មន្ត្រីគណបក្សក្រៅរដ្ឋាភិបាល បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបង្រួមក្រសួងស្ថាប័នជាតិឲ្យតូចជាងមុន និងជម្រុះមន្ត្រីរាជការដែលគ្មានសមត្ថភាពចេញ ដើម្បីធានានូវការប្រើប្រាស់ថវិកាជាតិឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។
អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក កង គឹមហាក់ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ ខែសីហា ថា ប្រព័ន្ធដឹកនាំរដ្ឋាភិបាលនៅកម្ពុជានាបច្ចុប្បន្ននេះ គឺមានការងារតិច បង្កើតក្រសួងស្ថាប័នច្រើន បង្កើតមន្ត្រីច្រើន ចំណាយលុយជាតិច្រើន មានអំពើពុករលួយច្រើន ប៉ុន្តែទទួលបានលទ្ធផលការងារតិចតួច ដែលនាំឲ្យខាតផលប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ។
លោកលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែបង្រួមក្រសួងស្ថាប័នជាតិដែលសំខាន់ៗឲ្យមកនៅត្រឹមតែ ១៧ក្រសួងនោះជាការស្រេច ដូចជាក្រសួងការពារជាតិ ក្រសួងកសិកម្ម និងក្រសួងអប់រំ ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យបានច្បាស់លាស់ និងជាការផ្តល់ឱកាសដល់មន្ត្រីដែលមានសមត្ថភាពបំពេញការងារតាមសក្ដានុពលដែលពួកគាត់មាន ដោយឡែកមន្ត្រីដែលគ្មានសមត្ថភាព ក៏ត្រូវជម្រុះចោលឲ្យអស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថវិកាជាតិដែលមិនចំគោលដៅដូចពេលកន្លងមក។
លោក កង គឹមហាក់ បញ្ជាក់ថា ការបង្កើតក្រសួង និងស្ថាប័នជាតិច្រើន តែមិនបានធ្វើឲ្យមានការរីកចម្រើននៅកម្ពុជានោះទេ ករណីនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីប្រព័ន្ធដឹកនាំរដ្ឋមួយដែលគ្មានគុណភាព គ្មានតម្លាភាពក្នុងការអភិវឌ្ឍប្រទេសជាតិ ខណៈលុយជាតិបានខាតបង់ទៅលើមន្ត្រីដែលគ្មានសមត្ថភាព និងមន្ត្រីពុករលួយទាំងនោះអស់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។

ការរិះគន់របស់មន្ត្រីបក្សក្រៅរដ្ឋាភិបាលរូបនេះ ធ្វើឡើបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងពីការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ជាតិក្នុងពិធីប្រគល់រថយន្តដល់មន្ត្រីមូលដ្ឋានរបស់ខ្លួនកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងអំពីកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធានាដល់ប្រព័ន្ធរដ្ឋបាលរបស់កម្ពុជាមានគុណភាព មានប្រសិទ្ធភាពដែលអាចធានាបាននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកអះអាងថា បច្ចុប្បន្ននេះ កម្ពុជាអាចមានលទ្ធភាពកាត់បន្ថយមន្ត្រីរបស់ខ្លួនបានហើយ ខណៈការកាត់បន្ថយនេះមិនសំដៅតែលើមន្ត្រីថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងឈានទៅដល់ការកាត់បន្ថយមន្ត្រីថ្នាក់ក្រោមជាតិផងដែរ ដែលជារបៀបវារៈមួយត្រូវពិភាក្សានាពេលខាងមុខបន្តទៀត ដើម្បីរកប្រសិទ្ធភាពការងាររបស់ក្រសួងនីមួយៗ។
ជុំវិញបញ្ហានេះ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា ត្រូវបានសារព័ត៌មានក្នុងស្រុកឈ្មោះថ្មីៗ ដកស្រង់សម្ដីកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជាតែងតែជ្រើសរើសមន្ត្រីរាជការជាមធ្យមប្រមាណ ៦ពាន់នាក់ ឬក្រោម ១ម៉ឺននាក់ក្នុងមួយឆ្នាំៗសម្រាប់បម្រើការងារតាមក្រសួង-ស្ថាប័នរបស់រដ្ឋ។
លោកអះអាងថា សព្វថ្ងៃនេះ មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានចំនួនប្រមាណ ២២ម៉ឺននាក់ហើយនៅទូទាំងប្រទេសកម្ពុជា ខណៈមន្ត្រីរាជការទាំង ២២ម៉ឺននាក់នេះ គឺត្រូវបម្រើការងារក្នុងក្រសួង-ស្ថាប័នដែលចំណុះឲ្យរដ្ឋាភិបាលទាំងអស់ ដោយឡែកមន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីក្នុងអង្គការនីតិប្បញ្ញត្តិ មន្ត្រីក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីក្នុងប្រព័ន្ធតុលាការ មិនត្រូវបានរាប់បញ្ចូលនោះទេ។
ប្រទេសកម្ពុជាមានក្រសួងស្ថាប័នទាំងអស់ចំនួន ២៨ក្រសួង ហើយក្រសួងនីមួយៗ គឺមានរដ្ឋលេខាធិការដ្ឋានរបស់ខ្លួនចំនួន១ ដូចៗគ្នាទាំងអស់ ក្នុងនោះមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាដើម ដើម្បីដំណើរកិច្ចការរដ្ឋបាលរបស់ជាតិសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីអំពីការផ្អាកជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជាបណ្ដោះអាសន្នសម្រាប់ឆ្នាំ២០២០ ក្នុងការចូលបម្រើការងារជាមន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយសារជំងឺរាតត្បាតសកល៕