42 C
Phnom Penh

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​សិទ្ធិ​លំនៅឋាន​ពលរដ្ឋ​ដែល​កំពុង​រង​ការ​បណ្តេញ​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កំពុង​បន្ត​វេន​នៅ​សម្រាប់​អាណត្តិ​ថ្មី លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​បញ្ហា​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ ហើយ​មិន​គួរ​យក​គំរូ​តាម​អតីត​នាយករដ្ឋមន្ត្រី​ចាស់​លោក ហ៊ុន សែន នោះ​ទេ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា បញ្ហា​នៃ​ការ​បណ្តេញ​ពី​លំនៅឋាន​កើត​មាន​ស្ទើរតែ​គ្រប់​កន្លែង​នៅ​ទូទាំង​ប្រទេស ខណៈ​ការ​តវ៉ា​ក៏​ចេះ​តែ​កើតមាន​ជា​ហូរហែ​ដែរ ដូច្នេះ​នាយករដ្ឋមន្ត្រី​ក៏​គួរតែ​បាន​ឃើញ​បញ្ហា​ទាំងនេះ​ដែរ​ហើយ ប៉ុន្តែ​ចំណុច​សំខាន់ គឺ​នៅ​ត្រង់​ថា គាត់​មាន​បំណង​ដោះស្រាយ ឬ​ក៏​អត់​តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើ​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​នៅតែ​បន្ត​ដឹកនាំ​តាម​របៀប​រដ្ឋាភិបាល​ចាស់ ដោយ​ទុក​ឱ្យ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​លំនៅឋាន​ដោយ​គ្មាន​ដំណោះស្រាយ នោះ​គឺ​មាន​ន័យ​ថា កម្ពុជា​ផ្លាស់ប្ដូរ​តែ​នាយករដ្ឋមន្ត្រី​តែប៉ុណ្ណោះ តែ​របៀប​ដឹកនាំ​គឺ​នៅ​ដដែល។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​លើកឡើង​ថា ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​មិន​មាន​ផល​ចំណេញ​សម្រាប់​ខ្លួន​ទេ គឺ​មាន​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទំនុកចិត្ត និង​ទទួល​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា រហូត​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា និង​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល​ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​ថា​កម្ពុជា​ជា​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ក្នុង​នោះ រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ ក៏​បាន​ចែង​យ៉ាង​ច្បាស់​ពី​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ​ដែល​ត្រូវតែ​ដោះស្រាយ​ដោយ​អង្គការ​រដ្ឋ​ដែរ។

កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៤ ពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹង​តាមោក ក្នុង​សហគមន៍​សំរោងត្បូង ជិត ១០០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ចំនួន ១១២​គ្រួសារ រួម​ជាមួយ​យុវជន​ចលនា​មាតា​ធម្មជាតិ និង​ក្រុម​កូដករ​ណាហ្គា​វើលដ៍ បាន​នាំគ្នា​ដង្ហែ​ញត្តិ​ចេញពី​ម្តុំ​មាត់ទន្លេ​ចតុមុខ ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខុទ្ទកាល័យ​ព្រះបរមរាជវាំង ដើម្បី​ស្នើសុំ​ឱ្យ​ព្រះមហាក្សត្រ​ជួយ​អន្តរាគមន៍​កុំ​ឱ្យ​អាជ្ញាធរ​បណ្តេញ​ពួកគេ​ចេញពី​លំនៅឋាន​បន្ត​ទៀត ប៉ុន្តែ​ខុទ្ទកាល័យ​ព្រះបរមរាជវាំង​បែរ​ជា​មិន​ទទួល​ញត្តិ​នេះ​ទៅវិញ។

ញត្តិ​នេះ​បញ្ជាក់​ថា ប្រជា​សហគមន៍​សំរោងត្បូង បាន​ទៅ​រស់នៅ​តំបន់​បឹង​តាមោក នេះ ចាប់តាំងពី​ឆ្នាំ​១៩៩០ មក​ម្ល៉េះ ខណៈ​ច្បាប់​ភូមិបាល​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​នៅឡើយ​ទេ​នា​ពេល​នោះ ប៉ុន្តែ​ក្រោយ​រស់នៅ​ក្នុង​តំបន់​នេះ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ ស្រាប់តែ​អាជ្ញាធរ​ប្រកាស​បណ្តេញ​ពួកគេ​ចេញ ក្រោម​ហេតុផល​ថា ពួកគេ​រស់នៅ​ដោយ​ខុស​ច្បាប់។ តែ​យ៉ាងណា​ក៏ដោយ ពលរដ្ឋ​ទាំងនោះ​ដឹង​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​មាន​ផែនការ​ប្រមូល​ដី​នៅ​តំបន់​នោះ​យក​ទៅ​លក់​ឱ្យ​អ្នក​មាន​លុយ និង​មាន​អំណាច។

ខ្លឹមសារ​ក្នុង​ញត្តិ​ដដែល​នេះ​អះអាង​ថា កាលពី​អំឡុង​ឆ្នាំ​២០០៥ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី ធ្លាប់​មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​ពលរដ្ឋ​ក្នុង​សហគមន៍​សំរោងត្បូង នេះ ឱ្យ​រស់នៅ​លើ​ទីតាំង​នេះ​បន្ត​ទៀត​ដោយ​គ្មាន​ការ​បណ្តេញ​ចេញ​នោះ​ឡើយ ប៉ុន្តែ​ពេលនេះ អាជ្ញាធរ​បែរ​ជា​បង្ខំ​ឱ្យ​ពួកគេ​រុះរើ និង​ចាកចេញ​ពី​លំនៅឋាន​ទៅវិញ ខណៈ​ញត្តិ​ដែល​ពួកគេ​ដាក់​ជូន​ទៅ​កាន់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​កន្លង​មក ក៏​មិន​បាន​ដោះស្រាយ​ឱ្យ​ពួកគេ​នោះ​ដែរ។

ចាប់តាំងពី​ឆ្នាំ​២០១៨ មក អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល និង​ដោះដូរ​ដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន​ជា​បន្តបន្ទាប់​អស់​ជាង ២​ពាន់​ហិកតា​ហើយ ដូចជា​កាត់​ឆ្វៀល​ឱ្យ​លោក ហូ សិទ្ធីវ័ន្ត ដែល​ត្រូវ​ជា​កូនប្រុស​បង្កើត​របស់​លោក ហូ សិទ្ធី ដែល​ជា​នាយក​ខុទ្ទកាល័យ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន អស់​ជិត ៤០​ហិកតា (៣៨​ហិកតា) កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លង​ទៅ។

ជាង​នេះ​ទៀត អ្នកស្រី ហ៊ុន សេងនី ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន ក៏​ទទួល​បាន​ដី ២០​ហិកតា​ក្នុង​តំបន់​បឹង​តាមោក នេះ​ដែរ។ ក្រៅពី​នេះ លោក ហ៊ុន សែន ក៏​បាន​កាត់​ឆ្វៀល​ដី​បឹង​តាមោក នេះ ទៅ​ឱ្យ​លោក វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក យ៉ា គឹមអ៊ី មន្ត្រី​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ ថែម​ទៀត​ដែរ ខណៈ​សាច់ញាតិ និង​បក្ខពួក​របស់​លោក ហ៊ុន សែន ផ្សេង​ទៀត ក៏​ទទួល​បាន​ចំណែក​ដី​តំបន់​បឹង​តាមោក នេះ​ជា​កម្មសិទ្ធិ​ដែរ។

បឹង​តាមោក ឬ​បឹង​កប់ស្រូវ ស្ថិត​ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប​ជាង ៣​ពាន់​ហិកតា (៣២៣៩​ហិកតា) ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ កំណត់​ជា​បឹង​ធម្មជាតិ​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​កាត់​ឆ្វៀល​បឹង​នេះ​ឱ្យ​បក្ខពួក និង​សាច់ញាតិ​របស់​គាត់​ជា​ហូរហែ​ដែរ​រហូត​ដល់​សព្វថ្ងៃ​នេះ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International បាន​លើក​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​កំពុង​ខ្វះ​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​សិទ្ធិ​ដីធ្លី​ច្បាស់លាស់​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ បើ​ទោះបីជា​ប្រទេស​នេះ​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​កាលពី​ជាង ៣០​ឆ្នាំ​មុន​ហើយ​ក៏ដោយ ដែល​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​របប​ខ្មែរក្រហម ដែល​បាន​លុបចោល​កម្មសិទ្ធិ​ឯកជន ក្រោយ​ពួកគេ​កាន់កាប់​ប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ដូច្នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស