កងកម្លាំងយោធាអាមេរិក នៅថ្ងៃអង្គារ ទី២៤ សីហា កំពុងបង្កើនការខិតខំប្រឹងប្រែងជម្លៀសពលរដ្ឋចេញពីទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់ ព្រមានថា អាមេរិកនិងសម្ពន្ធមិត្តបើនៅតែបន្តប្រតិបត្តិការជម្លៀសពលរដ្ឋហួសថ្ងៃទី៣១ ខែសីហា គឺនឹងជួបផលវិបាកធ្ងន់ធ្ងរ។
សារព័ត៌មានបារាំង AFP បានធ្វើសេចក្ដីរាយការណ៍ថា មកទល់ពេលនេះ ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់នៅតែកំពុងបន្តប្រមូលផ្តុំគ្នានៅខាងក្រៅព្រលានយន្តហោះក្រុងកាប៊ុល ខណៈពួកគេភ័យខ្លាចអំពីជីវិតរស់នៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ដែលធ្លាប់កាប់សម្លាប់មនុស្សយ៉ាងសាហាវ។
ក្នុងស្ថានភាពនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងស្ថិតក្រោមការដាក់សម្ពាធកាន់តែខ្លាំងឡើង ដើម្បីឲ្យលោកពន្យារកាលបរិច្ឆេទកំណត់នៃការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ដែលតាមផែនការគឺឲ្យអស់នៅត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
ចាប់តាំងពីចូលកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រុមតាលីបង់ បានផ្តល់ការយោគយល់ចំពោះការខិតខំប្រឹងប្រែងជម្លៀសពលរដ្ឋបរទេស ដោយមិនបានបង្កបញ្ហាអ្វីឡើយ។ ប៉ុន្តែកាលពីថ្ងៃចន្ទ សប្តាហ៍នេះ ពួកតាលីបង់បានព្រមានថា ប្រសិនបើអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស នៅបន្តពន្យារពេលការជម្លៀសនេះទៀត នឹងត្រូវប្រឈមផលវិបាកធ្ងន់ធ្ងរមិនខានឡើយ។
ស្ថានភាពនៅព្រលានយន្តហោះទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នៅតែស្ថិតនៅក្នុងភាពចលាចលនៅឡើយ។
ពលរដ្ឋរាប់ម៉ឺននាក់កំពុងរង់ចាំការជម្លៀសតាមយន្តហោះចាកចេញពីអាហ្វហ្គានីស្ថាន។ ដោយប្រឈមនឹងបញ្ហានេះ លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងកាលពីថ្ងៃអាទិត្យ ថា អាមេរិកអាចនឹងបន្តទុកពេលឱ្យកងទ័ពអាមេរិកដាក់ពង្រាយនៅព្រលានយន្តហោះក្រុងកាប៊ុល ដើម្បីការពារសន្តិសុខ។ លោក ចូ បៃដិន បានបង្ហើបឲ្យដឹងកាលពីរសៀលថ្ងៃអាទិត្យ ទី២២ សីហា ថា លោកអាចនឹងសម្រេចអនុញ្ញាតឲ្យកងទ័ពអាមេរិកបន្តនៅការពារសន្តិសុខនៅព្រលានយន្តហោះក្រុងកាប៊ុល លើសពីថ្ងៃទី៣១ សីហា ដើម្បីការពារប្រតិបត្តិការជម្លៀសពលរដ្ឋចេញពីក្រុងកាប៊ុល។
ភ្លាមៗក្រោយដំណឹងនេះ អ្នកនាំពាក្យក្រុមតាលីបង់ Suhail Shaheen បានចេញសារព្រមានអាមេរិក។ អ្នកនាំពាក្យរូបនេះថា តាលីបង់មិនយល់ព្រមឲ្យអាមេរិកបន្តទុកកងទ័ពនៅព្រលានយន្តហោះលើសពីថ្ងៃទី៣១ សីហា ជាដាច់ខាត ដោយព្រមានថានឹងជួបផលវិបាកបើអាមេរិកនៅតែបន្តនោះ។
