30.7 C
Phnom Penh

នាយករដ្ឋមន្ត្រី​ប្រកាស​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​ក្នុង​ក្របខ័ណ្ឌ​ទាំង​ស៊ីវិល​ទាំង​ទាហាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ ប្រាក់​កម្រៃ​ប្រចាំ​ខែ បច្ច័យ​និច្ចភត្ត​ប្រចាំ​ខែ និង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធីបុណ្យ​ប្រពៃណី​ជាតិ ជាដើម គឺជា​ការ​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​មន្ត្រី​រាជការ​ទាំងអស់។

ប្រមុខ​រដ្ឋាភិបាល​មិន​បាន​និយាយ​បញ្ជាក់​ថា តើ​មន្ត្រី​រាជការ​ណា​នឹង​បាន​ទទួល​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​នោះ​ទេ។

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត សរសេរ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ ធ្នូ នេះ​ថា ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ ជន​ពិការ អតីត​យុទ្ធជន និង​អតីត​មន្ត្រី​រាជការ ជាដើម សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៥ នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ថវិកា​ជូន​ពួកគេ​មួយ​កម្រិត​ទៀត ដែល​នឹង​ត្រូវ​ចាប់​អនុវត្ត​ចាប់ពី​ខែ​មករា ឆ្នាំ​២០២៥ ខាងមុខ​នេះ​តទៅ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ប្រាក់​បំណាច់​មុខងារ និង​ប្រាក់​ប្រចាំ​ខែ​មួយ​ចំនួន​ផ្សេង​ទៀត ត្រូវ​បាន​ដំឡើង​ជូន​មន្ត្រី​រាជការ​ស៊ីវិល យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មន្ត្រី​នគរបាល​ជាតិ​កម្ពុជា មន្ត្រី​ពន្ធនាគារ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រី​ភូមិ មន្ត្រី​ជាប់​កិច្ចសន្យា ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គ្រូ​ពុទ្ធិកសិក្សា និង​មន្ត្រី​បំពេញ​ការងារ​នៅ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ​ផង​ដែរ។

កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ចំនួន​៩ រួម​មាន៖

  1. អនុក្រឹត្យ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​ជូន​មន្ត្រី​រាជការ
  2. អនុក្រឹត្យ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ
  3. អនុក្រឹត្យ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​មន្ត្រី​នគរបាល​ជាតិ
  4. អនុក្រឹត្យ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​មន្ត្រី​ពន្ធនាគារ
  5. អនុក្រឹត្យ​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ដល់​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រី​ភូមិ និង​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  6. អនុក្រឹត្យ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ដល់​មន្ត្រី​ជាប់​កិច្ចសន្យា
  7. អនុក្រឹត្យ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​ប្រចាំ​ខែ​ឧបការី​កម្រិត​ទី​៤ ទី​៥ និង​ទី​៦ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ
  8. អនុក្រឹត្យ​ដំឡើង​បច្ច័យ​និច្ចភត្ត​ប្រចាំ​ខែ​សម្រាប់​គ្រូ​ពុទ្ធិកសិក្សា និង​មន្ត្រី​បំពេញ​ការងារ​នៅ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ
  9. និង​អនុក្រឹត្យ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៥​ម៉ឺន​រៀល​ជូន​មន្ត្រី​រាជការ-កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​ឆ្នាំ​២០២៥ នេះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ធ្នូ នេះ​ថា ការ​ដំឡើង​ប្រាក់​ផ្សេងៗ​ជូន​ដល់​មន្ត្រី​រាជការ គឺជា​រឿង​ល្អ ប៉ុន្តែ​បើ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ក៏​កើន​ឡើង​ដែរ​នោះ មាន​ន័យ​ថា ការ​ដំឡើង​ប្រាក់​សម្រាប់​មន្ត្រី​រាជការ​ទាំងនេះ​ក៏ដូចជា​មិន​ដំឡើង​ដែរ ព្រោះ​ប្រាក់​ដែល​ត្រូវ​បាន​ដំឡើង​ទាំងនេះ​ក៏​មិន​អាច​ជួយ​ជីវភាព​រស់នៅ​របស់​ពួកគេ​ឱ្យ​អាច​រស់នៅ​សមរម្យ​បាន​ដែរ។

យ៉ាងណាមិញ យោង​តាម​ការ​ស្រាវជ្រាវ​ពី​ភ្នាក់ងារ ReliefWeb តម្លៃ​ស្បៀងអាហារ​សព្វសារពើ​មួយ​ កន្ត្រក​គិត​ជា​អតិផរណា​មធ្យម រក្សា​បាន​នៅ​កម្រិត​ទាប គឺ​ត្រឹម​ប្រមាណ ២% មក​ទល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដែល​ក្នុង​ពលរដ្ឋ​ម្នាក់​ចំណាយ​លើ​ម្ហូបអាហារ​ប្រមាណ​ជិត ២៧​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ខែ។

លោក អ៊ុំ សំអាន លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​អាច​ទប់ស្កាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​ក្នុង​ស្ថាប័ន​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព មន្ត្រី​រាជការ​ទាំងអស់​នឹង​អាច​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​គ្រប់ៗ​គ្នា​ទៅ​តាម​កម្រិត​រៀង​ខ្លួន ហើយ​រដ្ឋាភិបាល​ក៏​មិន​ចាំបាច់​ផ្តល់​លុយ​ឧបត្ថម្ភ​នៅ​ពេល​បុណ្យ​ជាតិ ដូចជា​បុណ្យ​ចូលឆ្នាំ ឬ​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ដែរ។

ទោះជា​យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត ហ៊ាន​ប្រកាស​ឲ្យ​ដឹង​មុន​បែប​នេះ មកពី​រាជរដ្ឋាភិបាល​ទើប​នឹង​ខ្ចីបុល​ថវិកា​បាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ក្នុង​ទឹកប្រាក់​សរុប​ទាំង​បំណុល​ចងការ ទាំង​ជំនួយ​ឥត​សំណង ចំនួន​ជាង ៤០០​លាន​ដុល្លារ។ នៅ​ខែ​តុលា ឆ្នាំ​២០២៤ ចុះហត្ថលេខា​ប្រគល់/ទទួល ៨០​លាន​ដុល្លារ ហើយ​នៅ​ខែ​វិច្ឆិកា ប្រគល់/ទទួល ៥០​លាន​ដុល្លារ។

ចំណាយ​បែប​បំពេញ​ចិត្ត​គ្នា​នេះ ពាក្យ​សាមញ្ញ​អ្នក​រកស៊ី​ប្រើ​ប្រចាំ​ថ្ងៃ​គេ​ហៅថា បង្វិល​ពី​នេះ ទៅ​ដាក់​ឯណោះ ប៉ុន្តែ​មិនមែន​ទុន​ថវិកា​ជាតិ​ផ្ទាល់ គឺ​ជា​បំណុល​ដែល​ត្រូវតែ​សង​គេ​វិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស