31 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ស្នើសុំ​និស្សិត​ពេទ្យ​កុំ​សុំ​ជាប់​ក្របខ័ណ្ឌ​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​និស្សិត​ពេទ្យ​កុំ​សុំ​ជាប់​ក្របខ័ណ្ឌ​ជា​មន្ត្រី​សុខាភិបាល​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង ពីព្រោះ​ពេទ្យ​មិន​ខុស​គ្នា​នឹង​ជំនាញ​ដោះ​មីន​នោះ​ទេ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​ភាព​ច្បាស់លាស់។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​នៃ​ក្រសួង​សុខាភិបាល នា​រសៀល​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ នេះ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​បណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្ត្រ​ទាំង​រដ្ឋ និង​ឯកជន ត្រូវ​មាន​ស្តង់ដារ​ច្បាស់លាស់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណភាព​ពិតប្រាកដ និស្សិត​រៀន​ចប់ មាន​សមត្ថភាព​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​តាម​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី។

លោក ហ៊ុន ម៉ាណែត បាន​ស្នើ​ឲ្យ​និស្សិត​ពេទ្យ​កុំ​សុំ​ជាប់​ក្របខ័ណ្ឌ​ជា​មន្ត្រី​សុខាភិបាល​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង ពីព្រោះ​ពេទ្យ​មិន​ខុស​គ្នា​នឹង​ជំនាញ​ដោះ​មីន​នោះ​ទេ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​ភាព​ច្បាស់លាស់។ លោក​ថា មិន​ថា​តែ​ជំនាញ​ពេទ្យ​នោះ​ឡើយ ជំនាញ​ផ្សេងៗ​ក៏​ត្រូវ​មាន​ភាព​ច្បាស់លាស់​នោះ​ដែរ ដូចជា​កងទ័ព​ដែល​មាន​ជំនាញ​ដោះ​មីន ត្រូវ​ចេះ​ឱ្យ​ច្បាស់ បើ​ពុំ​ដូច្នោះ​ទេ អាច​ផ្ទុះ​ស្លាប់​ខ្លួន។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​ពង្រឹង​មណ្ឌល​សុខភាព​ពី​ក្រោម​ទៅ​លើ​នោះ គឺជា​ការ​ពង្រឹង​សេវា​ព្យាបាល​កម្រិត​ស្រាល​នៅ​ថ្នាក់​មូលដ្ឋាន សេវា​បឋម សេវា​បញ្ជូន ជ្រើសរើស​គ្រូពេទ្យ ពង្រឹង​គុណភាព​ថ្នាំ និង​បរិក្ខារ​ពេទ្យ ជាដើម។ ចំណែក​ការ​ពង្រឹង​ពី​លើ​ចុះ​ក្រោម​វិញ គឺ​ការ​ធ្វើ​ទំនើបកម្ម​ឧបករណ៍​ពេទ្យ និង​ការ​បង្កើន​សមត្ថភាព​គ្រូពេទ្យ​នៅ​ថ្នាក់​ជាតិ តំបន់ និង​ថ្នាក់​ខេត្ត ដើម្បី​ព្យាបាល​ជំងឺ​កម្រិត​ខ្ពស់។

កាលពី​ថ្ងៃទី​២៦ ខែ​មករា កន្លង​ទៅ បុរស​ម្នាក់​បាន​ស្លាប់​ដោយ​គ្រួសារ​របស់​អ្នកជំងឺ​បាន​ចោទ​ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឬ​ហៅថា​ពេទ្យ​រុស្ស៊ី បាន​ទុក​អ្នកជំងឺ​ចោល​ជាច្រើន​ម៉ោង​ដោយ​គ្មាន​ការ​សង្គ្រោះ​បឋម គ្មាន​ពេទ្យ​ប្រចាំការ​គ្រប់គ្រាន់ និង​តម្រូវ​ឲ្យ​បង់​លុយ​ជា​មុន។

ករណី​មួយ​ទៀត​កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ធ្លាក់​ខ្លួន​ឈឺ​រាំរ៉ៃ​រយៈពេល ៤​ខែ ដោយសារ​គ្រូពេទ្យ​វះកាត់​យក​កូន​ចេញ​ខុស​បច្ចេកទេស។ គ្រូពេទ្យ​បាន​ច្រឡំ​កាត់​ពោះវៀន​ម្តាយ​ថា​ជា​ទងសុក​ទារក។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ដោយសារតែ​ពុំ​សូវ​ទុកចិត្ត​លើ​ពេទ្យ​ស្រុក​ខ្មែរ ក្រុម​គ្រួសារ​របស់​លោក ហ៊ុន ម៉ាណែត ព្រមទាំង​គ្រួសារ​អ្នក​ធំៗ​ឯ​ទៀត​ទុកចិត្ត​លើ​ពេទ្យ​បរទេស ដូចជា​ប្រទេស​សិង្ហបុរី ជាដើម។

ពួកគេ​និយាយ​ថា ស្រប​ពេល​ដែល​ពលរដ្ឋ​ធូរធារ​នាំគ្នា​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ និង​វៀតណាម រីឯ​អ្នក​ដែល​មាន​ចំណូល​មធ្យម​នាំគ្នា​ព្យាបាល​ជំងឺ​តែ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ ជាពិសេស​គឺ​គ្រូពេទ្យ​តាម​ភូមិ។ ការ​មិន​គាំទ្រ​សេវា​សុខាភិបាល​ក្នុង​ស្រុក​របស់​ក្រុម​គ្រួសារ​មេដឹកនាំ​ធំៗ ក៏​ជា​មូលហេតុ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ដែរ។

ក្នុង​ឆ្នាំ​២០២៣ ក្រសួង​សុខាភិបាល ចំណាយ​លុយ​ជាង ៧០០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​រិះគន់​ពី​សេវា​ព្យាបាល​អន់ថយ និង​មាន​អ្នកជំងឺ​ខ្លះ​ស្លាប់​ដោយសារ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស