27 C
Phnom Penh

ជប៉ុន​អំពាវនាវ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​តៃវ៉ាន់​ប្រឆាំង​ផែនការ​របស់​ចិន​លើក​ទ័ព​លុកលុយ​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ ឱ្យ​រួម​កម្លាំង​គ្នា​ជួយ​កោះ​តៃវ៉ាន់ ខណៈ​ប្រទេស​ចិន មាន​ផែនការ​លើក​ទ័ព​ចូល​លុកលុយ​ដែន​កោះ​នេះ​ដើម្បី​កាន់កាប់​ឱ្យ​មក​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន។ នេះ​បើ​តាម​សារព័ត៌មាន Financial Times បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Nobuo Kishi ដែល​ជា​ប្អូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe បាន​ប្រាប់​ប្រភព​សារព័ត៌មាន​នេះ​ថា សហគមន៍​អន្តរជាតិ​ត្រូវ​រួមគ្នា​ជួយ​ការពារ​តៃវ៉ាន់ ហើយ​ប្រឆាំង​នឹង​ផែនការ​របស់​ចិន ដែល​លោក​ថា តៃវ៉ាន់​កំពុង​ប្រឈម​នឹង​ការ​វាយលុក​ដោយ​កងទ័ព​ចិន។

ការ​លើកឡើង​របស់​ប្រមុខ​ការពារ​ជាតិ​ជប៉ុន​រូប​នេះ គឺជា​ការ​កត់សម្គាល់​មួយ​ទៀត​ថា ប្រទេស​ជប៉ុន​បារម្ភ​ជា​ខ្លាំង​អំពី​អនាគត​កោះ​តៃវ៉ាន់​ដែល​អាច​របូត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុង​ប៉េកាំង។

នៅ​រយៈពេល​ចុងក្រោយ​នេះ ជប៉ុន​កាន់តែ​ជិតស្និទ្ធ​នឹង​កោះ​តៃវ៉ាន់ គឺ​ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ពង្រឹង​វិស័យ​សន្តិសុខ​ទ្វេភាគី​ទៀត​ផង ដោយ​ក្រុង​តូក្យូ​មិន​ស្ដាប់​ការ​ព្រមាន​របស់​ក្រុង​ប៉េកាំង ដែល​ហាម​មិន​ឱ្យ​មាន​ចំណង​ទាក់ទង​សន្តិសុខ​ជាមួយ​តៃវ៉ាន់។

ក្នុង​សៀវភៅ​ស​មួយ​នៃ​ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​បង្ហើប​អំពី​ការ​ជួយ​តៃវ៉ាន់ ធ្វើ​ឱ្យ​មាន​តុល្យភាព​យោធា​ជាមួយ​ចិន។ ក្នុង​នោះ​ហើយ​ដែល​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Nobuo Kishi បាន​ព្រមាន​ថា តៃវ៉ាន់​នឹង​គ្រោះថ្នាក់​ធ្លាក់​ក្រោម​ទីក្រុង​ប៉េកាំង បើ​តៃវ៉ាន់​ពុំ​មាន​ការ​ជួយ​ពី​សហគមន៍​អន្តរជាតិ។ លោក​ថា ចិន​មិន​បោះបង់​ចោល​នូវ​មហិច្ឆតា​របស់​ខ្លួន​នោះ​ទេ។

