បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ អ្នកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស ថ្លែងទៅកាន់ក្រុមមនុស្សរាប់ម៉ឺននាក់ដែលបានប្រមូលផ្ដុំគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ តុលា ដោយរំឭកថា បេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងស្វែងរកអំណាចគ្មានដែនកំណត់ ដែលគ្រោះថ្នាក់សម្រាប់មហាអំណាចសហរដ្ឋអាមេរិក។
អ្នកស្រី ហារីស បានថ្លែងព្រមានថា ការវិលចូលសេតវិមានវិញរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យប្រជាធិបតេយ្យ និងការឯកភាពជាតិនៃពលរដ្ឋអាមេរិកាំងអាចនឹងគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣០ តុលា នេះ។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រប្រហែលជា ៧៥០០០នាក់ក្បែរសេតវិមាន អ្នកស្រី ហារីស រំលឹកព្រឹត្តិការណ៍ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ថា ថ្ងៃនោះហើយដែលលោក ត្រាំ បានថ្លែងសារទៅកាន់ក្រុមអ្នកគាំទ្រមុននឹងពួកគេសម្រុកចូលអុកឡុកវាយកម្ទេចការិយាល័យក្នុងវិមានសភាជាតិ Capitol Hill។
អ្នកស្រី ហារីស បន្តថា គេដឹងច្បាស់ថា លោក ដូណល់ ត្រាំ ជានរណា ដែលចេញសារឱ្យបាតុករអុកឡុកវិមានសភាជាតិ។ អ្នកស្រី ហារីស បន្ថែមថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានបញ្ជូនក្រុមមនុស្សប្រដាប់ដោយអាវុធចូលអុកឡុកវិមាន Capitol ដើម្បីកែប្រែលទ្ធផលបរាជ័យរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
អ្នកស្រីក៏បានព្រមានដែរថា លោក ត្រាំ ជាមនុស្សគ្មានស្ថិរភាព ឱបក្រសោបនូវគំនុំគុំកួន ហើយចង់បានអំណាចគ្មានដែនកំណត់។ អ្នកស្រី ហារីស ក៏ធ្លាប់ហៅលោក ត្រាំ ជាមនុស្សដែលមានចរិតដូចនឹងជនផ្ដាច់ការអាល្លឺម៉ង់ អាឌុល អ៊ីត្លែរ ដែលជាអ្នកបញ្ឆេះឱ្យមានសង្គ្រាមលោកលើកទី២។
អ្នកស្រីថា បើលោក ត្រាំ ឈ្នះឆ្នោត ជនផ្ដាច់ការជាច្រើនដូចជាលោក វ៉្លាឌីមៀ ពូទីន នឹងក្លាយជាមិត្តជិតស្និទ្ធរបស់លោក។ អ្នកស្រីអះអាងថា បើអ្នកស្រីជាប្រធានាធិបតីសហរដ្ឋអាមេរិក គឺអ្នកស្រីនឹងមិនជួបទេមេដឹកនាំណាដែលផ្ដាច់ការ។
មិនថាឡើយតែអ្នកស្រី ហារីស និងបក្សប្រជាធិបតេយ្យដែលបារម្ភខ្លាចលោក ត្រាំ ធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចុះឥទ្ធិពលនៅលើពិភពលោក គេសង្កេតឃើញក្រុមបស្ចិមប្រទេសមួយចំនួនក៏បារម្ភដូចនេះដែរ ជាពិសេសពួកគេបារម្ភពីការផ្ដល់ជំនួយយោធាទៅប្រទេសអ៊ុយក្រែន ធ្លាក់ចុះ ឬក៏មានការផ្ដាច់ជំនួយតែម្ដង។
ចំពោះសម្ព័ន្ធយោធាណាតូវិញ មេដឹកនាំបស្ចិមប្រទេសខ្លះថាលោក ត្រាំ នឹងធ្វើឱ្យណាតូចុះខ្សោយនៅចំពោះមុខឥទ្ធិពលរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។
លោក ត្រាំ បានព្រមានថា បើអ៊ុយក្រែន មិនចូលខ្លួនចរចាទេ លោកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាពីសហរដ្ឋអាមេរិកទាំងស្រុងទៅឱ្យក្រុងគៀវ។
ការបោះឆ្នោតកាន់តែកៀកចូលមកដល់ សន្ទុះគាំទ្រលោក ត្រាំ កំពុងនាំមុខអ្នកស្រី ហារីស តែនៅថ្ងៃទី៣០ តុលា នេះ បណ្ដាញផ្សាយព័ត៌មាន BBC ធ្វើសម្រង់សេចក្ដីពីការស្ទង់មតិថ្នាក់ជាតិជាថ្មីទៀតថា សន្ទុះគាំទ្រអ្នកស្រី ហារីស មានសន្ទុះនាំមុខតិចតួចប៉ុណ្ណោះលើលោក ត្រាំ គឺ ៤៨ភាគរយទល់នឹង ៤៧ភាគរយ បើប្រៀបធៀបនឹងក្រោយថ្ងៃឡើង Presidential Debate កាលពីថ្ងៃទី១០ កញ្ញា ដែលអ្នកស្រី ហារីស មានការគាំទ្រជាងលោក ត្រាំ ពី ២ ទៅ ៥ភាគរយ។
នៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក អង្គភាពតំណាងម្ចាស់ឆ្នោតហៅថា electors មានសមាជិកចំនួន ៥៣៨រូប ដែលតំណាងឱ្យរដ្ឋទាំង ៥០នៃប្រទេសមហាអំណាចមួយនេះ។ ការជាប់ឈ្នះឆ្នោតជាប្រធានាធិបតី គឺបេក្ខជនប្រធានាធិបតីម្នាក់ត្រូវតែប្រមូលឱ្យបាននូវសំឡេងគាំទ្រចាប់ពី ២៧០ ពីអង្គភាពតំណាងម្ចាស់ឆ្នោតសរុបទាំង ៥៣៨រូប។ នៅក្នុងចំណោមរដ្ឋទាំង ៥០ ក្នុងសហរដ្ឋអាមេរិក មានរដ្ឋមួយចំនួនបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យជារហូត និងមួយចំនួនទៀតបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋជារហូត ដោយតាមទម្លាប់របស់ពួកគេ។
តែបើយោងតាមការស្ទង់មតិថ្នាក់ជាតិដែលបណ្ដាញផ្សាយព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី៣០ តុលា នេះ ឃើញថា អ្នកស្រី ហារីស មានប្រៀបជាងលោក ត្រាំ ជាពិសេសពីចំណោមម្ចាស់ឆ្នោតជាស្ត្រីភេទរស់នៅជិតៗទីក្រុង ដែលខ្វល់ខ្វាយអំពីសិទ្ធិថែទាំសុខភាពផ្ទាល់ខ្លួនជាស្ត្រី និងបញ្ហាសេដ្ឋកិច្ចគ្រួសារ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

