លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា អំណោយវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះពលរដ្ឋខ្មែរ និងនៅក្នុងតំបន់ ស្របពេលដែលកម្ពុជាកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅពេលនេះ។
បុរសខ្លាំងនៅកម្ពុជារូបនេះ បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ថា វ៉ាក់សាំង Covid-19 Johnson & Johnson ដែលជាជំនួយរបស់អាមេរិកជំហានទី២ ជាង ៦០ម៉ឺនដូសបន្ថែមទៀតបានមកដល់កម្ពុជា នៅយប់ថ្ងៃចន្ទ សប្តាហ៍នេះ។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ អាមេរិកក៏បានផ្តល់វ៉ាក់សាំងរបស់ខ្លួនចំនួន ៤សែន ៥ម៉ឺន ៥០០ដូសដល់កម្ពុជាដែរ ហើយដែលជំនួយរបស់សហរដ្ឋអាមេរិកសរុបទាំងពីរលើកនេះមានចំនួន ១លាន ៦សែន ១០០ដូស។
លោក ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំងគឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលកំពុងរីករាលដាលលើពិភពលោក ខណៈកម្ពុជាបានដាក់ចេញនូវផែនការផ្តល់វ៉ាក់សាំងជូនពលរដ្ឋដែលជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះផងដែរ។

គិតត្រឹមខែសីហា ឆ្នាំ២០២១ នេះ បណ្តាប្រទេសជាមិត្តរបស់កម្ពុជា បានផ្តល់វ៉ាក់សាំងដែលជាជំនួយមនុស្សធម៌ដល់ពលរដ្ឋខ្មែរជាបន្តបន្ទាប់ រួមមានប្រទេសចិន ផ្តល់វ៉ាក់សាំង ៣លាន ២សែនដូស ប្រទេសជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេសចំនួន ៤១ម៉ឺន ៥ពាន់ដូស។
ជុំវិញបញ្ហានេះ លោក ហ៊ុន សែន បានអះអាងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ដល់កុមារ និងយុវវ័យអាយុក្រោម ១៨ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ថា នៅពេលនេះ កម្ពុជាមានវ៉ាក់សាំងក្នុងដៃចំនួន ១៩លានដូសហើយដែលកំពុងដំណើរការចាក់ជូនពលរដ្ឋ ខណៈវ៉ាក់សាំងដែលនឹងទៅដល់កម្ពុជាបន្ថែមទៀតទាំងវ៉ាក់សាំងដែលជាជំនួយមនុស្សធម៌ និងវ៉ាក់សាំងដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញសរុបទាំងអស់មានចំនួន ២៦លាន ៤សែន ៩ម៉ឺន ៩ពាន់ ១០០ដូស។
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានអះអាងថា ខ្លួនបានបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ជូនប្រជាពលរដ្ឋបានចំនួនជាង ៧លាន ៣សែននាក់ហើយ ខណៈអ្នកដែលបានចាក់ដូសទី២ មានចំនួនជាង ៤លាន ៨សែននាក់ផងងដែរ ដោយគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មក៕