ក្រុមអ្នកឃ្លាំមើលសិទ្ធិការងារនៅកម្ពុជា រិះគន់ថា សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យពលករខ្មែរក្នុងប្រទេសថៃ ផ្អាកការធ្វើដំណើរ ឬចល័តពីកន្លែងស្នាក់នៅរបស់ខ្លួន មិនមែនជាដំណោះស្រាយពេញលេញ និងសមស្របដើម្បីដោះស្រាយបញ្ហាជូនពួកគេក្នុងពេលបច្ចុប្បន្ននេះទេ។
មន្ត្រីជាន់ខ្ពស់របស់អង្គការសង់ត្រាល់ លើកឡើងបែបនេះ គឺបន្ទាប់ពីក្រសួងការងារកម្ពុជា បានណែនាំឲ្យពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ ឲ្យផ្អាកធ្វើដំណើរចល័តពីកន្លែងស្នាក់នៅរបស់ខ្លួនក្នុងប្រទេសថៃ ឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រ សប្តាហ៍នេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ខែកក្កដា ថា ក្នុងស្ថានភាពពេលនេះ ពលករខ្មែរដែលស្របច្បាប់មួយចំនួនធំកំពុងតែប្រឈមនឹងបញ្ហាជីវភាពគ្រួសារធ្ងន់ធ្ងរ បើទោះបីជាពួកគេទទួលបានរបបសន្តិសុខសង្គមក្រោយរោងចក្រដែលពួកគេបានបម្រើទាំងនោះផ្អាកដំណើរការក៏ដោយ។
ដោយឡែកពលករខ្មែរដែលខុសច្បាប់រឹតតែប្រឈមខ្លាំងឡើងថែមទៀត ព្រោះថាក្នុងស្ថានភាពនៃការឆ្លងវីរុស Covid-19 នេះ អាជ្ញាធរថៃ បានចេញវិធានការត្រួតពិនិត្យលើកម្មករតាមរោងចក្រដើម្បីទប់ស្កាត់ការឆ្លងវីរុស Covid-19 យ៉ាងតឹងរ៉ឹង។ ដូច្នេះ ពលករទាំងនោះនឹងត្រូវបាត់បង់ការងារ ហើយរបបសន្តិសុខសង្គមក៏មិនអាចទទួលបាន រីឯការទទួលសេវាសុខាភិបាល ក៏រឹតតែគ្មានសង្ឃឹមទៅទៀត ដូច្នេះពលករខុសច្បាប់ទាំងនោះ គឺពិតជាប្រឈមខ្លាំងណាស់ ទាំងផ្លូវច្បាប់ និងការឆ្លងជំងឺ Covid-19។
មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាសហការជាមួយរដ្ឋាភិបាលថៃ ដើម្បីជួយសម្រួលដល់ពលករខ្មែរទាំងខុសច្បាប់ និងស្របច្បាប់ ដើម្បីឲ្យពួកគេអាចទទួលបានសេវាសុខាភិបាលរបស់ប្រទេសថៃ នៅពេលនេះ។ ជាងនេះទៀត រដ្ឋាភិបាលខ្មែរគួរតែអនុម័តថវិកាជាតិដើម្បីរៀបចំបង្កើនមណ្ឌលចត្តាឡីស័កតាមតំបន់ព្រំដែនបន្ថែមទៀត និងសម្ភារអាហារហូបចុកឲ្យបានគ្រប់គ្រាន់ដើម្បីទទួលពលករទាំងនោះ ប្រសិនបើពួកគេមានបំណងវិលត្រឡប់ទៅកម្ពុជាវិញនៅពេលនេះ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យពលករខ្មែរដែលកំពុងបម្រើការនៅប្រទេសថៃ ផ្អាកការធ្វើដំណើរ ឬចល័តពីកន្លែងស្នាក់នៅរបស់ខ្លួនឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលមេរោគ Covid-19 ប្រភេទថ្មី DELTA ក្នុងសហគមន៍ដែលកំពុងតែឆ្លងពីប្រទេសថៃ ទៅកម្ពុជាសព្វថ្ងៃនេះ។
ប្រភពដដែលបញ្ជាក់ថា ការសុំឲ្យផ្អាកធ្វើដំណើរនេះ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទោះពលករទាំងនោះមានករណីចាំបាច់ត្រូវវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងណាក៏ដោយ ក៏ត្រូវរង់ចាំរហូតដល់ថ្ងៃទី១២ សីហា សិនដែរ។

ដោយឡែកមេខ្យល់ ឬម្ចាស់រថយន្តដែលដឹកពលករ នឹងត្រូវប្រឈមនឹងផ្លូវច្បាប់របស់ប្រទេសថៃ យ៉ាងធ្ងន់ធ្ងរផងដែរ។
ក្រសួងការងារកម្ពុជា អំពាវនាវឲ្យពលករខ្មែរដែលកំពុងរស់នៅ និងបម្រើការនៅប្រទេសថៃ ទាំងអស់ ទាក់ទងទៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ក្នុងករណីដែលពួកគេមានបញ្ហាលំបាកផ្នែកជីវភាពណាមួយនោះ ដោយឡែកប្រសិនបើពួកគេសង្ស័យខ្លួនឯងថាវិជ្ជមានវីរុស Covid-19 សូមព្យាយាមទាក់ទងទៅលេខទូរស័ព្ទមន្ទីរពេទ្យថៃ ឬអាជ្ញាធរថៃ ដែលមានសមត្ថកិច្ចក្នុងការយកសំណាក និងព្យាបាលជំងឺ Covid-19។
សេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេចស្ដីពីការបិទខ្ទប់បណ្តាខេត្តជាប់ព្រំប្រទល់ប្រទេសថៃ ចំនួន ៨ខេត្ត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ដូចជាខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។
សេចក្តីសម្រេចនេះ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដែលជាវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺ Covid-19 ក្នុងសហគមន៍ដែលបានហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ឬចេញចូលក្នុងខេត្តដែលបានបិទខ្ទប់ទាំងនេះយ៉ាងម៉ឺងម៉ាត់។
ទិន្នន័យសង្គមស៊ីវិលបង្ហាញថា ពលករខ្មែរដែលកំពុងបម្រើការនៅប្រទេសថៃ ក្នុងពេលបច្ចុប្បន្ននេះប្រមាណជាង ២លាន ៤សែននាក់ ទាំងពលករខ្មែរដែលមានឯកសារត្រឹមត្រូវ និងពលករដែលខុសច្បាប់៕