នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលប្រទេសកម្ពុជាបានអនុវត្តអភិក្រម ឬការរឹតបន្តឹងពង្រឹង ជាជាងពង្រីក និងរៀបចំផ្ទះឱ្យរៀបរយនៅតាមក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដោយមិនបង្រួមក្រសួងស្ថាប័ន ឬកាត់បន្ថយមន្ត្រីដូចនៅសហរដ្ឋអាមេរិក និងប្រទេសវៀតណាម ឡើយ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៃក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសកម្ពុជាមិនកាត់មន្ត្រី និងបង្រួមក្រសួងស្ថាប័នដូចជាសហរដ្ឋអាមេរិក និងវៀតណាម ហើយថារាជរដ្ឋាភិបាលកម្ពុជាមានជំហរដឹកនាំវិស័យមុខងារសាធារណៈបែបខ្មែរ ដោយមិនយកតម្រាប់តាមប្រទេសណាទាំងអស់។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រសួង-ស្ថាប័ននីមួយៗត្រូវវិភាគមុខងារ និងកែសម្រួល ដោយលោកបានលើកឡើងពីក្រសួងអប់រំ ដែលកាត់បន្ថយនាយកដ្ឋានមួយចំនួនដែលមិនមានដំណើរការពេញលេញ និងបង្រួមមុខងារជាមួយនាយកដ្ឋានផ្សេងទៀត។ លោកថា សហរដ្ឋអាមេរិក រដ្ឋបាលលោក ដូណាល់ ត្រាំ បានកាត់បន្ថយមន្ត្រីជាង ២០ម៉ឺននាក់ និងប្រុងលុបក្រសួងអប់រំចោល ដោយទុកឱ្យមន្ត្រីអប់រំធ្វើការជាមួយ រដ្ឋ ឬខេត្តនីមួយៗវិញ។
នៅសហរដ្ឋអាមេរិក មហាសេដ្ឋី Elon Musk មន្ត្រីចាត់តាំងក្រៅក្របខ័ណ្ឌច្បាប់ ទទួលបន្ទុកគ្រប់គ្រងប្រសិទ្ធភាពរដ្ឋបាល បានកាត់មន្ត្រីរដ្ឋចេញជាង ២០ម៉ឺននាក់ ហើយវៀតណាម កំពុងធ្វើបដិវត្តន៍បង្រួមក្រសួង ៤ ចូលគ្នា និងកាត់បន្ថយមន្ត្រីរដ្ឋ ២០% ក្នុងរយៈពេល ៥ឆ្នាំ ពីពេលនេះរហូតដល់ឆ្នាំ២០៣០។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានព្យាយាម ហើយកំពុងតែធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈស្របតាមអភិក្រម «ពង្រឹង ជាជាងពង្រីក» ដែលមានន័យថា ក្រសួងរដ្ឋបាលសាធារណៈត្រូវតែពង្រឹងសមត្ថភាពមន្ត្រី និងបង្កើនប្រសិទ្ធភាពការងារនៅតាមក្រសួងស្ថាប័នរដ្ឋ។
គិតត្រឹមខែមករា ឆ្នាំ២០២៥ កម្ពុជាមានមន្ត្រីរាជការស៊ីវិលជាង ២៣ម៉ឺននាក់ ដោយចំនួន ៥៤៥៨៥នាក់បម្រើការងារនៅថ្នាក់ជាតិ និងចំនួន ១៧៧៤៤៩នាក់នៅថ្នាក់ក្រោមជាតិ។ រីឯក្រសួងស្ថាប័នវិញ កម្ពុជាមានចំនួន ២៨ក្រសួង។ រដ្ឋាភិបាលបានអះអាងថា ការជ្រើសរើសមន្ត្រី ឬបង្កើតក្រសួងស្ថាប័ន គឺផ្អែកតាមតម្រូវការរបស់ប្រទេសកម្ពុជា។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ដំណើរការនៃការរៀបចំរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត មិនខុសពីការរៀបចំរបស់លោក ហ៊ុន សែន នោះទេ គឺជាការរៀបចំរដ្ឋាភិបាលដែលមានតែចំនួនមនុស្ស តែមិនអាចធានាប្រសិទ្ធភាពការងារជូនជាតិ និងប្រជាជនបាន។ ពួកគេរិះគន់ថា លោក ហ៊ុន ម៉ាណែត កំពុងតែអនុវត្តតាមទម្រង់រដ្ឋាភិបាលចាស់របស់លោក ហ៊ុន សែន គឺរក្សាសមាជិករដ្ឋាភិបាលចាស់ បង្កើនសមាជិករដ្ឋាភិបាលថ្មី ដោយមិនគិតលើសមត្ថភាពការងារ គឺដូចដែលលោក ហ៊ុន សែន ឪពុករបស់គាត់បានដឹកនាំជាង ៤ទសវត្សរ៍កន្លងមកនោះ។ នេះគេហៅថា រដ្ឋាភិបាលគ្រួសារ សាច់ញាតិ បក្ខពួកនិយម Patronism៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

