29 C
Phnom Penh

រដ្ឋាភិបាល​បន្ត​ពង្រឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 ទូទាំង​២៥​រាជធានី​ខេត្ត​រយៈពេល​៧​ថ្ងៃ​បន្ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សម្រេច​បន្ត​ពង្រឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ទាំង ២៥​រាជធានី-ខេត្ត​រយៈពេល ៧​ថ្ងៃ​បន្ថែម​ទៀត ក្រោយ​ការ​អនុវត្ត​យុទ្ធនាការ​នេះ​អស់​រយៈពេល ២​សប្តាហ៍​កន្លងមក។

ការ​បន្ត​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សេចក្តី​ណែនាំ​ចាស់​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា នេះ ខណៈ​ការ​ឆ្លង​វីរុស Covid-19 នៅតែ​មិនទាន់​ថមថយ​នៅឡើយ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​ណែនាំ​ថ្មី​ស្ដីពី​ការ​បន្ត​ពង្រឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​ចំពោះ​ការ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​នៃ​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ដែល​បាន​រក​ឃើញ​ក្នុង​ខេត្ត​ចំនួន​១៧ កន្លងមក។

លោក ហ៊ុន សែន បញ្ជាក់​ថា យុទ្ធនាការ​បន្ត​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ទាំង ២៥​រាជធានី-ខេត្ត​នេះ នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ខណៈ​ខេត្ត​ទាំង​៨ ដែល​បាន​បិទ​ខ្ទប់​កន្លងមក នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ក៏​នឹង​ត្រូវ​ចាត់​ចូល​ទៅ​ក្នុង​យុទ្ធនាការ​បន្ត​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នេះ​ផង​ដែរ។

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​អាជ្ញាធរ​ខេត្ត​ទូទាំង​ប្រទេស ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​អំឡុង​ពេល​បន្ត​យុទ្ធនាការ​ពង្រឹង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 រយៈពេល ៧​ថ្ងៃ​បន្ថែម​ទៀត​នេះ ដើម្បី​ឲ្យ​យុទ្ធនាការ​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ព្រមៗ​គ្នា​ទូទាំង​ប្រទេស​ក្នុង​ការ​ធានា​នូវ​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារាចរ​ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ទាំង ២៥​រាជធានី-ខេត្ត​រយៈពេល ១៤​ថ្ងៃ ដែល​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​១២ វេលា​ម៉ោង ២៣:៥៩​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​សីហា។

ទាក់ទិន​នឹង​ការ​ឆ្លង​វីរុស Covid-19 ប្រភេទ​ថ្មី​នេះ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ថា ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ នេះ ក្រសួង​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ចំនួន ៤២៩​នាក់​ហើយ។

ប្រភព​ដដែល​បញ្ជាក់​ថា វីរុស​ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ប្រទេស​វៀតណាម អ្នក​ដំណើរ​តាម​ជើង​យន្តហោះ បុគ្គលិក​សុខាភិបាល មន្ត្រី​រាជការ និង​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍​ដែល​បាន​បង្ហាញ​ថា វីរុស​នេះ​បាន​វាយលុក​ចូល​ក្នុង​សហគមន៍​ប្រទេស​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ខេត្ត​ឧត្តរមានជ័យ រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត។

ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​យុវវ័យ ព្រោះ​ថា​ក្រសួង​បាន​សង្កេត​ឃើញ​ថា ការ​ចម្លង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង​លើ​យុវវ័យ ដោយសារតែ​ពួកគេ​ឧស្សាហ៍​ដើរ​ចេញ​ក្រៅ​ផ្ទះ និង​មាន​ការ​ជួបជុំ​មិត្តភ័ក្ដិ​ជា​ញឹកញាប់។

បន្ថែម​ពី​នេះ ក្រសួង​សុខាភិបាល ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ផង​ដែរ​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៤៥៥​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៦៧៧​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ២០​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេល​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៨​ម៉ឺន ៣​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៧​ម៉ឺន ៨​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៦០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស