សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជូនកម្លាំងដើម្បីចុះស្រាវជ្រាវក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុម ដែលមានគ្នាច្រើននាក់ចូលប្លន់យកទ្រព្យសម្បត្តិ ដុតបំផ្លាញផ្ទះ ម៉ូតូ ម៉ាស៊ីនភ្លើង រថយន្ត និងគំរាមសម្លាប់ប្រជាពលរដ្ឋរស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដើម្បីនាំខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។
ក្រុមចោរដែលធ្លាប់ចូលប្លន់ដុតបំផ្លាញទ្រព្យសម្បត្តិអ្នកស្រុក ត្រូវគេអះអាងថា ពួកគេមានគ្នាជាច្រើននាក់ប្រដាប់ដោយអាវុធ និងឧបករណ៍ល្មើសគ្រប់ដៃ ដូចជាកាំភ្លើងវែង កាំបិត ចំពាមកៅស៊ូ និងកាំភ្លើងស្នប់ ឬកាំភ្លើងកែច្នៃជាដើម។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឲ្យសារព័ត៌មានក្នុងស្រុកដឹងថា កម្លាំងនគរបាលជំនាញរបស់លោក កំពុងធ្វើការងារនេះដោយយកចិត្តទុកដាក់ ដើម្បីឈានទៅកំណត់មុខសញ្ញាជនល្មើសក្នុងអំពើប្លន់ប្រដាប់អាវុធខាងលើនេះ។ លោកបន្តថា បទល្មើសនេះគឺកើតឡើងពីក្រុមពួកអនាធិបតេយ្យចូលមកអុកឡុកក្រុមអ្នកមកចាប់ដីខុសច្បាប់នៅក្នុងមូលដ្ឋានកើតហេតុ។
យ៉ាងនេះក្តី រូបលោកបានបញ្ជាកម្លាំងជំនាញឲ្យចុះស្រាវជ្រាវ ដើម្បីឈានដល់ចាប់ខ្លួនជនដៃដល់បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស។
ទាក់ទងនឹងករណីប្លន់នេះ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនឆ្លើយតបជាមួយអ្នកសារព័ត៌មានជុំវិញបទល្មើសប្លន់ប្រដាប់អាវុធនោះទេ។
ចំណែកឯនាយករងរដ្ឋបាលសាលាស្រុកព្រៃនប់ លោក ព្រំ ប៊ុន្នី បានឲ្យសារព័ត៌មានក្នុងស្រុកដឹងថា ចំពោះបទល្មើសប្លន់ប្រដាប់អាវុធនេះ ទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ កំពុងចុះស្រាវជ្រាវរួចហើយមកដល់ថ្ងៃទី១១ ខែសីហា នេះ ប៉ុន្តែនៅមិនទាន់កំណត់មុខសញ្ញាជនសង្ស័យនៅឡើយទេ។ ករណីនេះ លោក ព្រំ ប៊ុន្នី បានស្នើឲ្យប្រជាពលរដ្ឋរងគ្រោះត្រូវចូលរួមសហការជាមួយអាជ្ញាធរ ឬសមត្ថកិច្ចជំនាញក្នុងការស្វែងរកអត្តសញ្ញាណជនល្មើស និងជនខិលខូចដែលនៅពីក្រោយខ្នងបទល្មើសប្លន់ប្រដាប់អាវុធនេះ ដើម្បីនាំខ្លួនទៅផ្ដន្ទាទោសឲ្យបានឆាប់។

បញ្ហានេះដែរ លោក មាច ចាន់ មេឃុំបិតត្រាំង បានចាត់ទុករឿងខាងលើនេះថាជាជម្លោះដណ្ដើមដីគ្នារវាងប្រជាពលរដ្ឋជាមួយភាគីម្ខាងទៀតដែលជាមន្ត្រីមានអំណាច។ ប៉ុន្តែករណីនេះ រូបលោកបានផ្តល់ព័ត៌មានជូនទៅកម្លាំងសមត្ថកិច្ចឲ្យចុះស្រាវជ្រាវរួចហើយ។
តំណាងពលរដ្ឋបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ មានក្រុមចោរប្លន់មួយក្រុមមានគ្នារាប់សិបនាក់ប្រដាប់ដោយកាំភ្លើងវែងពីរដើម និងឧបករណ៍ប្រព្រឹត្តល្មើសគ្រប់ដៃ បានសម្រុកចូលមកប្លន់យកទ្រព្យសម្បត្តិ គំរាមបាញ់សម្លាប់ និងវាយដំពលរដ្ឋរងរបួសជាច្រើននាក់។ ជាងនេះទៀត ក្រុមចោរប្លន់ទាំងនោះក៏បានដុតបំផ្លាញផ្ទះ ម៉ូតូ ម៉ាស៊ីនភ្លើង រថយន្ត និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនទៀត។
ប្រជាពលរដ្ឋរងគ្រោះដោយអំពើប្លន់ បានសំណូមពរដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍ដើម្បីផ្តល់សុវត្ថិភាពរស់នៅជូនប្រជាពលរដ្ឋឲ្យមានសុវត្ថិភាពឡើងវិញ។ ប្រជាពលរដ្ឋថា ពួកគាត់រស់នៅក្នុងការភ័យខ្លាច ដោយបារម្ភពីសុវត្ថិភាព ខ្លាចក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះចូលមកធ្វើសកម្មភាពជាបន្តទៀត។
ពលរដ្ឋចោទថា សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ហាក់ស្ពឹកស្រពន់ ឬមិនសូវរវល់អើពើបញ្ជូនកម្លាំងមកជួយអន្តរាគមន៍ពួកគាត់ទាន់ពេលវេលាទៅតាមការស្នើសុំកន្លងមកទេ៕