កាលពីព្រឹកថ្ងៃចន្ទ ទី២៣ សីហា ភាពចលាចលនៅព្រលានយន្តហោះក្រុងកាប៊ុល បានបង្កឲ្យមានការផ្ទុះអាវុធពីសំណាក់កងទ័ពអាមេរិក និងកងទ័ពអាល្លឺម៉ង់ ដោយពួកគេបានបាញ់ទៅលើក្រុមជនមិនស្គាល់មុខបណ្តាលឲ្យស្លាប់មនុស្សម្នាក់។ មន្ត្រីតាលីបង់ បានរិះគន់កងទ័ពអាមេរិកថាគ្មានសមត្ថភាព ដោយមិនអាចរក្សាសណ្ដាប់ធ្នាប់នៅក្នុងព្រលានយន្តហោះក្រុងកាប៊ុល ធ្វើឲ្យមានចលាចលកើតឡើង។
គិតចាប់តាំងពីក្រុមតាលីបង់ បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន កាលពី ១០ថ្ងៃមកនេះ គឺជនបរទេស និងប្រជាជនអាហ្វហ្គានីស្ថានប្រហែលជាង ៥ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីប្រទេសនេះតាមរយៈអាកាសយានដ្ឋានទីក្រុងកាប៊ុល។
សហរដ្ឋអាមេរិកមានផែនការជម្លៀសជនជាតិអាមេរិកឲ្យបាន ១ម៉ឺន ៥ពាន់នាក់ និងប្រជាជនអាហ្វហ្គានីស្ថាន ពី ៥ ទៅ ៦ម៉ឺននាក់។ ចំណែកអាល្លឺម៉ង់និយាយថា រដ្ឋាភិបាលក្រុងប៊ែរឡាំង បានជម្លៀសពលរដ្ឋចេញពីក្រុងកាប៊ុល ប្រមាណ ២៥០០នាក់ ហើយរីឯអង់គ្លេសបានជួយជម្លៀសពលរដ្ឋប្រហែល ៥៧០០នាក់ហើយ។
ចាប់តាំងពីផ្ដួលរំលំរបបតាលីបង់នៅឆ្នាំ២០០១ ក្រោមហេតុផលនៃការតាមប្រមាញ់មេភេរវកម្មអាល់កៃដា អូសាម៉ា ប៊ិនឡាឌែន (Osama bin Laden) រហូតថ្ងៃទី១៥ សីហា ជាថ្ងៃបិទបញ្ចប់ រដ្ឋាភិបាលក្រុងកាប៊ុលដែលលោកខាងលិចលើកបន្តុប គឺសហរដ្ឋអាមេរិកបានចំណាយប្រាក់ច្រើនជាង ២ទ្រីលានដុល្លារក្នុងការធ្វើសង្គ្រាមផង និងជួយស្ដារប្រទេសនេះឡើងវិញផង។ នេះបើយោងតាមកាសែត The Washington Post។ តាមប្រភពដដែលនេះ ប្រាក់ ៨០០ពាន់លានដុល្លារសម្រាប់ការចំណាយក្នុងសង្គ្រាមផ្ទាល់ និង ៨៥ពាន់លានដុល្លារដើម្បីបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថាន។ ក្នុងរយៈពេលនោះ កងទ័ពអាមេរិកស្លាប់ ២៥០០នាក់។ ចំណែកកងទ័ពអាហ្វហ្គានីស្ថានស្លាប់ ៦ម៉ឺន ៩ពាន់នាក់ និងប្រជាជនរបស់ប្រទេសនេះ ៤ម៉ឺន ៧ពាន់នាក់។
ការលើកទ័ពផ្ដួលរំលំរបបតាលីបង់ គឺក្រោមការបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក George W. Bush បន្ទាប់ពីមានការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ការពិត អាមេរិកនៅពេលនោះ គឺមានផែនការត្រឹមតែតាមកម្ចាត់ និងបោសក្រុមតាលីបង់ ដែលមានមេដឹកនាំ គឺលោក Osama bin Laden។
ប៉ុន្តែការចាប់ខ្លួន និងសម្លាប់មេភេរវករនេះ គឺនៅក្រោមការបញ្ជាពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ លោក ចូ បៃដិន ដែលធ្លាប់ជាអនុប្រធានាធិបតីរបស់លោក អូបាម៉ា គឺជាអ្នកប្រកាសដកទ័ពអាមេរិកឲ្យអស់ពីអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី៣១ ខែសីហា។ មេដឹកនាំអាមេរិកវ័យ ៧៨ឆ្នាំរូបនេះ បានប្រកាសថា អាមេរិកឈ្នះសង្គ្រាមតាលីបង់ផង ហើយក៏ឈ្នះសង្គ្រាមលើក្រុមភេរវកម្មអាល់កៃដាផងដែរ ខណៈលោកបដិសេធចំពោះការរិះគន់ថា អាមេរិកមានកំហុសចំពោះការធ្វើឱ្យពួកតាលីបង់ឡើងកាន់អំណាចវិញ៕