39 C
Phnom Penh

លោក ហ៊ុន សែន បន្ត​កាត់​ដី​បឹង​តាមោក​ឱ្យ​ប្អូនថ្លៃ​របស់​លោក​ជិត ២០​ហិកតារ​បន្ថែម​មុន​ផ្ទេរ​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ដែល​ដឹកនាំ​ប្រទេស​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ លុប​បឹង និង​រំលោភ​ដី​រដ្ឋ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ឱ្យ​ទៅ​ប្អូនថ្លៃ​ខ្លួនឯង គឺ​ឧកញ៉ា ឡាញ់ ភារ៉ា ដែល​ត្រូវ​ជា​ស្វាមី​អ្នកស្រី ហ៊ុន សេងនី ជា​លើក​ទី​ពីរ ក្នុង​ទំហំ​ផ្ទៃដី​ជិត ២០​ហិកតារ (១៦​ម៉ឺន ២​ពាន់ ៧០៨​ម៉ែត្រ​ក្រឡា) ធ្វើ​ជា​កម្មសិទ្ធិ​បន្ថែម​ទៀត។

លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែសម្រួល​ផ្ទៃ​បឹង​តាមោក ឬ​បឹង​កប់ស្រូវ កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៣ ដែល​ទើប​បែកធ្លាយ​នៅ​ពេលនេះ បាន​សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក ដែល​ស្ថិត​ក្នុង​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ទំហំ​ជាង ១៦​ហិកតារ ដើម្បី​ធ្វើ​អនុប្បយោគ​ឱ្យ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ប្រគល់​ឱ្យ​អ្នកឧកញ៉ា ឡាញ់ ភារ៉ា ធ្វើ​ជា​កម្មសិទ្ធិ ដោយ​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​នានា​ត្រូវតែ​អនុវត្ត​តាម​អនុក្រឹត្យ​នេះ ក្នុង​នោះ​មាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​អនុក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។

ការ​កាត់​ឆ្វៀល​ដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹង​នេះ​ចំនួន ៣​ទីតាំង​ឱ្យ​ទៅ​ប្អូនថ្លៃ​របស់​ខ្លួន​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៣ នេះ​ម្តង​រួច​ទៅ​ហើយ​នោះ។

កាលពី​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែសម្រួល​ផ្ទៃ​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក ចំនួន ៣​ទីតាំង​ដែល​មាន​ទំហំ​ជាង ១៣​ហិកតារ ដើម្បី​ធ្វើ​អនុប្បយោគ​ឱ្យ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ប្រគល់​ឱ្យ​អ្នកឧកញ៉ា ឡាញ់ ភារ៉ា ធ្វើ​ជា​កម្មសិទ្ធិ។

លោក ហ៊ុន សែន បញ្ជាក់​ក្នុង​អនុក្រឹត្យ​ថា ទីតាំង​ទី​១ ស្ថិត​ក្នុង​សង្កាត់​គោករកា មាន​ទំហំ​ផ្ទៃដី​ជាង ៦​ហិកតារ ទីតាំង​ទី​២ ស្ថិត​ក្នុង​សង្កាត់​គោករកា ដដែល មាន​ទំហំ​ផ្ទៃដី​ជិត ៦​ហិកតារ និង​ទីតាំង​ទី​៣ ស្ថិត​ក្នុង​សង្កាត់​ពន្សាំង មាន​ទំហំ​ផ្ទៃដី​ជិត ១​ហិកតារ ដោយ​គិត​ជា​សរុប​មាន​ចំនួន ១៣​ហិកតារ ៣​អា និង ៧២៩​សង់ទីអា ដែល​ទីតាំង​ទាំង​បី​ខាងលើ​នេះ គឺ​ស្ថិត​ក្នុង​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​ដូច​គ្នា។

បឹង​តាមោក ឬ​បឹង​កប់ស្រូវ មាន​ផ្ទៃដី​សរុប​ជាង ៣​ពាន់​ហិកតារ (៣២៣៩​ហិកតារ) ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ កំណត់​ជា​បឹង​ធម្មជាតិ​មួយ​សម្រាប់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ កន្លង​ទៅ លោក ហ៊ុន សែន បាន​អះអាង​ថា បឹង​តាមោក​មិន​ត្រូវ​ឲ្យ​បាត់​ជាដាច់ខាត ព្រោះ​បឹង​កប់ស្រូវ​មួយ​នេះ​គឺជា​ធារទឹក​មួយ​ដែល​សំខាន់​ណាស់​សម្រាប់​បញ្ចៀស​ទឹក​ពី​ទីក្រុង​ភ្នំពេញ ដូច្នេះ​បឹង​តាមោក មាន​តែ​ធ្វើ​ឲ្យ​ជ្រៅ មិន​អាច​ឲ្យ​រាក់​បាន​ទេ ហើយ​ប្រសិនបើ​បឹង​នេះ​រាក់ នឹង​ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះ​ពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ជាមិនខាន។ ជាង​នេះ​ទៀត បឹង​តាមោក គឺជា​បឹង​ធម្មជាតិ​ដែល​រដ្ឋ​ត្រូវតែ​ការពារ​បំផុត​ផង​ដែរ។

ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៨ រហូត​មក ផ្ទៃ​បឹង​តាមោក សរុប​ជាង ២​ពាន់​ហិកតារ​នេះ ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ឆ្វៀល និង​ដោះដូរ​ទៅ​ឲ្យ​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន​មួយ​ចំនួន​ដែល​គេ​ដឹង​ថា​ជា​អ្នក​មាន​លុយ មាន​អំណាច សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដើម្បី​ប្រកប​អាជីវកម្ម​របស់​ពួកគេ​រៀងៗ​ខ្លួន។

ទាក់ទិន​នឹង​ករណី​បែង​ដី​រដ្ឋ​ឱ្យ​បុគ្គល​ឯកជន និង​ក្រុមហ៊ុន​ឯកជន​នេះ ឧកញ៉ា​ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន ជាច្រើន​នាក់ រួម​ទាំង​សាច់ញាតិ និង​កូនបង្កើត​របស់​គាត់​ផង បាន​ទទួល​ដី​រដ្ឋ​ជាច្រើន​រយ​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ ដូចជា អ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី ឧកញ៉ា ពុង ឃាវសែ ឧកញ៉ា ជីង សុភាព ឧកញ៉ា ជីង សុគន្ធាវី ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លី យ៉ុងផាត់ ជាដើម សុទ្ធតែ​មាន​ចំណែក​ទទួល​បាន​ដី​រដ្ឋ​ទាំងនោះ​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​ម្នាក់ៗ​រាប់​រយ​ហិកតារ ទាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០២២ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បណ្ឌិត សុខ ទូច ធ្លាប់​រិះគន់​ពី​ការ​លុប​បឹង​តាមោក​នេះ​ជា​ញឹកញាប់​ដែរ។ លោក​បញ្ជាក់​ថា កាលពី​មុន​បឹង​មាន​ច្រើន ទោះ​ជា​លុប​ខ្លះ​ក៏​មិន​អី​ដែរ តែ​ឥឡូវ បឹង​សល់​តិច ដូចជា​បឹង​តាមោក ជាដើម ដូច្នេះ​តើ​មាន​មោទនភាព​អី​នឹង​លុប​បឹង​ទាំងនោះ ប៉ុន្តែ​ដោយសារ​ការ​រិះគន់​នេះ បណ្ឌិត សុខ ទូច ក៏​រង​នូវ​ការ​ព្រមាន​ពី​ក្រុម​គ្រួសារ​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ​ផង​ដែរ ជាពិសេស​គឺ​លោក ហ៊ុន សែន បាន​ព្រមាន​លោក​ដោយ​ផ្ទាល់​តែម្តង​ចំពោះ​រឿង​នេះ។

អង្គការ​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២៣ បឹង​តាមោក ឬ​បឹង​កប់ស្រូវ ដែល​មាន​ទំហំ​ជាង ៣​ពាន់​ហិកតារ (៣២៣៩,៧​ហិកតារ) ត្រូវ​បាន​កែសម្រួល​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ព្រមទាំង​បាន​ប្រគល់​ឱ្យ​បុគ្គល​ឯកជន និង​ស្ថាប័ន​នានា​ចំនួន ៧០​លើក​ហើយ។

អង្គការ​ដដែល​នេះ បញ្ជាក់​ថា ដោយសារតែ​ការ​កាត់​ឆ្វៀល​នេះ បាន​ធ្វើ​ឱ្យ​ផ្ទៃដី​បឹង​តាមោក​បាត់បង់​អស់​ជាង ២​ពាន់​ហិកតារ​ហើយ (២៣៦៩,៨៩១៣​ហិកតារ) នៃ​ផ្ទៃដី​សរុប​របស់​បឹង​ដ៏​ធំ​មួយ​នេះ ដែល​បាន​រំកិល​ចូល​ទៅ​ក្នុង​ប្លង់​គោល​ត្រូវ​រក្សាទុក ដែល​ជា​ហេតុ​ឈាន​ទៅ​រក​ការ​បាត់បង់​បឹង​នេះ​ទាំងស្រុង​នា​ពេល​អនាគត​ផង​ដែរ ខណៈ​ផ្ទៃដី​ដែល​នៅ​សល់​សព្វថ្ងៃ​នេះ​មាន​ប្រមាណ ២៣% ទៀត​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស