៅក្នុងតំបន់អាស៊ានមានប្រទេស៣ ត្រូវបានកត់សម្គាល់ថា មេដឹកនាំរបស់ប្រទេសទាំងនោះទោរទន់ខ្លាំងទៅរកចិន គឺកម្ពុជា ហ្វីលីពីន និងភូមា។ ដោយឡែកប្រទេសថៃ ទោះជាលោក បា្រយុទ្ធ ចាន់អូចា ឡើងធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ តែកម្លាំងបក្សប្រឆាំងរបស់ប្រទេសនេះអាចទប់លោក ប្រាយុទ្ធ មិនឱ្យទៅរកចិនខ្លាំងពេកនោះទេ ហើយបើអត់ពីលោក ប្រាយុទ្ធ ទៅ គឺថៃពិតណាស់ទោរទន់ខ្លាំងទៅអាមេរិកវិញ។
ចំពោះប្រទេសហ្វីលីពីនវិញ គឺប្រធានាធិបតីប្រទេសនេះទោរទន់ខ្លាំងទៅរកចិន។ លោក រ៉ូឌ្រីហ្គូ ឌើទើតេ នឹងអស់អាណត្តិនៅពាក់កណ្ដាលឆ្នាំ២០២២ គឺបុរសនេះអស់សិទ្ធិអំណាចជាប្រធានាធិបតី។
ការណ៍នេះ ច្បាស់ណាស់ថាមេដឹកនាំថ្មីហ្វីលីពីន នឹងមិនមានទំនោរខ្លាំងទេទៅរកចិន។ ដោយឡែកប្រទេសឡាវ ទោះជាក្រោមឥទ្ធិពលចិន ដោយសារបំណុលចិនពាន់លានដុល្លារ ក៏ប្រទេសនេះពុំនៅក្រោមចិនដែរ ព្រោះប្រទេសវៀតណាមជាអ្នកទប់ស្កាត់ ហើយវៀតណាមនៅតែមានឥទ្ធិពលខ្លាំងលើប្រទេសនេះជាងចិន។
ចំណែកប្រទេសកម្ពុជាវិញ ទោះជាត្រូវបានមើលឃើញថានៅតែស្ថិតនៅក្រោមឥទ្ធិពលវៀតណាមក៏ដោយ តែរយៈពេលចុងក្រោយនេះ កម្ពុជាបង្ហាញភាពស្និទ្ធស្នាលជាមួយចិនច្រើនជាងវៀតណាម ដែលពួកខាងលិចហៅថាអាយ៉ងចិន។
សម្រាប់ប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី គឺបីប្រទេសនេះសុទ្ធតែមានមេដឹកនាំមិនក្រោមឥទ្ធិពលចិន ហើយជាសម្ព័ន្ធមិត្តរបស់អាមេរិកទៀតផង។
មេដឹកនាំប្រទេសបីនេះ ប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យជាធំ។ ចំណែកប្រទេសព្រុយណេ គឺជាសមាជិកអាស៊ានមួយដែលមានជំហរទៅរកលោកខាងលិចចំពោះវិស័យសន្តិសុខតំបន់។ ទាំងព្រុយណេ វៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន គឺជាប្រទេសបារម្ភខ្លាំងចំពោះការបាត់បង់ដែនទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូងទៅប្រទេសចិន។
សហរដ្ឋអាមេរិក សម្រេចប្រឈមមុខជាមួយនឹងប្រទេសចិនលើបញ្ហាសន្តិសុខតំបន់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាំងពីរដ្ឋការរបស់លោក បារ៉ាក់ អូបាម៉ា។
រដ្ឋការរបស់លោកប្រធានាធិបតី Joe Biden បានហៅការប្រកួតប្រជែងជាមួយរដ្ឋាភិបាលបក្សកុម្មុយនីស្តចិន ថាជាការសាកល្បងខាងភូមិសាស្ត្រនយោបាយដ៏ធំបំផុត និងគ្រោះថ្នាក់។
ក្នុងដំណើរជាន់ដីប្រទេសសិង្ហបុរី គឺលោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានលើកឡើងអំពីបញ្ហាមួយចំនួនដែលទីក្រុងវ៉ាស៊ីនតោន បានហៅថាមានអស្ថិរភាពចាប់ពីកោះតៃវ៉ាន់ រហូតដល់សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
