31 C
Phnom Penh

ក្រសួង​សុខាភិបាល​ស្នើ​អាជ្ញាធរ​ចាត់​វិធានការ​រថយន្ត​សង្គ្រោះ​គ្មាន​ជំនាញ​បច្ចេកទេស​និង​ការ​អនុញ្ញាត​ពី​ក្រសួង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល ស្នើ​អភិបាល​រាជធានី-ខេត្ត​ចាត់​វិធានការ​ចំពោះ​រថយន្ត​គិលាន​សង្គ្រោះ​ដែល​គ្មាន​ជំនាញ​បច្ចេកទេស និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដែល​ឈរជើង​ប្រចាំការ​នៅ​តាម​ដងផ្លូវ​សាធារណៈ​គ្មាន​សណ្ដាប់ធ្នាប់ រង់ចាំ​ដឹក​អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។

សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ក្រសួង​ធ្លាប់​ធ្វើ​សេចក្ដី​ណែនាំ​ច្រើន​លើក​ច្រើនសា​រួច​មក​ហើយ ដោយ​មិន​អនុញ្ញាត​ឱ្យ​រថយន្ត​គិលាន​សង្គ្រោះ​ខុស​ច្បាប់ និង​រថយន្ត​គិលាន​សង្គ្រោះ​របស់​មូលដ្ឋាន​សុខាភិបាល​ឯកជន ទៅ​ដឹក​អ្នក​រង​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ឡើយ ដោយសារ​រថយន្ត​គិលាន​សង្គ្រោះ​របស់​មូលដ្ឋាន​ពុំ​មាន​គ្រូពេទ្យ​ជំនាញ និង​ពុំ​មាន​ឧបករណ៍​សម្ភារៈ​បរិក្ខារ​ពេទ្យ​ត្រឹមត្រូវ​គ្រប់គ្រាន់​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ទីកន្លែង​កើតហេតុ ទាំង​ការ​លើក​ដាក់ និង​ការ​បញ្ជូន​ជន​រងគ្រោះ។

ក្រសួង​បាន​ស្នើ​ឲ្យ​អភិបាល​រាជធានី-ខេត្ត​ណែនាំ​ក្រើន​រំលឹក​ឲ្យ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី-ខេត្ត ពង្រឹង​បន្ថែម​នូវ​សេវា​រថយន្ត​គិលាន​សង្គ្រោះ​បម្រើការ​ក្នុង​សេវា​សាធារណៈ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួនៗ ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត។

មួយ​វិញ​ទៀត ក្រសួង​ក៏​បាន​ស្នើ​ដល់​អភិបាល​រាជធានី-ខេត្ត​ចាត់​វិធានការ​ចំពោះ​រថយន្ត​គិលាន​សង្គ្រោះ​ដែល​គ្មាន​ជំនាញ​បច្ចេកទេស និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​តាម​ដងផ្លូវ​សាធារណៈ​គ្មាន​សណ្ដាប់ធ្នាប់ រង់ចាំ​ដឹក​អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​យក​ទៅ​មូលដ្ឋាន​សុខាភិបាល​ឯកជន។

កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២២ ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​លិខិត​មួយ​ដោយ​ស្នើ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាត់​វិធានការ​ចំពោះ​ម្ចាស់​គ្លីនិក​ឯកជន​ដែល​តែងតែ​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន ទៅ​ដឹក​អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ មក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​របស់​ខ្លួន និង​បុគ្គល​ដែល​យក​រថយន្ត​ពេទ្យ​មិន​មាន​សញ្ញា​សម្គាល់ និង​មិន​មាន​ឈ្មោះ​ត្រឹមត្រូវ ទៅ​ដឹក​អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​សាកសព​នៅ​តាម​ដងផ្លូវ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស