28 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​ជន​ផ្ដាច់ការ​តែង​កសាង​មុខមាត់​នយោបាយ​ដោយ​ការ​ប្រើ​មធ្យោបាយ​ទុច្ចរិត

បទវិភាគ

អ្នក​តាមដាន​កិច្ចការ​សង្គម លើកឡើង​ថា ជន​ផ្ដាច់ការ​តែង​កសាង​មុខមាត់​នយោបាយ ឬ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ដោយ​ការ​ប្រើ​មធ្យោបាយ​ទុច្ចរិត​គ្រប់​បែបយ៉ាង ដើម្បី​យក​ឈ្នះ​ដៃគូ​ទាំង​នៅ​លើ​ឆាក និង​ក្រោយ​ឆាក​នយោបាយ​ដែល​ពួកគេ​កំពុងតែ​កាន់កាប់។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ថា ជន​ផ្ដាច់ការ​តែងតែ​កសាង​កិត្តិយស​លើ​ឆាក​នយោបាយ​ដោយ​ប្រើ​វិធី​ស្មោកគ្រោក​គ្រប់​សកម្មភាព​ទាំងអស់ ដើម្បី​ផ្ដួល​រំលំ​គូប្រជែង ដូចជា​ការ​កាង​ទីផ្សារ​នយោបាយ​ផ្ដាច់មុខ​តែ​ម្នាក់​ឯង និង​គំរាម​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​យក​សេវា​នយោបាយ​ភូត​កុហក​របស់​ខ្លួន​ជាដើម។

លោក​រិះគន់​ថា ជំពូក​អ្នក​នយោបាយ​ផ្ដាច់ការ​មិន​ចេះ​ប្រឹង​កសាង​សមត្ថភាព​ដឹកនាំ​ខ្លួនឯង​ឲ្យ​ពេញ​និយម​ដោយ​សុចរិតភាព​នោះ​ទេ តែ​បែរជា​តាម​រំលាយ​គូប្រកួត​របស់​ខ្លួន​ក្នុង​ចេតនា​ទុច្ចរិត​ដើម្បី​ដណ្តើម​អ្នក​គាំទ្រ​របស់​គេ ប៉ុន្តែ​ពេល​គេ​មិន​គាំទ្រ និង​រិះគន់​ពី​អំពើ​អាក្រក់​របស់​ខ្លួន បែរជា​ចាប់​គេ​ដាក់​គុក ដោយ​ចោទ​អ្នក​ទាំងនោះ​ថា​ជា​ជន​ក្បត់ បើ​ទោះ​ជា​ការ​ចាប់​ខ្លួន​អ្នក​មិន​គាំទ្រ​ទាំងនោះ​ត្រូវ​បាន​គេ​រិះគន់​ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ។

បណ្ឌិត សេង សារី បញ្ជាក់​ថា ការ​កសាង​កិត្តិយស ឬ​កេរ្តិ៍​ឈ្មោះ​ដែល​ទទួល​បាន​ការ​ពេញ​និយម គឺជា​កេរ្តិ៍​ឈ្មោះ​ដែល​បាន​មកពី​ការ​ធ្វើ​កិច្ចការ​ត្រឹមត្រូវ ប្រកួតប្រជែង​ដោយ​ស្មោះត្រង់ មិន​បន្លំ ឬ​បោកប្រាស់​អ្នក​គាំទ្រ គោរព​តាម​គោលការណ៍​ប្រកួតប្រជែង​ដោយ​គ្មាន​ការ​កេងប្រវ័ញ្ច និង​ដាក់​ចេញ​នូវ​ផលិតផល ឬ​សេវាកម្ម​មាន​គុណភាព​ប្រកប​ដោយ​គុណធម៌ ជាដើម។

បើ​ទោះ​ជា​ការ​លើកឡើង​របស់​បណ្ឌិត សេង សារី មិន​ចំ​ឈ្មោះ ឬ​អ្នក​នយោបាយ​មួយ​ណា ប៉ុន្តែ​គឺ​ហាក់​សំដៅ​រក​លើ​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​បច្ចុប្បន្ន ដែល​បាន​គំរាមកំហែង​ដៃគូ​ប្រឆាំង​របស់​ខ្លួន​តាម​គ្រប់​វិធី​ដើម្បី​កម្ចាត់​គូប្រជែង​ទាំងនោះ​ឲ្យ​ខ្ទាត​ចេញ​ពី​ឆាក​នយោបាយ​ដូច​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៨៥ មក ត្រូវ​គេ​មើលឃើញ​ថា លោក​បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់ ដូចជា​ការរំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បំពាន​រដ្ឋធម្មនុញ្ញ និង​រំលោភ​ព្រះមហាក្សត្រ​ជាដើម ដែល​ជា​មធ្យោបាយ​យក​ឈ្នះ​លើ​គូប្រជែង​របស់​ខ្លួន​ដើម្បី​គ្រប់គ្រង​អំណាច​បន្ត​ទៀត។