ថ្លែងនៅចំពោះមុខសមភាគីសិង្ហបុរី Ng Eng Hen និងនាយករដ្ឋមន្ត្រី លី សៀនឡុង លោក Lloyd Austin បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនចុះចាញ់ ឬដកខ្លួននោះទេ នៅពេលណាដែលផលប្រយោជន៍របស់អាមេរិកក៏ដូចជារបស់សម្ព័ន្ធមិត្តអាមេរិកត្រូវបានចិនគំរាមកំហែង។
ប៉ុន្តែលោករដ្ឋមន្ត្រីបានប្រាប់ថា អាមេរិកគ្មានចេតនាណាមួយបង្កជម្លោះជាមួយចិននោះទេ។ លោកបានប្រាប់ចិនទៀតថា លោកចង់កសាងទំនាក់ទំនងមួយជាមួយចិន ប្រកបដោយការស្ថាបនា មានស្ថិរភាពរឹងមាំ។ ក្នុងជំនួបនោះ ក៏សម្រេចបាននូវសេចក្តីថ្លែងការណ៍រួម។
ក្នុងសេចក្តីថ្លែងការណ៍រួមនេះ គឺរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរបានសាទរនូវទំនាក់ទំនងការពារជាតិទ្វេភាគីដែលមានភាពល្អប្រសើរ និងយូរឆ្នាំ។ ភាគីទាំងពីរបានបង្ហាញការពេញចិត្តរបស់ខ្លួនលើកិច្ចសហប្រតិបត្តិការយោធា។
ទាំងលោក Austin និងលោក Ng បានបង្ហាញការយល់ឃើញរួមគ្នាបែបនេះ ដោយសង្ឃឹមថា ភាគីទាំងពីរប្ដេជ្ញាបន្តពិភាក្សាលើគម្រោងយោធាអាមេរិកបន្ថែមទៀត។
ក្រៅពីនេះ តំណាងប្រទេសទាំងពីរបានពិភាក្សាអំពីសន្តិសុខនៅក្នុងតំបន់ និងការការពារសណ្ដាប់ធ្នាប់អន្តរជាតិ ក៏ដូចជាភាពជាដៃគូរវាងអាមេរិក និងសិង្ហបុរី ទៅថ្ងៃខាងមុខទៀត។
ជាមួយគ្នានេះ លោក Austin បានអរគុណប្រទេសសិង្ហបុរី ដែលគាំទ្របេសកកម្មយោធាអាមេរិកចំពោះការចូលចតយន្តហោះចម្បាំង និងនាវាចម្បាំងដែលលោកថា ការគាំទ្រនេះបានបង្ហាញថា វត្តមានរបស់អាមេរិកក្នុងតំបន់ពិតជាសំខាន់សម្រាប់សន្តិភាព និងស្ថិរភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ចប់ទស្សនកិច្ចនៅសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin នឹងទៅដល់វៀតណាម នៅថ្ងៃទី២៨ កក្កដា ហើយនឹងបន្តទៅធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីន។
ដោយឆ្លុះបញ្ចាំងអំពីទស្សនកិច្ចនៅអាស៊ានដំបូង ៣ប្រទេសនេះ រដ្ឋការលោក ចូ បៃដិន កំពុងតែបង្កើនល្បឿនសហប្រតិបត្តិការជាមួយនឹងប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងគោលដៅដើម្បីទប់ទល់នឹងអំណាចយោធាចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
វត្តមានប្រមុខការពារជាតិអាមេរិក គឺជាការកសាងកម្លាំងតំបន់នេះដើម្បីទប់ជាមួយនឹងចិន ដែលកំពុងរីកមាឌជាខ្លាំងបន្ទាប់ពីកម្លាំងសហប្រតិបត្តិការបានចុះខ្សោយខ្លាំងកាលពីក្នុងអាណត្តិរបស់លោក ដូណាល់ ត្រាំ ព្រោះលោក ត្រាំ ចាប់យកតំបន់មជ្ឈិមបូព៌ាខ្លាំងជាង។
ក្រសួងការបរទេសអាមេរិក ថ្មីៗនេះបានប្រាប់ទៅសមាគមអាស៊ានថា អាមេរិកគឺជាកម្លាំងរក្សាស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពុំអាចខ្វះសហរដ្ឋអាមេរិកបានឡើយ៕