នៅ​រយៈពេល​ចុងក្រោយ​នេះ ចិន​បាន​បង្កើន​ការ​ដាក់​សម្ពាធ​លើ​តៃវ៉ាន់​កាន់តែ​ខ្លាំង។ ក្រុង​ប៉េកាំង​តែងតែ​ធ្វើ​សមយុទ្ធ​ទាំង​ទ័ព​ជើងទឹក ទ័ព​ជើងអាកាស​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​បើក​យន្តហោះ​ចម្បាំង​ហោះ​ចូល​ដែនអាកាស​របស់​កោះ​នេះ ទោះ​ជា​តៃវ៉ាន់​ប្រាប់​សញ្ញា​ថា ចូល​ដែនអាកាស​របស់​ខ្លួន​ក៏ដោយ ក៏​ក្រុង​ប៉េកាំង​មិន​ស្ដាប់​ឡើយ។ មិនតែប៉ុណ្ណោះ មហាយក្ស​អាស៊ី​មួយ​នេះ​គំរាម​វាយលុក​តៃវ៉ាន់​ភ្លាមៗ​បើ​យន្តហោះ​របស់​ខ្លួន​រង​ការ​បាញ់​ប្រហារ។

តែ​ជាមួយ​គ្នា​នេះ Financial Times បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ជប៉ុន​សម្ដែង​ការ​ព្រួយបារម្ភ​នេះ គឺ​ក្រុង​តូក្យូ បាន​បញ្ជូន​ទ័ព ៦០០​នាក់​ទៅកាន់​កោះ​អូគីណាវ៉ា ដើម្បី​ការពារ​ប្រជុំកោះ​សេនកាគូ របស់​ខ្លួន និង​ដែន​កោះ​តៃវ៉ាន់។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​រូប​នេះ បាន​បញ្ជាក់​ពី​ផែនការ​ដាក់​ពង្រាយ​ទ័ព ៥០០ ទៅ ៦០០​នាក់​បន្ថែម​ទៀត​នៅ​លើ​កោះ​មួយ​នៅ​ភាគ​ខាងលិច​សមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​សកម្មភាព​មួយ​ដែល​នឹង​បង្កើន​សមត្ថភាព​សម្ពន្ធមិត្ត​ដើម្បី​ប្រឆាំង​នឹង​យុទ្ធសាស្ត្រ​លេប​យក​ខ្សែ​កោះ​ទី​១ ពី​សំណាក់​ចិន។

តាម​លោក Nobuo Kishi រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា​នឹង​ដាក់​ពង្រាយ​អង្គភាព​ប្រឆាំង​យន្តហោះ និង​ប្រឆាំង​នាវា​ដែល​មាន​បុគ្គលិក ៦០០​នាក់​ទៅកាន់​កោះ​អ៊ីស៊ីហ្កាគី ដែល​ជា​ផ្នែក​មួយ​នៃ​ខេត្ត​អូគីណាវ៉ា ស្ថិត​ក្នុង​ចម្ងាយ​តែ ១៨៥​ម៉ាយ​ពី​ដែន​កោះ​តៃវ៉ាន់​ប៉ុណ្ណោះ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា នឹង​មាន​ការ​ដាក់​ពង្រាយ​គ្រឿង​សឹក​សង្គ្រាម​អេឡិចត្រូនិក​បន្ថែម​នៅ​កោះ​យ៉ាណូគូនី ថែម​ទៀត​នៅ​ឆ្នាំ​២០២២។ កោះ​យ៉ាណូគូនី ស្ថិតនៅ​ខាងលិច​ប្រទេស​ជប៉ុន។ ទីតាំង​កោះ​នេះ​ក៏​កំពុង​ត្រូវ​បាន​សិក្សា​ដាក់​ពង្រាយ​ទ័ព​ស្រប​នឹង​ផែនការ​ថវិកា​ការពារ​ជាតិ​ឆ្នាំ​២០២៣។

លោក Nobuo Kishi បាន​បញ្ជាក់​ថា ប្រទេស​ជប៉ុន​នឹង​ពង្រឹង​ខ្សែ​កោះ​ទី​១ ក្រោម​ការ​ការពារ​ដោយ​ប្រព័ន្ធ​មីស៊ីល។