ពួកគេ​បន្ថែម​ថា បច្ចុប្បន្ន​នេះ កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ដោយ​គ្មាន​បក្ស​ប្រឆាំង​ក្នុង​សង្វៀន​នយោបាយ​នោះ​ឡើយ ប៉ុន្តែ​ដើម្បី​បន្លំ​ភ្នែក​ពលរដ្ឋ រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ​បាន​បង្កើត​នូវ​ដំណើរការ​បោះឆ្នោត​ក្លែងក្លាយ​មួយ​ដែល​ពួកគេ​ជា​អ្នក​រៀបចំ​ចាត់ចែង​ទាំងស្រុង ខណៈ​គណបក្ស​ថ្មីៗ​ដែល​បាន​បង្កើត​មក គឺ​ស្ថិត​ក្នុង​ល្បិច​កល​នយោបាយ​ដែល​ពួកគេ​បាន​រៀបចំ ដើម្បី​ឲ្យ​ជួយ​លំអ​ការបោះឆ្នោត​ក្លែងក្លាយ​ដែល​បក្ស​កាន់​អំណាច​បាន​បង្កើត​ឡើង​នេះ​តែប៉ុណ្ណោះ។

ទោះ​ជា​បែប​នេះ​ក្តី លោក ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ ថា គ្មាន​អ្នក​ណា​អាច​មក​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​បាន​ឡើយ ដូច្នេះ​លោក​នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​រហូត​ទាល់តែ​លែង​ចង់​ធ្វើ ព្រោះ​ថា​លើ​លោក​នេះ​គ្មាន​ច្បាប់​ណា​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នោះ​ទេ។

ជាង​នេះ​ទៅ​ទៀត ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​គូស​បញ្ជាក់​ថា លោក​គឺជា​នាយករដ្ឋមន្ត្រី​ដែល​ពលរដ្ឋ​ខ្មែរ​គោរព​ស្រឡាញ់ និង​គាំទ្រ​ខ្លាំង​បំផុត ដូច្នេះ​ហើយ​ទើប​លោក​អាច​រក្សា​តំណែង​នាយករដ្ឋមន្ត្រី​បាន​រហូត​ដល់​សព្វថ្ងៃ​នេះ ហើយ​លោក​ក៏​ជា​អ្នក​ដែល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​យូរ​ជាងគេ​ផង​ដែរ​នៅ​ក្នុង​ពិភពលោក។

ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ធ្លាប់​បាន​អះអាង​ថា អំណាច​របស់​លោក ហ៊ុន សែន គឺ​បាន​មកពី​ការ​ប្លន់​តែប៉ុណ្ណោះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា មេដឹកនាំ​ខ្មែរ​រូប​នេះ​គឺជា​ជន​ផ្ដាច់ការ​ល្មោភ​អំណាច​ខ្លាំង​បំផុត។

លោក​ថា ក្រោម​ការ​ជ្រោមជ្រែង​របស់​រដ្ឋការ​ក្រុង​ហាណូយ លោក ហ៊ុន សែន បាន​ដណ្តើម​អំណាច​ពី​លោក ប៉ែន សុវណ្ណ និង​លោក ចាន់ ស៊ី ដើម្បី​ខ្លួនឯង​ឡើង​កាន់កាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​១៩៨៥ មក​ម្ល៉េះ។

លើស​ពី​នេះ​ទៀត លោក​អះអាង​ថា ក្រោយ​ចាញ់​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ (UNTAC) លោក ហ៊ុន សែន បាន​ប្លន់​អំណាច​ម្តង​ទៀត​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​នាយករដ្ឋមន្ត្រី​ទី​១ នា​ពេល​នោះ ដោយ​បាន​បង្កើត​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ កន្លងទៅ។

លោក ម៉ែន ណាត បញ្ជាក់​ថា ក្រោយ​ក្តាប់​អំណាច​ពេញ​ដៃ លោក ហ៊ុន សែន បាន​លួច​កែ​ច្បាប់​បោះឆ្នោត និង​ច្បាប់​ផ្សេងៗ​ជាច្រើន​ទៀត ក្នុង​នោះ​មាន​ទាំង​កែប្រែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង​ដែរ ដើម្បី​ប្រើ​ឧបករណ៍​យក​ឈ្នះ​ការបោះឆ្នោត​លើ​ដៃគូ​នយោបាយ និង​ដើម្បី​រក្សា​អំណាច​ត​វង្ស​ត្រកូល​របស់​ខ្លួន​បន្ត​ទៀត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស