លោក ដូណាល់ ត្រាំ បានស្បថសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ កាលពីថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នេះ។
លោក ត្រាំ ជាបេក្ខជនមកពីបក្សសាធារណរដ្ឋដែលបានឈ្នះឆ្នោតលើបេក្ខជនស្ត្រីមកពីបក្សប្រជាធិបតេយ្យ គឺអ្នកស្រី កាម៉ាឡា ហារីស នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីស្បថចូលកាន់តំណែងបានប្រព្រឹត្តទៅក្រោមការចូលរួមពីមន្ត្រីកំពូលៗ មេដឹកនាំអន្តរជាតិ អ្នកការទូត មហាសេដ្ឋីពិភពលោក ព្រមទាំងពលរដ្ឋអាមេរិករាប់ពាន់នាក់ក្នុងពិធីដ៏ឱឡារិកមួយនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រោយពីលោក ត្រាំ ឈ្នះឆ្នោត លោក ចូ បៃដិន ប្រធានាធិបតីរង់ចាំផ្ទេរអំណាច បានជួបលោក ត្រាំ ម្ដងរួចទៅហើយនៅសេតវិមាន ខណៈលោក បៃដិន នៅជាម្ចាស់សេតវិមាន។ តែនៅក្នុងពិធីស្បថសច្ចាប្រណិធានរបស់លោក ត្រាំ លោក បៃដិន ក៏បានចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែរ។ នេះគឺជាអាណត្តិទីពីររបស់លោក ត្រាំ ក្នុងការដឹកនាំប្រទេសមហាអំណាចមួយនេះ។
លោក ត្រាំ វិលត្រឡប់ទៅកាន់សេតវិមានវិញក្រោយពីលោកឈ្នះឆ្នោតវិញយ៉ាងស្វិតស្វាញក្នុងការបោះឆ្នោតនៅដើមខែវិច្ឆិកា ឆ្នាំ២០២៤។
ការវិលត្រឡប់មកកាន់តំណែងកំពូលរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថាជាជ័យជម្នះដ៏ធំធេងសម្រាប់អ្នកគាំទ្រលោក និងសហរដ្ឋអាមេរិក តែក៏មានអ្នកខ្លះទៀតនៅតែសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោលនយោបាយអភិរក្សនិយមរបស់លោក។
ទោះជាយ៉ាងណា គឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់សហរដ្ឋអាមេរិក ហើយពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរដ្ឋការទីពីររបស់លោក ត្រាំ ដែលលោកបានថ្លែងថា «បដិវត្តន៍សុភវិនិច្ឆ័យ» និង «យុគសម័យមាសចាប់ផ្ដើមហើយ»។
ក្នុងពិធីស្បថចូលកាន់តំណែង លោក ត្រាំ អំពាវនាវឱ្យមាន «បដិវត្តន៍សុភវិនិច្ឆ័យ» ហើយសច្ចាចេញបទបញ្ជានីតិប្រតិបត្តិឆាប់រហ័សឱ្យមានការកែប្រែគោលនយោបាយថ្នាក់ជាតិ។
លោក ត្រាំ បានប្រកាសក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោកថា៖ «យុគសម័យមាសរបស់អាមេរិកចាប់ផ្តើមហើយនៅពេលឥឡូវនេះ។ ចាប់ពីពេលនេះតទៅ ការចុះថមថយរបស់អាមេរិកលែងមានទៀតហើយ។ លោកបញ្ជាក់ថា លោកនឹងដឹកនាំសហរដ្ឋអាមេរិកឆ្ពោះទៅកាន់ជ័យជម្នះ និងជោគជ័យកម្រិតថ្មីមួយ។ គ្មានសុបិនណាដែលអាមេរិកមិនអាចសម្រេចបាននោះទេ។ សហរដ្ឋអាមេរិកនឹងមិនបរាជ័យឡើយ»។
អ្នកសារព័ត៌មានបានកត់សម្គាល់នូវចំណុចសំខាន់ៗនៃបទបញ្ជានីតិប្រតិបត្តិរបស់លោក ត្រាំ នាថ្ងៃដំបូងដែលលោកចូលកាន់តំណែងប្រធានាធិបតីមហាអំណាចអាមេរិក មានដូចតទៅនេះ៖
- លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO)។ លោកវាយប្រហារថាស្ថាប័នសុខភាពពិភពលោកមួយនេះគ្មានសមត្ថភាពដោះស្រាយវិបត្តិកូវីដ-១៩ និងវិបត្តិសុខភាពអន្តរជាតិនានាផ្សេងទៀត។ លោក ត្រាំ បានថ្លែងថា WHO បានបរាជ័យក្នុងការធ្វើសកម្មភាពដោយឯករាជ្យពីឥទ្ធិពលរបស់បណ្ដាប្រទេសមួយចំនួនដែលជាសមាជិក WHO ហើយបានតម្រូវឱ្យសហរដ្ឋអាមេរិកបង់វិភាគទានដោយអយុត្តិធម៌ ដែលមិនសមាមាត្រទៅនឹងវិភាគទានផ្ដល់ដោយប្រទេសធំៗដទៃ ដូចជា ចិន ជាដើម។ នៅឯពិធីចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិ លោក ត្រាំ បានបញ្ជាក់ថា «អង្គការសុខភាពពិភពលោក បានកេងចំណេញពីអាមេរិកយ៉ាងសម្បើមណាស់»។ ចាប់ពីថ្ងៃទី២០ មករា នេះទៅ សហរដ្ឋអាមេរិកនឹងចាកចេញពី WHO ហើយក្នុងរយៈពេល ១២ខែ សហរដ្ឋអាមេរិកនឹងដើរចេញជាផ្លូវការ ជាមួយនឹងការបញ្ឈប់រាល់ការចូលរួមចំណែកផ្ដល់ហិរញ្ញវត្ថុទាំងឡាយដល់ WHO ខណៈសហរដ្ឋអាមេរិកគឺជាប្រទេសអ្នកផ្ដល់ហិរញ្ញវត្ថុធំជាងគេបំផុតសម្រាប់ WHO។
- ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកទី៤៧ ជាថ្មីម្ដងទៀតក៏បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ នេះក៏ជាលើកទី២ ដែលលោក ត្រាំ ដកសហរដ្ឋអាមេរិកដែលជាប្រទេសបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាសធំជាងគេបំផុតនៅលើពិភពលោក ចេញពីកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងថ្ងៃដំបូងនៃការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនេះធ្វើឡើងតាមពាក្យសន្យានៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់នៅទីលាន Capital One Arena ក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក ត្រាំ អះអាងថា សហរដ្ឋអាមេរិកមិនមែនជាប្រទេសបង្កការខូចខាតដល់ឧស្សាហកម្មរបស់ខ្លួនឯងក្នុងពេលដែលចិនកំពុងបញ្ចេញឧស្ម័នពុលដោយគ្មានទោសពៃរ៍អ្វីនោះ។
- ចំពោះបញ្ហាដែនកោះ Greenland លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែគ្រប់គ្រងដែនកោះទឹកកកដ៏ធំមួយនេះដើម្បីធានាសន្តិសុខអន្តរជាតិ។ លោក ត្រាំ បានលើកឡើងដូចនេះនៅពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើនក្នុងបន្ទប់ការិយាល័យ Oval Office នៃសេតវិមាននាថ្ងៃដំបូងដែលលោកក្លាយជាម្ចាស់សេតវិមានរយៈពេល ៤ឆ្នាំ។ លោក ត្រាំ បានបង្ហាញជំហរចង់បានកោះ Greenland ដែលជាតំបន់ស្វយ័តរបស់ប្រទេសដាណឺម៉ាក ក្លាយជាផ្នែកនៃសហរដ្ឋអាមេរិក ចាប់តាំងពីលោកបានជាប់ឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំមុន។ លោក ត្រាំ ថ្លែងថា សហរដ្ឋអាមេរិកមិនបានច្រានចោលលទ្ធផលនៃការប្រើប្រាស់អំណាចយោធា ឬសេដ្ឋកិច្ច ដើម្បីបង្ខំឱ្យដាណឺម៉ាក យល់ព្រមប្រគល់ Greenland ឱ្យមកអាមេរិក។ ចំណែកភាគីកោះ Greenland និងរដ្ឋាភិបាលដាណឺម៉ាក កំពុងរង់ចាំជួបលោក ត្រាំ ដើម្បីជម្រះមន្ទិលទាំងឡាយដែលលោក ត្រាំ មានមហិច្ឆតាចង់បានដែនកោះ Greenland។
- ចំណែករឿងព្រែកជីកប៉ាណាម៉ា វិញ ក្រោយពីចប់ពិធីស្បថចូលកាន់តំណែងភ្លាម លោក ត្រាំ បានប្ដេជ្ញាថា នឹងធ្វើឱ្យព្រែកជីកប៉ាណាម៉ា មកឋិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកវិញ។ ព្រែកជីកប៉ាណាម៉ា ជាផ្លូវទឹកដែលសហរដ្ឋអាមេរិកបានប្រគល់ទៅឱ្យប្រទេសប៉ាណាម៉ា នៅចុងឆ្នាំ១៩៩៩។ អ្វីដែលលោក ត្រាំ ចង់គ្រប់គ្រងព្រែកជីកប៉ាណាម៉ា ព្រោះព្រែកជីកដែលជាផ្លូវទឹកអន្តរជាតិដ៏សំខាន់នេះ បានកំពុងធ្លាក់ក្រោមក្រុមហ៊ុនពីប្រទេសចិន។ ចិន កំពុងបង្កើនវត្តមានរបស់ខ្លួនតាមរយៈការដឹកជញ្ជូនរវាងច្រកនៃមហាសមុទ្រអាត្លង់ទិច និងប៉ាស៊ីហ្វិក ហើយចិន មានទាំងវត្តមានទ័ពរបស់ខ្លួនផងដែរ។ ថ្លែងក្នុងពិធីស្បថចូលកាន់តំណែង លោក ត្រាំ បញ្ជាក់ថា ចិនកំពុងធ្វើប្រតិបត្តិការតាមព្រែកជីកប៉ាណាម៉ា ដែលលោកថាអាមេរិកមិនបានប្រគល់ព្រែកជីកនេះទៅឱ្យចិន ទេ គឺប្រគល់ឱ្យប៉ាណាម៉ា។ ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ដោយសហរដ្ឋអាមេរិក ហើយបានបើកឱ្យដំណើរការនៅឆ្នាំ១៩១៤។
ចំពោះគោលនយោបាយរបស់លោក ត្រាំ នៅក្នុងសហរដ្ឋអាមេរិកវិញ៖
- លោក ត្រាំ បានផ្តល់ការលើកលែងទោសដល់អ្នកគាំទ្ររបស់លោកប្រមាណ ១៥០០នាក់ ដែលបានសម្រុកចូលលុកលុយក្នុងវិមានរដ្ឋសភាអាមេរិក កាលពី ៤ឆ្នាំមុន ដែលពេលនោះលោកជាបេក្ខជនចាញ់ឆ្នោតនឹងលោក បៃដិន។ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកគាំទ្រលោក ត្រាំ រាប់ពាន់នាក់ បាននាំគ្នាចូលអុកឡុកវាយប្រហារលើវិមានសភាអាមេរិក ក្នុងការប៉ុនប៉ងមួយដើម្បីផ្លាស់ប្ដូរលទ្ធផលបរាជ័យរបស់លោក ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលនៅពេលនោះ លោក ត្រាំ បានចាញ់លោក បៃដិន។ ក្នុងគ្រានោះ ប៉ូលិសអាមេរិកប្រហែល ១៤០នាក់ បានទទួលរងអំពើហិង្សា ហើយមនុស្ស ៤នាក់ក៏បានស្លាប់ផងដែរអំឡុងភាពចលាចល ក្នុងនោះរួមមានទាំងអ្នកគាំទ្រម្នាក់របស់លោក ត្រាំ ដែលត្រូវបានប៉ូលិសបាញ់ស្លាប់។
- លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលមានគោលដៅលុបចោលសិទ្ធិទទួលបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិ ចំពោះទារកណាក៏ដោយ ឱ្យតែកើតនៅលើទឹកដីរបស់អាមេរិក។ សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើតជាសិទ្ធិមួយកំណត់ដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលចែងសម្រាប់ពលរដ្ឋបរទេសដែលបានប្រសូតបុត្រលើទឹកដីអាមេរិក គឺមានឋានៈជាពលរដ្ឋអាមេរិកដោយស្វ័យប្រវត្តិ។ តាមរយៈបទបញ្ជាប្រតិបត្តិនេះ លោក ត្រាំ ចង់កែសម្រួលការបកប្រែនិយមន័យនៃសិទ្ធិនោះ ដែលមានន័យថា ក្មេងដែលកើតនៅលើទឹកដីអាមេរិក ប៉ុន្តែមានឪពុកម្ដាយជាជនអន្តោប្រវេសន៍ខុសច្បាប់ គឺមិនអាចទទួលបានសញ្ជាតិស្វ័យប្រវត្តិឡើយ។
គោលនយោបាយអាទិភាពដែលដាក់ចេញដោយបទបញ្ជានីតិប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ត្រូវគេមើលឃើញពីគោលនយោបាយជាតិនិយម និងអភិរក្សនិយមរបស់គណបក្សសាធារណរដ្ឋ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

