29 C
Phnom Penh

គណៈកម្មាធិការ​កិច្ចការ​បរទេស​អាមេរិក​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ចំណងជើង​ថា «លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា (Cambodia Democracy Act) ឬ​ហៅ​កាត់​ថា H.R.» ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កំពុង​រំលោភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ជាន់​ឈ្លី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សាធារណរដ្ឋ លោក Steve Chabot និង​លោក Alan Lowenthal ខាង​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ បាន​អនុម័ត​ដោយ​សំឡេង​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ដែល​មាន​ចំណងជើង​ថា «លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា» ឬ​ហៅ​កាត់​ថា H.R. ដើម្បី​ដាក់​ជូន​សភា​ពេញ​អង្គ​អនុម័ត​យល់ព្រម និង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​អនុម័ត​បន្ត មុន​នឹង​បញ្ជូន​ទៅ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ចុះហត្ថលេខា​ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ។

មន្ត្រី​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក លោក Steve Chabot អះអាង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់​លោក បាន​ជាប់​ឈ្មោះ​ជា​អ្នក​គាស់រំលើង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ទង្វើ​របស់​ពួកគេ​ដែល​បាន​ឃុបឃិត​គ្នា​កន្លង​មក។

លោក​អះអាង​ថា លោក ហ៊ុន សែន បាន​គ្រប់គ្រង​ប្រទេស​ដោយ​ឃ្លាត​ពី​គន្លង​លទ្ធិប្រជាធិបតេយ្យ​តាំងពី​ឆ្នាំ​១៩៨៥ មក ហើយ​បាន​បន្ត​ដឹកនាំ​ប្រទេស​តាម​វិធី​បង្ក្រាប​ក្រុម​អ្នក​រិះគន់ និង​អ្នក​ជំទាស់​រហូត​ដល់​សព្វថ្ងៃ​នេះ ខណៈ​សហរដ្ឋ​អាមេរិក​ប្រកាន់​ជំហរ​នៅតែ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

ចំណែក​សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក Alan Lowenthal ថ្លែង​ថា មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន បាន​ធ្វើ​គ្រប់យ៉ាង​តាម​អំណាច​របស់​ខ្លួន ដើម្បី​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូចជា៖

  • ការ​បិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន
  • ការ​បង្ខំ​ក្រុម​ជំទាស់​ឲ្យ​និរទេស​ខ្លួន
  • ការ​រំលាយ​គណបក្ស​ប្រឆាំង
  • និង​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជាដើម។

សមាជិក​សភា​អាមេរិក​រូប​នេះ​រិះគន់​ថា របៀប​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន មក​ទល់​ពេលនេះ គឺ​បញ្ច្រាស​ទៅ​នឹង​កិច្ចសន្យា​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទាំងស្រុង ដូច្នេះ​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​មួយ​នេះ គឺជា​រឿង​ស័ក្តិសម​បំផុត ព្រោះ​ថា​ក្រុម​គាត់​បាន​ប្រឹងប្រែង​វាយប្រហារ​កម្ទេច​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ឥត​ឈប់ឈរ​រហូត​មក។

Cambodia Democracy Act ឬ​ហៅ​កាត់​ថា H.R. ៤៦៨៦ គឺជា​ច្បាប់​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​បន្ត​មក​ពី​រដ្ឋសភា​អាណត្តិ​មុនៗ ដែល​បាន​អនុម័ត​ក្នុង​អាណត្តិ​ទី​១១៥ និង​ទី​១១៦។ ដោយឡែក​ក្នុង​អាណត្តិ​រដ្ឋសភា​ថ្មី​ទី​១១៧ របស់​រដ្ឋការ​លោក ចូ បៃដិន នេះ ត្រូវ​បាន​សមាជិក​សភា​អាមេរិក​លើក​យក​មក​ពិភាក្សា​បន្ត និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក លោក Gregory Meek ពី​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ​ញីវយ៉ក ផង​ដែរ។

ជុំវិញ​ការ​អនុម័ត​ច្បាប់​នេះ ប្រធាន​ប្រតិបត្តិ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា លោក​ត្រេកអរ និង​ថ្លែង​អំណរគុណ​ចំពោះ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋ​អាមេរិក ដែល​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ដើម្បី​លើក​កម្ពស់​ខាង​ផ្នែក​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​រូប​នេះ​អះអាង​ថា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង និង​ជា​អ្នក​តស៊ូ​មតិ​លើក​កម្ពស់​សេរីភាព សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ដទៃ​ទៀត​ចូលរួម​ស្នើសុំ​ឲ្យ​សភា​តំណាងរាស្ត្រ​នៅ​តាម​មណ្ឌល​របស់​ខ្លួន​ចូលរួម​គាំទ្រ​លើ​ច្បាប់​នេះ ដើម្បី​ផ្តល់​អំណាច​ដល់​ក្រសួង​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ចាត់​វិធានការ​ទៅលើ​មន្ត្រី​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កន្លង​មក។

ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទណ្ឌកម្ម​នេះ​ដែរ អ្នកវិភាគ​ខាង​ផ្នែក​គោល​នយោបាយ​របស់​អង្គការ Heritage Foundation ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អ្នកស្រី Olivia Enos បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​រដ្ឋាភិបាល​កម្ពុជា គឺ​មិន​មាន​ឥទ្ធិពល​លើ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ទណ្ឌកម្ម​នេះ​នឹង​ប៉ះពាល់​ខ្លាំង​តែ​ទៅលើ​អ្នក​មាន​អំណាច​ដែល​រំលោភ​ច្បាប់ និង​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ។

អ្នកស្រី Olivia Enos លើកឡើង​ទៀត​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​ត្រូវ​ធ្វើ​ឡើង​មាន​ច្រើន​សណ្ឋាន ច្រើន របៀប ដូចជា​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​ចរាចរ​លុយ​កខ្វក់ ការប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល និង​ឈ្មួញ​ទុច្ចរិត​ធំៗ​របស់​កម្ពុជា ជាដើម ដូច្នេះ​គ្មាន​ទណ្ឌកម្ម​ណា​មួយ​របស់​អាមេរិក នឹង​ត្រូវ​អនុវត្ត​លើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស