29 C
Phnom Penh

សង្គម​ស៊ីវិល​ថា​បឹង​ធម្មជាតិ​មាន​ច្រើន តែ​រដ្ឋាភិបាល​មើល​រំលង​គុណ​តម្លៃ​នៃ​បឹង​ទាំងនោះ​ដោយ​កាត់​ឱ្យ​ឯកជន​ជាបន្តបន្ទាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​សោកស្តាយ​ដែល​បឹង​ធម្មជាតិ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​កាត់ និង​ចាក់​ដី​លុប​ជាបន្តបន្ទាប់ ក្រោម​ហេតុផល​នៃ​កិច្ច​អភិវឌ្ឍន៍ បើ​ទោះបីជា​បឹង​ទាំងអស់​នោះ​មាន​គុណ​តម្លៃ ប៉ុន្តែ​តម្លៃ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​មើល​រំលង។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR អ្នកស្រី ចក់ សុភាព បាន​សរសេរ​នៅ​លើ Facebook នៅ​ថ្ងៃ​ទី​២៣ សីហា ដោយ​លើកឡើង​ថា ប្រទេស​គេ​គ្មាន​បឹង​ទន្លេ​ដូច​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​គេ​បាន​ប្រឹង​ច្នៃ និង​សាងសង់​បឹង​ស្រះ​ដាក់​កណ្តាល​ក្រុង ដាំ​ដើមឈើ​ដើម្បី​លម្អ​បន្ថែម​ឱ្យ​មាន​ផាសុកភាព​ដល់​ពលរដ្ឋ ខណៈ​កម្ពុជា​មិនបាច់​ចំណាយ​ថវិកា​ដ៏​លើសលុប​ក្នុង​ការ​ជីក ឬ​កសាង​បឹង​សិប្បនិមិត្ត​នោះ​ទេ។

ប្រទេស​កម្ពុជា​មាន​បឹង​ធម្មជាតិ​ដែល​មាន​ស្រាប់​ជាច្រើន ដូចជា​បឹងកក់ ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លុប​ទាំងស្រុង ខណៈ​បឹងតាមោក កំពុង​កាត់ និង​ចាក់​ដី​លុប​ជាបន្តបន្ទាប់ បើ​ទោះបីជា​រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា មិន​ត្រឹមតែ​ត្រូវ​ការពារ​ទេ តែ​ត្រូវ​ជីក​ជម្រៅ​ថែម​ទៀត​ក៏ដោយ។

អ្នកស្រី​បង្ហាញ​ការ​សោកស្តាយ​គុណ​តម្លៃ​នៃ​បឹង​ធម្មជាតិ​ទាំងនេះ​ត្រូវ​បាន​មើល​រំលង ហើយ​ថែមទាំង​បាត់បង់​ថែមទៀត​ដោយ​ការ​លុប​បឹង ក្រោម​ហេតុផល​ជាច្រើន ជាពិសេស​គឺ​សំអាង​ហេតុ​នៃ​កិច្ច​អភិវឌ្ឍន៍ ហើយ​ពេល​ខ្លះ​ក៏​មិន​ដឹង​ហេតុ​អ្វី​បាន​ជា​ធុរជន​ឯកជន​ខ្លះ​ទទួល​បាន​សិទ្ធិ​កាន់កាប់​បែប​នេះ។

អ្នកស្រី ចក់ សុភាព កត់សម្គាល់​ថា ការ​អភិវឌ្ឍ​ដែល​ប្រកប​ដោយ​ចីរភាព គឺ​ដែល​ត្រូវ​ផ្សារភ្ជាប់​មុំ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ប៉ុន្តែ​បើ​គ្រាន់តែ​បំពេញ​តែ​មុំ​មួយ​នោះ មិន​អាច​ធានា​នូវ​ចីរភាព​បាន​ឡើយ។ ករណី​នេះ អ្នកស្រី​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ពិចារណា​ឡើងវិញ​ពី​សេចក្តី​សម្រេច​របស់​ខ្លួន និង​គួរ​រក្សា​បឹង​ធម្មជាតិ​ជា​ធនធាន​ដ៏​កម្រ។

បើ​តាម​មាត្រា​៥៨ និង ៥៩ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ទ្រព្យសម្បត្តិ​របស់​រដ្ឋ​មាន​ដូចជា​ភ្នំ សមុទ្រ ទន្លេ បឹង ព្រៃឈើ​ជាដើម ហើយ​រដ្ឋាភិបាល​មាន​តួនាទី​ក្នុង​ការ​រក្សា​ការពារ​បរិស្ថាន និង​តុល្យភាព​នៃ​ភោគទ្រព្យ​ធម្មជាតិ​ទាំងនោះ។ ដូចនេះ រដ្ឋ​មាន​កាតព្វកិច្ច​ទាំង​ផ្នែក​ច្បាប់ និង​គុណធម៌​ចំពោះ​កិច្ចការពារ​ធនធាន​ធម្មជាតិ។

ការ​លើកឡើង​របស់​អ្នកស្រី ចក់ សុភាព ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​បឹងតាមោក ២០​ហិកតារ​បន្ថែម​ទៀត​ប្រគល់​ឱ្យ​លោកស្រី សាម ចេង ធ្វើជា​កម្មសិទ្ធិ។

បឹងតាមោក មាន​ផ្ទៃ​ដី​សរុប ៣២៣៩​ហិកតារ សម្រាប់​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ដែល​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​នេះ​ជា​សម្បត្តិ​របស់​រដ្ឋ។

ប៉ុន្តែ​ចាប់តាំង​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក​ប្រមាណ ១​ពាន់​ហិកតារ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។

របាយការណ៍​អង្គការ​សមាគម​ធាងត្នោត ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា បឹង​ចំនួន​២៦ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​លុប​ទាំងស្រុង​ចំនួន​១៦ ដោយ​ស្មើ​នឹង ៦០% នៃ​ផ្ទៃ​បឹង​សរុប និង​បឹង​ចំនួន​១០ ផ្សេង​ទៀត ត្រូវ​បាន​លុប​ផ្នែក​មួយ​ចំនួន​នៃ​បឹង ដើម្បី​សាងសង់​បុរី តំបន់​លំនៅឋាន និង​ទីក្រុង​រណប។

ការ​លុប​ផ្ទៃ​បឹង​សម្រាប់​ស្តុក​ទឹក​ជាបន្តបន្ទាប់​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ ចេញ​លិខិត​មួយ​កាលពី​ខែ​ឧសភា ឆ្នាំ​២០២០ ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ដោយសារ​ទឹកជំនន់​ក្រោយ​ពី​ក្រសួង​មើលឃើញ​ថា មាន​ការ​ចាក់​ដី​លុប និង​ការ​សាងសង់​បិទ​ផ្លូវ​ទឹក​នានា​ជាបន្តបន្ទាប់។

បើ​ទោះបីជា​មាន​លិខិត​ព្រមាន​របស់​ក្រសួង​ធនធាន​ទឹក​ក្ដី ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ឡើយ ត្បិត​ការ​ចាក់​ដី​លុប​បិទ​ផ្លូវ​ទឹក ការ​រំលោភ​ច្រាំងទន្លេ អូរ ប្រឡាយ និង​បឹង​ធម្មជាតិ​នេះ នៅតែ​បន្ត​កើតមាន​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស