មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា រដ្ឋាភិបាលកម្ពុជាកំពុងដឹកនាំប្រទេសដោយការកំណត់បែងចែកការងារសម្រាប់ពលរដ្ឋខ្លួនឯង និងសែស្រឡាយសាច់ញាតិរបស់ពួកគេដាច់ពីគ្នា ដែលស្រដៀងគ្នាទៅនឹងការដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសបង់ក្លាដេស ដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក ហ៊ីង សុខសាន្ត លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា នេះថា រចនាសម្ព័ន្ធដឹកនាំប្រទេសរបស់រដ្ឋាភិបាលខ្មែរដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ កំពុងបំផ្លាញថវិកាជាតិធ្ងន់ធ្ងរ ហើយក៏កំពុងធ្វើឱ្យកើនឡើងនូវភាពអត់ការងារសម្រាប់យុវជនខ្មែរដែលមិនមែនជាសែស្រឡាយ បក្ខពួករបស់អ្នកដឹកនាំប្រទេសដែរ។
លោក ហ៊ីង សុខសាន្ត បានទម្លាយថា អតីតអគ្គលេខាធិការរដ្ឋសភាជាតិមួយរូបធ្លាប់ប្រាប់លោកដោយផ្ទាល់ថា គ្រាន់តែខ្លួនគាត់ម្នាក់អាចទទួលបានប្រាក់ខែដល់ទៅ ៣កន្លែងក្នុងពេលតែមួយ គឺទទួលបានប្រាក់ខែក្នុងតួនាទីជាមន្ត្រីចូលនិវត្តន៍ក្នុងនាមមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីផង ទទួលប្រាក់ខែក្នុងតំណែងជាអគ្គលេខាធិការរដ្ឋសភាផង និងទទួលប្រាក់ខែក្នុងតំណែងជាទីប្រឹក្សាដែលមានឋានៈស្មើរដ្ឋមន្ត្រីរបស់ប្រធានរដ្ឋសភាលោក ហេង សំរិន ផងដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា សព្វថ្ងៃនេះគ្រាន់តែមន្ត្រីរដ្ឋាភិបាលមានចំនួនរាប់ពាន់នាក់ដែលរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិសម្រាប់បើកប្រាក់ខែឱ្យពួកគេ។ លោកថា ក្នុងចំណោមមន្ត្រីទាំងនេះភាគច្រើនមានតំណែងចាប់ពី ៣ ទៅ ៤ តែម្នាក់ឯងនៅតាមក្រសួងស្ថាប័នផ្សេងៗពីគ្នា ដែលជាហេតុនាំឱ្យខ្ជះខ្ជាយថវិកាជាតិយ៉ាងខ្លាំង។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមនិស្សិតរបស់ប្រទេសបង់ក្លាដេស នាំគ្នាតវ៉ាទាមទារឱ្យរដ្ឋាភិបាលរបស់ពួកគេ កែប្រែការកំណត់បែងចែកការងារឡើងវិញដើម្បីឱ្យនិស្សិតក្រីក្រអាចមានឱកាសទទួលបានការងារក្នុងជួររដ្ឋាភិបាលដូចជាកូនៗរបស់មន្ត្រីបង់ក្លាដេស ដែរ។
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមនិស្សិតបង់ក្លាដេស បានចេញធ្វើបាតុកម្មប្រឆាំងទៅនឹងនាយករដ្ឋមន្ត្រីរបស់ខ្លួន អ្នកស្រី Sheikh Hasina ដោយទាមទារឱ្យបិទបញ្ចប់នូវប្រព័ន្ធកូតាការងារក្នុងជួររដ្ឋាភិបាលសម្រាប់តែក្រុមសែស្រឡាយបក្ខពួករបស់គណបក្សកាន់អំណាច។
ជុំវិញបញ្ហានេះ គេដឹងថារដ្ឋាភិបាលបង់ក្លាដេស បានកំណត់បែងចែកការងារសម្រាប់ពលរដ្ឋរបស់ខ្លួនជាក្រុមៗ ដោយមានការរើសអើង ក្នុងនោះ រដ្ឋាភិបាលបានទុកកន្លែងធ្វើការចំនួន ៥៦% សម្រាប់ក្រុមពិសេសរបស់ខ្លួន។ ក្នុងចំណោមកន្លែងធ្វើការទាំង ៥៦% នេះ រដ្ឋាភិបាលបានបែងចែក ៣០% សម្រាប់តែកូនចៅ និងបក្ខពួកគ្រួសាររបស់អតីតមន្ត្រីបង់ក្លាដេស ដែលធ្លាប់ធ្វើការតស៊ូឱ្យប្រទេសបង់ក្លាដេស ទទួលបានឯករាជ្យកាលពីអំឡុងទសវត្សរ៍១៩៧០ ផងដែរ។
ចំណែកក្រុមគ្រួសារ កូនចៅ និងបក្ខពួកអ្នកតស៊ូទាំងនេះ ភាគច្រើនក្តោបក្តាប់តំណែងធំៗក្នុងជួររដ្ឋាភិបាល ដែលរាល់សេចក្តីសម្រេចផ្សេងៗ គឺលម្អៀងទៅតែខាងបក្ខពួករបស់គេទាំងអស់ ខណៈនិស្សិតក្រីក្រ និងនិស្សិតមកពីទីជនបទពុំមានឱកាសទទួលបានការងារធ្វើក្នុងជួររដ្ឋាភិបាលឡើយ។
ប៉ុន្តែក្រោយរងការធ្វើបាតុកម្ម តុលាការកំពូលនៃប្រទេសនេះបានកំណត់បែងចែកការងារជាថ្មី ក្នុងនោះកន្លែងការងារពិសេសសម្រាប់រដ្ឋាភិបាលបន្ថយពី ៥៦% មកត្រឹម ៧% ខណៈកន្លែងការងារសម្រាប់កូនៗមន្ត្រីរដ្ឋាភិបាល បន្ថយពី ៣០% មកត្រឹមតែ ៣% ប៉ុណ្ណោះ។
សកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច លោក មួង ណារ៉េត លើកឡើងក្នុងកិច្ចពិភាក្សានេះថា ពិតមែនតែរដ្ឋាភិបាលកម្ពុជាមិនបានកំណត់បែងចែកការងារសម្រាប់ពលរដ្ឋរបស់ខ្លួនដូចរដ្ឋាភិបាលបង់ក្លាដេស មែន ប៉ុន្តែរបៀបដឹកនាំគ្រប់គ្រងគឺដូចគ្នាបេះបិទ ក្នុងនោះកូនៗមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ត្រូវស្នងតំណែងពីឪពុកម្ដាយរបស់ពួកគេដោយស្វ័យប្រវត្តិ។
ជុំវិញបញ្ហានេះ គេសង្កេតឃើញថា លោក ហ៊ុន ម៉ាណែត ត្រូវជំនួសតំណែងជានាយករដ្ឋមន្ត្រីពីលោក ហ៊ុន សែន ដែលជាឪពុក។ លោក ស សុខា ជំនួសតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីលោក ស ខេង។ លោក ទៀ សីហា ជំនួសតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ពីលោក ទៀ បាញ់ និងអ្នកស្រី ជា សិរី ជំនួសតំណែងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ពីលោក ជា ចាន់តូ ជាដើម។
ចំណែកកូនៗមន្ត្រីបក្សកាន់អំណាចផ្សេងទៀតក៏ត្រូវបានតែងតាំងឱ្យកាន់តំណែងខ្ពស់ៗក្នុងជួររដ្ឋាភិបាលថ្មីនេះដែរ ដូចជា លោក ឌិត ទីណា កូនប្រុសរបស់លោក ឌិត មុន្ទី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់ និងនេសាទ។ លោក ឆាយ រិទ្ធីសែន កូនប្រុសរបស់លោក ឆាយ ថន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងអ្នកស្រី ចម និម្មល កូនស្រីរបស់លោក ចម ប្រសិទ្ធិ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាដើម។
ជាងនេះទៅទៀត លោក ប៉េង ពោធិ៍នា កូនប្រុសរបស់អ្នកស្រី ម៉ែន សំអន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក កែវ រតនៈ ក្មួយប្រុសរបស់លោក ស៊ុយ សែម កាន់តំណែងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ លោក នេត សាវឿន ក្មួយប្រសាររបស់លោក ហ៊ុន សែន កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីផងដែរ។
ចំណែកលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាឧបនាយករដ្ឋមន្ត្រី និងលោក នេត្រ ភក្ដ្រា ប្អូនជីដូនមួយរបស់លោក នេត សាវឿន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពត៌មាន ជាដើម ហើយពួកគេក៏បានរៀបចំពូជអម្បូរខ្លួនឯងឱ្យកាន់តំណែងក្នុងជួររដ្ឋាភិបាលនេះរហូតដល់ថ្នាក់មូលដ្ឋានបន្តទៀតដូចគ្នាដែរ។
នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ គេបានរកឃើញថា សែស្រឡាយបក្ខពួករបស់លោក ហ៊ុន សែន ជាច្រើននាក់ ត្រូវបានដាក់បញ្ចូលឱ្យឈរឈ្មោះក្នុងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលមានរហូតដល់ទៅជិត ១ភាគ៤ ហើយនៅពេលនេះ ពួកគេក៏កំពុងកាន់តំណែងជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាដែរ៕