យោង​តាម​ក្រុម​អ្នក​សិក្សា​អន្តរជាតិ កងកម្លាំង​បន្ថែម​នេះ​ទំនង​ជា​ការ​ឆ្លើយតប​ដោយ​ផ្ទាល់​ចំពោះ​ការ​ពង្រីក​កង​នាវាចរ​សមុទ្រ​របស់​ចិន ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​មីយ៉ាកូ ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​បាន​ធ្វើ​សមយុទ្ធ​នៅ​ប៉ាស៊ីហ្វិក ដែល​វា​ពិត​ណាស់​គំរាម​ប្រទេស​ជប៉ុន។ អង្គភាព​ថ្មី​មួយ​នេះ​នឹង​ប្រតិបត្តិការ​មីស៊ីល បាញ់​ពី​ដី​ទៅ​ទឹក និង​ពី​ដី​ទៅ​អាកាស។

ក្រុម​អ្នកវិភាគ​យល់ឃើញ​ថា ចិន​កំពុង​អភិវឌ្ឍ​សមត្ថភាព​ទប់ទល់​នឹង​ការ​ប្រឆាំង​ពី​ប្រទេស​ជិតខាង ជាពិសេស​គឺ​ប្រទេស​ជប៉ុន នៅ​ពេល​ក្រុង​ប៉េកាំង លើក​ទ័ព​រឹបអូស​កោះ​តៃវ៉ាន់។

អ្នក​យុទ្ធសាស្ត្រ​ព្យាករ​ថា ទោះ​ជា​ជប៉ុន​ពង្រឹង​ការ​ការពារ​ដែនទឹក​ដូចនេះ​ក៏ដោយ ក៏​នាវា​ផ្ទុក​យន្តហោះ និង​នាវា​ចម្បាំង​របស់​ចិន នឹង​ដាក់​ពង្រាយ​នៅ​ភាគ​ខាងកើត​កោះ​តៃវ៉ាន់ ក្នុង​ពេល​មាន​ជម្លោះ គឺជា​ការ​ទប់ស្កាត់​ចរាចរណ៍​នាវា​ចូល​ច្រក​សមុទ្រ​តៃវ៉ាន់។

សៀវភៅ​ស​ការពារ​ជាតិ​ប្រចាំ​ឆ្នាំ​របស់​ជប៉ុន បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សកម្មភាព​ឆ្មាំ​សមុទ្រ​ចិន នៅ​ជុំវិញ​ប្រជុំកោះ​សេនកាគូ របស់​ជប៉ុន ដែល​ចិន​ប៉ុនប៉ង​យក​មក​វិញ​ព្រោះតែ​ចិន​ថា​ជា​ប្រជុំកោះ​របស់​ខ្លួន។

ទីក្រុង​តូក្យូ បាន​បញ្ជូន​សញ្ញា​ប្រាប់​ក្រុង​ប៉េកាំង​ថា ក្រុង​តូក្យូ​ត្រូវ​បន្ត​ជួយ​តៃវ៉ាន់​ពង្រឹង​ប្រជាធិបតេយ្យ​ដោយ​ទប់ទល់​នឹង​របប​កុម្មុយនីស្ត។

អ្នកជំនាញ​លើកឡើង​ថា ទីក្រុង​តូក្យូ​នឹង​ចូលរួម​ការពារ​ជាតិ​តៃវ៉ាន់ លុះត្រាតែ​អាមេរិក​ចេញ​មុខ​ខ្លាំង​ជួយ​តៃវ៉ាន់​ផង​ដែរ។

ជប៉ុន និង​អាមេរិក គឺ​សម្ពន្ធភាព​ប្រវត្តិសាស្ត្រ​នៃ​សន្ធិសញ្ញា​សន្តិសុខ​ជប៉ុន-អាមេរិក មាន​អាយុ ៧០​ឆ្នាំ​ហើយ។ យោង​តាម​សន្ធិសញ្ញា​នេះ បើ​ជប៉ុន​រង​ការឈ្លានពាន​ពី​ប្រទេស​ចិន គឺ​សហរដ្ឋ​អាមេរិក​ត្រូវតែ​ជួយ​ជប៉ុន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស