សង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមពន្ធគយរវាងសហរដ្ឋអាមេរិក និងចិន កំពុងឡើងដល់កម្រិតប៉ារ៉ាបូលខ្ពស់បំផុតដែលងាយដួលរលំ បើប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ និងទី២ បន្តវាយប្រហារគ្នាកាន់តែក្ដៅថែមទៀត។ មិនតែប៉ុណ្ណោះ វាជះផលវិបាកដល់ប្រទេសកំពុងអភិវឌ្ឍកម្រិតទាប។
ប៉ុន្តែអ្នកជំនាញថាកត្តាដែលរដ្ឋការលោក ត្រាំ បញ្ឆេះសង្គ្រាមពាណិជ្ជកម្មយ៉ាងខ្លាំងវាយទៅលើចិន គេថាជាល្បែងនយោបាយរបស់លោក ត្រាំ សំដៅកាត់ជើងខាងក្រោមរបស់ចិន គឺប្រទេសដែលវេចខ្ចប់ទំនិញរបស់ចិន ដោយដាក់ស្លាកផលិតក្នុងប្រទេសរបស់ខ្លួន ហើយនាំចូលទីផ្សារអាមេរិកាំង។
ទំនិញរបស់ប្រទេសកំពុងអភិវឌ្ឍមួយចំនួន ត្រូវបានអ្នកជំនាញរកឃើញថាជាផលិតផលរបស់ចិន ដែលនាំដឹកចូលប្រទេសទាំងនោះ ហើយដាក់យីហោថាផលិតក្នុងប្រទេសពួកគេ ដែលធាតុពិតជាទំនិញរបស់ចិន ដែលពុំសូវមានគុណភាព។
តាមអ្នកជំនាញ ដោយសារតែគយសហរដ្ឋអាមេរិកឃើញបាតុភាពមិនប្រក្រតី បានជារដ្ឋការលោក ត្រាំ ស្វែងរកការពិតដោយសង្កត់ពន្ធយ៉ាងខ្លាំងលើប្រទេសទាំងនោះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ប៉ុន្តែចិន សម្រាប់លោក ត្រាំ ដូចជាមិនដកថយឡើយ។
តាមអ្នកជំនាញ បើទោះជារដ្ឋការលោក ត្រាំ ផ្អាកយកពន្ធខ្ពស់រយៈពេល ៩០ថ្ងៃនោះ ដោយអនុវត្តយកពន្ធធ្លាក់មកត្រឹមតែ ១០ភាគរយសម្រាប់ប្រទេសមិនសងសឹកនឹងអាមេរិក តែរដ្ឋការលោក ត្រាំ នឹងចាត់វិធានការមួយទៀតទៅលើប្រទេសទទួលវេចខ្ចប់ផលិតផលចិន ពាក់ស្លាកផលិតក្នុងប្រទេសរបស់ខ្លួន ក៏ប្រហែលរដ្ឋការលោក ត្រាំ អាចនឹងស្រាវជ្រាវរកឱ្យឃើញផលិតផលរបស់ចិន ហើយអាចបិទការនាំទំនិញទាំងអស់នោះចូលសហរដ្ឋអាមេរិក ព្រោះជាផលិតផលរបស់ចិន។
អ្នកសង្កេតការណ៍មើលឃើញបរិបទសង្គ្រាមពាណិជ្ជកម្មរបស់រដ្ឋការលោក ត្រាំ វាយសំពងលើចិន ខ្លាំងជាងគេ ព្រោះចិន កំពុងពង្រីកអនុភាពសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មខ្ចីដៃប្រទេសក្រីក្របង្ហូរផលិតផលចិន បិទស្លាកប្រទេសក្រីក្រទាំងនោះ នាំចូលសហរដ្ឋអាមេរិក ក្រោមគោលការណ៍អនុគ្រោះពន្ធកម្រិតខ្ពស់។
នៅថ្ងៃសុក្រ ទី១១ មេសា នេះ សហរដ្ឋអាមេរិក និងចិន បន្តសង្គ្រាមពាណិជ្ជកម្មមួយប្រាវដាក់គ្នាទៅវិញទៅមក។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដំឡើងពន្ធលើគ្រប់មុខទំនិញរបស់ចិន ដែលចូលទីផ្សារអាមេរិក ដល់ទៅ ១៤៥ភាគរយ ដោយធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹងទៅៗ។
ក្រសួងហិរញ្ញវត្ថុចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការដាក់ពន្ធដែលខ្ពស់មិនធម្មតារបស់សហរដ្ឋអាមេរិកលើប្រទេសចិន បានបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយជាការសម្លុត និងការបង្ខិតបង្ខំដោយឯកតោភាគី ដែលចិន មិនអាចទទួលយកបានឡើយ។»
យ៉ាងណា ចុងក្រោយនេះ ចិនដូចជាចង់សុំចុះចាញ់សហរដ្ឋអាមេរិក បានជាពោលពាក្យថា «ចិននឹងឈប់អើពើលើការដំឡើងពន្ធបន្ថែមទៀតពីសហរដ្ឋអាមេរិក ទោះបីជាអាមេរិកបន្តល្បែងពន្ធរបស់ខ្លួនក៏ដោយ។»
ក្រសួងហិរញ្ញវត្ថុចិន បានថ្លែងដូចនេះក្រោយពីចិន ដំឡើងពន្ធសងសឹកលើសហរដ្ឋអាមេរិក ១២៥ភាគរយភ្លាម គេសង្កេតឃើញរដ្ឋការលោក ត្រាំ ក៏បានដំឡើងពន្ធប្រឆាំងចិន វិញ ដល់ទៅ ១៤៥ភាគរយ។
ទំនងមើលឃើញលោក ត្រាំ មិនថមថយ ទើបចិន បែរជានិយាយលួងចិត្តខ្លួនឯងថា អត្រាពន្ធបច្ចុប្បន្នធ្វើឱ្យទំនិញអាមេរិកដែលនាំចេញទៅប្រទេសចិន គ្មានលទ្ធភាពរកទីផ្សារលក់នៅចិន បានទេ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន លើកឡើងថា៖ «បើទោះបីជាសហរដ្ឋអាមេរិកខំដំឡើងពន្ធបន្ថែមទៀតដល់កម្រិតកាន់តែខ្ពស់ក៏ដោយ វាក៏នឹងគ្មានន័យខាងសេដ្ឋកិច្ចដែរ ព្រោះទីបំផុត នឹងក្លាយជារឿងគួរឱ្យអស់សំណើចទៅវិញទេ។»
ក្រុងប៉េកាំង ថ្លែងថា ការដំឡើងពន្ធគយពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រៀបដូចជា «ល្បែងតួលេខ» ដែលនឹងក្លាយជារឿងកំប្លែងមួយ។
នៅពេលដែលទីក្រុងប៉េកាំង ប្រកាសដំឡើងពន្ធសងសឹកលើទំនិញពីសហរដ្ឋអាមេរិកដល់ ១២៥ភាគរយ បែរជាក្រុងប៉េកាំង និយាយលួងចិត្តខ្លួនឯងថា ចិននឹងមិនបន្តដំឡើងខ្ពស់ជាងនេះទៀតឡើយ។ វាមានន័យថា ក្រុងប៉េកាំង ចង់សុំចប់ត្រឹម ១២៥ភាគរយទល់នឹង ១៤៥ភាគរយ។
ក្រោយពោលពាក្យថាចង់បបួលគ្នាឈប់សងសឹកដាក់គ្នា បែរជាចិន បន្តព្រមាន ប្រសិនបើសហរដ្ឋអាមេរិកនៅបន្តដំឡើងពន្ធធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន គឺចិននឹងដាក់ចេញនូវវិធានការតបតវិញយ៉ាងម៉ឺងម៉ាត់ និងរហូតដល់ទីបញ្ចប់។
ស្របពេលនេះដែរ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងថា សង្គ្រាមពន្ធគយរបស់សហរដ្ឋអាមេរិក ទីបញ្ចប់នឹងគ្មានអ្នកឈ្នះក្នុងសង្គ្រាមនេះទេ។ លោក ស៊ី ទំនងចង់និយាយថា បើឈប់បាន ក៏ឈប់ទៅ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

