ស្នងការនគរបាលខេត្តព្រះសីហនុ បដិសេធថាពុំមានករណីក្រុមចោរប្លន់ប្រដាប់អាវុធចេញប្លន់ទ្រព្យសម្បត្តិ ដុតផ្ទះ ព្រមទាំងគំរាមសម្លាប់ពលរដ្ឋនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នោះទេ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ផ្តល់សម្ភាសឲ្យសារព័ត៌មានក្នុងស្រុកថា ការពិតករណីផ្ទុះហិង្សានៅចំណុចភ្នំត្រងោល ភូមិចំណោទរាម ឃុំបិតត្រាំង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មិនមែនជាអំពើប្លន់ប្រដាប់អាវុធទេ គឺជាជម្លោះដណ្តើមដីរដ្ឋខុសច្បាប់របស់ក្រុមជនអនាធិបតេយ្យតែប៉ុណ្ណោះ។ ប៉ុន្តែប្រជាពលរដ្ឋរងគ្រោះនៅឃុំបិតត្រាំង ចោទលោក ជួន ណារិន្ទ និយាយឲ្យរួចតែពីមាត់ និងគ្មានការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំអង្គភាពជំនាញមួយរូបនោះទេ។
លោកស្នងការនគរបាលរូបនេះបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែសីហា មានករណីផ្ទុះអំពើហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា (ឈ្លោះដណ្តើមដីគ្នា) បង្កដោយមនុស្សមិនស្គាល់អត្តសញ្ញាណមួយក្រុមបានចូលមកដេញវាយសំពងពលរដ្ឋរស់នៅភូមិចំណោទរាម ឃុំបិតត្រាំង ឲ្យរត់ចោលផ្ទះ រួចក៏នាំគ្នាដុតបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិពលរដ្ឋទាំងនោះចោលតែម្តង។ លោកបន្តថា ករណីនេះមិនមែនជាករណីប្លន់ប្រដាប់អាវុធនោះទេ។

លោក ជួន ណារិន្ទ ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រោយកើតហេតុ រូបលោកក៏បានបញ្ជាឲ្យលោកអធិការរងនគរបាលស្រុកព្រៃនប់ ទទួលការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះទៅដល់ទីកន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែក្រុមបង្កជម្លោះដែលបានប្រើហិង្សាដុតបំផ្លាញផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋទាំងនោះ ក៏បានរត់គេចខ្លួនចូលព្រៃអស់។
ចំណែកឯពលរដ្ឋរងគ្រោះដែលកំពុងរស់នៅភូមិចំណោទរាម ឃុំបិតត្រាំង ក៏ជាអ្នកចូលមកចាប់ទន្ទ្រានដីរដ្ឋសង់ផ្ទះរស់នៅដោយខុសច្បាប់ដែរ។ ចំពោះករណីផ្ទុះអំពើហិង្សានោះ សមត្ថកិច្ចនគរបាលរបស់លោកកំពុងបន្តចុះស្រាវជ្រាវ ដើម្បីឈានទៅនាំខ្លួនជនពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់។
ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋរស់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ បង្ហាញភាពអស់ជំនឿទៅលើប្រសិទ្ធភាពរបស់កម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថខត្តព្រះសីហនុ ថាហាក់មិនសូវរវល់អើពើបញ្ជូនកម្លាំងមកជួយអន្តរាគមន៍ពួកគាត់ទៅតាមការស្នើសុំភ្លាមៗទេ នៅក្នុងអំឡុងពេលជនល្មើសមានគ្នារាប់សិបនាក់បានចូលមកធ្វើសកម្មភាពដុតផ្ទះ គំរាមបាញ់សម្លាប់ និងដុតបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់ ដោយទុកឲ្យជនល្មើសធ្វើសកម្មភាពរាប់ម៉ោង ទើបកម្លាំងសមត្ថកិច្ចធ្វើដំណើរមកដល់។
ក្រុមប្រជាពលរដ្ឋនៅតែចាត់ទុកសកម្មភាពរបស់ជនល្មើសមួយក្រុមមានគ្នាច្រើននាក់ប្រដាប់ដោយអាវុធវែងពីរដើម និងឧបករណ៍ប្រព្រឹត្តល្មើស ដែលចូលវាយដំពួកគាត់ គំរាមសម្លាប់ ដុតផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិពួកគាត់នោះ គឺជាអំពើប្លន់ប្រដាប់អាវុធយ៉ាងពិតប្រាកដ។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋទទូចស្នើដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ និងដាក់បទបញ្ជាទៅលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឲ្យតាមចាប់ជនល្មើសយកមកផ្ដន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋពួកគាត់ឲ្យបានឆាប់ ទើបពួកគាត់អស់ចិត្ត៕