32 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​វាយប្រហារ​លើ​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​លោក សាន ប៊ុនឆាយ ជា​គំនុំ​សងសឹក​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចោទ​ថា ការ​វាយប្រហារ​លើ​សកម្មជន​បក្ស​ប្រឆាំង​ខ្មែរ-អូស្ត្រាលី លោក សាន ប៊ុនឆាយ គឺជា​ការ​ធ្វើឡើង​ក្រោម​គំនុំ​សងសឹក​នយោបាយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​មាន​អង្គការ​ចាត់តាំង​ពី​ថ្នាក់​លើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​សំណុំរឿង​មួយ​នឹង​គ្មាន​ការ​ស្វែងរក​យុត្តិធម៌​ពី​សមត្ថកិច្ច​កម្ពុជា​ឡើយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មេសា នេះ​ថា ការ​សងសឹក​គំនុំ​នយោបាយ​នេះ​គឺ​មាន​មូលហេតុ​ចេញពី​សកម្មភាព​របស់​លោក សាន ប៊ុនឆាយ ដែល​តែងតែ​ធ្វើ​សកម្មភាព​បាតុកម្ម​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី កន្លង​មក ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ងាក​ទៅ​រក​ការ​ដឹកនាំ​ដោយ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ខណៈ​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ​បែប​នេះ​ក៏​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ។

លោក ម៉ែន ណាត លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ជា​រដ្ឋាភិបាល​គោរព​សិទ្ធិ​ពលរដ្ឋ​ពិតប្រាកដ អំពើ​វាយប្រហារ​ដ៏​ព្រៃផ្សៃ​បែប​នេះ​នឹង​មិន​អាច​កើត​មាន​នៅ​កម្ពុជា​ទៅ​លើ​អ្នក​តស៊ូ​ដើម្បី​សេរីភាព ដើម្បី​សិទ្ធិ​ពលរដ្ឋ និង​ដើម្បី​ប្រជាធិបតេយ្យ​បាន​ទេ ព្រោះ​សិទ្ធិ​ទាំងនេះ​សុទ្ធតែ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ទាំងអស់។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​បន្ត​ការ​ដឹកនាំ​ពី​ឪពុក​ទៅ​កូន​សព្វថ្ងៃ​នេះ មិន​អាច​កែប្រែ​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​របស់​កម្ពុជា​ឱ្យ​ទៅ​ជា​ប្រព័ន្ធ​ល្អ​បាន​ទេ គឺ​មាន​តែ​រុល​ទៅ​រក​ការ​ដឹកនាំ​បក្ខពួក​និយម និង​គ្រួសារ​និយម​ដូច​ប្រទេស​កូរ៉េខាងជើង ប៉ុណ្ណោះ ដូច្នេះ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​តែ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ដែល​កាន់តែ​អាក្រក់​ទៅៗ​ជាមិនខាន។

កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​សកម្ម​ម្នាក់ គឺ​លោក សាន ប៊ុនឆាយ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ឱ្យ​បែក​ក្បាល​ចំនួន ៨​ថ្នេរ អំឡុង​ពេល​ដែល​លោក​នាំ​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​រថយន្ត មុន​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​កណ្តាល​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

ការ​វាយប្រហារ​នេះ ធ្វើឡើង​នៅ​ចំណុច​ក្បែរ​ធនាគារ​មួយ​កន្លែង​កណ្តាល​ទី​រួម​ខេត្ត​បាត់ដំបង ហើយ​ស្ថិត​ក្នុង​ស្ថានភាព​នោះ ជន​ដៃ​ដល់​បាន​នាំគ្នា​បិទ​ទ្វារ​រថយន្ត​របស់​លោក សាន ប៊ុនឆាយ ដើម្បី​រារាំង​សាច់ញាតិ​ដែល​នៅ​ក្នុង​ឡាន​មិន​ឱ្យ​ចេញ​មក​ជួយ​រូបលោក​ទេ បើ​ទោះបីជា​នៅ​ម្តុំ​ធនាគារ​នោះ​មាន​សន្តិសុខ​ធនាគារ​កំពុង​យាមកាម និង​មាន​មនុស្សម្នា​ជាច្រើន​នាក់​ចេញ​ចូល​ក្នុង​ធនាគារ​នោះ​ក៏ដោយ។

ក្រោយ​ការ​វាយប្រហារ​នេះ​បាន​ត្រឹមតែ ២​ថ្ងៃ​ប៉ុណ្ណោះ លោក សាន ប៊ុនឆាយ បាន​នាំ​ក្រុម​គ្រួសារ​ត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី វិញ គឺ​នៅ​ថ្ងៃទី​១២ ខែ​មេសា កន្លង​ទៅ​នេះ។

ចាប់តាំងពី​ថ្ងៃទី​១០ រហូត​ដល់​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ នេះ គឺ​មាន​រយៈពេល ១២​ថ្ងៃ​ហើយ ប៉ុន្តែ​សមត្ថកិច្ច​ខេត្ត​បាត់ដំបង មិន​ទាន់​អនុវត្ត​ច្បាប់​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​បាន​នៅឡើយ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក សាត គឹមសាន បាន​អះអាង​ក្រោយ​ទទួល​បាន​បណ្តឹង​ពី​ជនរងគ្រោះ​ថា សមត្ថកិច្ច​មិន​ទាន់​អាច​កំណត់​ពេល​ជាក់លាក់​ដើម្បី​ចាប់​ជនល្មើស​បាន​នៅឡើយ​ទេ ដោយសារតែ​ម្ចាស់​ពាក្យបណ្ដឹង​មិន​បាន​សហការ និង​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ឱ្យ​បាន​ច្បាស់លាស់។

ការ​វាយប្រហារ​ដែល​គេ​សង្កេត​ឃើញ​ថា​មាន​ទំនោរ​ទៅ​រក​និន្នាការ​នយោបាយ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ដែល​មាន​វ័យ​ជាង ៧​ខែ​នេះ បាន​កើត​មាន​ជា​លើក​ទី​៣ ហើយ បន្ទាប់ពី​មាន​ការ​វាយប្រហារ​ជា​លើកដំបូង​ទៅ​លើ​អ្នកជំនាញ​កសិកម្ម និង​ជា​សកម្មជន​សង្គម​ដែល​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ លោក នី ណាក់ កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ។

ចំណែក​លើក​ទី​២ គឺ​ការ​វាយប្រហារ​ទៅ​លើ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​វាយ​ពីក្រោយ​ខ្នង ក្នុង​បរិវេណ​វត្ត​ពោនសាង ខេត្ត​សមុទ្រប្រាកាន ប្រទេស​ថៃ បណ្តាល​ឱ្យ​របួស​ចំ​ក្បាល​ហូរ​ឈាម​ស្រោច​លើ​ដងខ្លួន កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ ប៉ុន្តែ​សមត្ថកិច្ច​ខ្មែរ​មិន​ទាន់​អាច​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​បាន​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ ចំពោះ​ករណី​វាយប្រហារ​ទាំង​ពីរ​ខាងលើ​នេះ។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វីកថូរៀ លោក តាក់ ម៉េងហ៊ាង បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ទាមទារ​ឲ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​រក​អ្នក​ទទួល​ខុសត្រូវ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​លោក សាន ប៊ុនឆាយ និង​ក្រុម​គ្រួសារ និង​ធានា​ថា​កុំ​ឲ្យ​មាន​ករណី​ដូចនេះ​កើត​មាន​ទ្បើង​ជា​លើក​ទី​ពីរ។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទោះ​រស់នៅ​ទីណា​ក៏ដោយ ត្រូវតែ​ទទួល​បាន​នូវ​សុវត្ថិភាព និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ទោះ​ពួកគេ​មាន​ទស្សនៈ​នយោបាយ​ខុស​គ្នា​ក្តី។

អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា ការ​វាយប្រហារ​ដោយ​អំពើ​ហិង្សា​ក្នុង​របប​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ហាក់​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​កន្លង​មក​ដែរ។ ជាក់ស្តែង ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា ចាប់តាំងពី​ដើម​ឆ្នាំ​២០១៩ មក សកម្មជន​គណបក្ស​ប្រឆាំង​ជាច្រើន​នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​បណ្តាល​ឲ្យ​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ រហូត​មាន​អ្នក​ខ្លះ​បាក់​ដៃ បាក់​ជើង បាក់​ឆ្អឹងជំនីរ បែក​ក្បាល ជាដើម ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា​មិន​ដែល​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​បាន​ម្នាក់​ឡើយ បើ​ទោះបី​ជា​មាន​ភស្តុតាង​តាម​កាមេរ៉ា​សុវត្ថិភាព​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស