31 C
Phnom Penh

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta ចំនួន ៤៤​នាក់​បន្ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល ប្រកាស​រក​ឃើញ​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta លើ​ពលរដ្ឋ​ចំនួន ៤៤​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​មេរោគ Covid-19 ប្រភេទ Delta កើន​ឡើង​ដល់​ទៅ ៤២៩​នាក់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន ៤៤​នាក់​ដែល​ក្រសួង​រក​ឃើញ​មាន​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta កាល​ពី​ថ្ងៃ​ទី​១០ សីហា។

ក្រសួង​បញ្ជាក់​ថា អ្នក​ឆ្លង Covid-19 បំប្លែង​ខ្លួន​ថ្មី​ទាំង ៤៤​នាក់ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ ៣​នាក់ ខេត្ត​កំពង់ស្ពឺ ៤​នាក់ ខេត្ត​សៀមរាប ៤​នាក់ ខេត្ត​ព្រះវិហារ ៤​នាក់ ខេត្ត​ឧត្តរមានជ័យ ១៤​នាក់ និង​ខេត្ត​ស្វាយរៀង ចំនួន ១២​ករណី ព្រមទាំង​ខេត្ត​កោះកុង មាន​ម្នាក់។

បើ​តាម​ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ថា បច្ចុប្បន្ន វីរុស​ដែលតា (Delta) កំពុង​បន្ត​រាតត្បាត​វាយលុក​ចូល​ក្នុង​សហគមន៍ ជាពិសេស​ខេត្ត​ឧត្តរមានជ័យ រាជធានី​ភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត។

ករណី​ជំងឺ Covid-19 កំពុង​រីក​រាលដាល​នេះ ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ ប្រកាស​ថា ចំពោះ​អ្នក​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) មិន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​នោះ​ឡើយ។ ការ​មិន​អនុញ្ញាត​នេះ អនុវត្ត​ទាំង​ចំពោះ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស និង​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍។

លើស​នេះ ក្រសួង​សុខាភិបាល​បាន​ក្រើន​រំឭក និង​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​អនុវត្ត​តាម​វិធាន​សុខាភិបាល រួម​ទាំង​ពាក់​ម៉ាស់ លាងដៃ​ឱ្យ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង ហើយ​កុំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំ​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​ចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ​គ្នា និង​កុំ​កៀក​ស្មា​គ្នា។

គិត​ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដល់​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ កម្ពុជា​រក​ឃើញ​អ្នក​មាន​វិជ្ជមាន Covid-19 បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) ចំនួន ៤២៩​នាក់ ក្នុង​នោះ​ស្ត្រី ២០៩​នាក់​ដែល​បាន​ឆ្លង​លើ​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម អ្នក​ដំណើរ​មក​តាម​ជើង​ហោះហើរ បុគ្គលិក​សុខាភិបាល មន្ត្រី​រាជការ និង​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស