នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ ប្រជាជនអាមេរិកនឹងកាន់សន្លឹកឆ្នោតទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន ដែលពេលនេះបេក្ខជនមានលោក ដូណាល់ ត្រាំ ជាអតីតប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ និងអ្នកស្រី កាម៉ាឡា ហារីស ជាអនុប្រធានាធិបតីអាមេរិកនៃរដ្ឋការរបស់លោក បៃដិន មកពីបក្សប្រជាធិបតេយ្យ។
មានលោក ត្រាំ ជាបេក្ខជនប្រធានាធិបតី ធ្វើឱ្យគេនឹកដល់ការបោះឆ្នោតឆ្នាំ២០១៦ ដែលបុរសរូបនេះឈ្នះបេក្ខជនជាស្ត្រី គឺអ្នកស្រី Hillary Clinton តែនៅឆ្នាំ២០២០ បែរជាលោកចាញ់លោក បៃដិន។ នៅខណៈនេះ ពិភពលោកកំពុងរង់ចាំមើលម្ចាស់ថ្មីនៅសេតវិមានកើតចេញពីការបោះឆ្នោត ថាតើលោក ដូណាល់ ត្រាំ ឬអ្នកស្រី កាម៉ាឡា ហារីស។
ការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ចូលដល់ដំណាក់កាលចុងក្រោយ។ គោលនយោបាយនៃក្រុមឃោសនាបោះឆ្នោតរបស់បេក្ខជនទាំងពីរដែលផ្ដោតលើបញ្ហាសេដ្ឋកិច្ច សង្គមកិច្ច ច្បាប់អន្តោប្រវេសន៍ សិទ្ធិរំលូតកូន ការពង្រឹងសណ្ដាប់ធ្នាប់សង្គម ការជួយនិស្សិតចេញពីសាកលវិទ្យាល័យមានការងារធ្វើ រួមទាំងការពង្រឹងសណ្ដាប់ធ្នាប់ពិភពលោក នយោបាយការបរទេស ការការពារប្រព័ន្ធប្រជាធិបតេយ្យសកល សុទ្ធតែស្ថិតនៅក្នុងបេះដូងរបស់អ្នកបោះឆ្នោតអាមេរិក។
នៅក្នុងអារម្មណ៍របស់ពិភពលោក សង្គ្រាមធំពីរ គឺសង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន និងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងស្ថិតក្នុងការទន្ទឹងរង់ចាំនូវការប្រើអំណាច និងយុទ្ធសាស្ត្រដ៏មានឥទ្ធិពលរបស់ម្ចាស់ថ្មីនៅសេតវិមាន។
ជាមួយគ្នានេះ បញ្ហាភាពតានតឹងនៅសមុទ្រចិនខាងត្បូងរវាងចិន និងហ្វីលីពីន បញ្ហាភាពតានតឹងនៅសមុទ្រចិនខាងកើតរវាងជប៉ុន និងចិន បញ្ហាជ្រោយឧបទ្វីបកូរ៉េ កំពុងរំអិលទៅរកសង្គ្រាមជាថ្មី ដែលរដ្ឋកុម្មុយនីស្តផ្ដាច់ការនៃត្រកូល គីម គំរាមកម្ទេចពិភពលោកដោយអាវុធនុយក្លេអ៊ែរ រួមទាំងការងើបឡើងនូវប្រព័ន្ធដឹកនាំផ្ដាច់ការបែបសក្ដិភូមិទម្រង់ថ្មី ជាក្ដីរំពឹងរបស់ពិភពលោកទៅលើប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកដែលចេញពីការបោះឆ្នោតនៅថ្ងៃទី៥ វិច្ឆិកា។
នៅក្នុងរបៀបវារៈនយោបាយរវាងលោក ដូណាល់ ត្រាំ និងអ្នកស្រី កាម៉ាឡា ហារីស ទាក់ទងនឹងការពង្រឹងសណ្ដាប់ធ្នាប់ពិភពលោក នយោបាយការបរទេស ការការពារប្រព័ន្ធប្រជាធិបតេយ្យសកល វាបានបង្ហាញនូវភាពខុសគ្នានៃការដោះស្រាយរវាងបេក្ខជនទាំងពីររូបនេះ។
បញ្ហាសង្គ្រាមនៅអ៊ុយក្រែន លោក ដូណាល់ ត្រាំ បានរិះគន់រដ្ឋការលោក ចូ បៃដិន ថាបានយកប្រាក់ពាន់លានដុល្លាររបស់ប្រជាជនអាមេរិកទៅបំផ្លាញ ក្នុងការជួយទំនុកបម្រុងអ៊ុយក្រែន ដែលលោក ត្រាំ ថាធ្វើសង្គ្រាមមិនឈ្នះរុស្ស៊ី។
លោក ដូណាល់ ត្រាំ អះអាងថា បើលោកឈ្នះឆ្នោត មិនថាតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន គឺនៅមជ្ឈិមបូព៌ា លោកនឹងដោះស្រាយជួយបញ្ចប់សង្គ្រាមបានភ្លាម។ លោក ត្រាំ អួតថាលោកនឹងស្រាយវិបត្តិទាំងពីរនេះឱ្យបានមុនលោកស្បថចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បើលោកក្លាយជាម្ចាស់ថ្មីឡើងវិញនៅសេតវិមាន។
ចំពោះវិបត្តិតានតឹងនៅលើជ្រោយឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង រួមជាមួយនឹងករណីចិន គំរាមចង់លេបកោះតៃវ៉ាន់ ក៏លោក ត្រាំ អួតអាងថារដ្ឋការរបស់លោកនឹងជួយបន្ថយបានភ្លាមភាពតានតឹងទាំងនោះ។ នេះជាការសន្យារបស់លោក ត្រាំ ជាបេក្ខជនមកពីបក្សសាធារណរដ្ឋ។
ចំពោះសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន អ្នកស្រី កាម៉ាឡា ហារីស បានអះអាងថា រដ្ឋការរបស់អ្នកស្រីនៅតែបន្តប្ដេជ្ញាឈរនៅខាងអ៊ុយក្រែន គឺជួយអ៊ុយក្រែន ឱ្យឈ្នះការឈ្លានពានពីរុស្ស៊ី។
អ្នកស្រី ហារីស បានថ្លែងចំអកដាក់ថា បើលោក ត្រាំ បានកាន់តំណែងប្រធានាធិបតីអាមេរិកជាថ្មីទៀត គឺមេដឹកនាំផ្ដាច់ការនៅលើពិភពលោក រាប់ទាំងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែលបញ្ជាឱ្យលើកទ័ពធ្វើសង្គ្រាមនៅអ៊ុយក្រែន និងមេដឹកនាំផ្ដាច់ការជាច្រើនទៀត នឹងក្លាយជាមិត្តស្និទ្ធស្នាលនឹងលោក ត្រាំ។
ករណីសង្គ្រាមកំពុងផ្ទុះនៅតំបន់មជ្ឈិមបូព៌ា សម្រាប់អ្នកស្រី ហារីស បានសន្យាការពារបុព្វហេតុយុត្តិធម៌អ៊ីស្រាអែល តែចំពោះទុក្ខវេទនារបស់ប្រជាជនប៉ាឡេស្ទីន អ្នកស្រីថ្លែងថាត្រូវតែផ្ដល់យុត្តិធម៌ដល់ពួកគេ។ អ្នកស្រីប្រឆាំងដាច់ខាតឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងតំបន់នេះ ដែលអ្នកស្រីថាអ៊ីរ៉ង់ ជាប្រទេសដែលបង្កអសន្តិសុខនៅក្នុងតំបន់។
ដោយឡែកតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកំពុងឡើងកម្ដៅ អ្នកស្រី ហារីស អះអាងថារដ្ឋការរបស់លោក បៃដិន បានខិតខំខ្លាំងទប់ស្កាត់ឥទ្ធិពលចិន និងភាពកំរោលរបស់កូរ៉េខាងជើង ដោយកាត់បន្ថយប្រទេសពីរនេះមិនឱ្យរីករាលដាលនូវអនុត្តរភាពបានឡើយ។ សម្រាប់អ្នកស្រីនៅតែសន្យាប្រកាន់ខ្ជាប់គោលនយោបាយការបរទេសរបស់រដ្ឋការលោក បៃដិន។
ទោះជាយ៉ាងណា ប្រជាជនអាមេរិករាប់លាននាក់ រួមទាំងមជ្ឈដ្ឋានកណ្ដាលដែលមិនទោរទន់ខ្លាំងទៅរកបេក្ខជនទាំងពីររូបនេះ ពួកគេកំពុងព្រួយបារម្ភថាតើនឹងមានអ្វីកើតឡើង ប្រសិនបើលោក ត្រាំ បរាជ័យ គឺពិតណាស់លោក ត្រាំ នឹងមិនទទួលស្គាល់ថាខ្លួនពិតជាចាញ់នោះទេ ដែលរឿងនេះវាកើតមានហើយនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី៤៦ នៅខែវិច្ឆិកា ឆ្នាំ២០២០ ពេលនោះលោក ត្រាំ មិនបានទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន នោះទេ។
ពួកគេបារម្ភថា បើលោក ត្រាំ ចាញ់ឆ្នោត វិមានរដ្ឋសភាអាចនឹងត្រូវបាតុករគាំទ្រលោក ត្រាំ ដែលប្រឆាំងនឹងលទ្ធផលបោះឆ្នោតផ្លោះរបងវាយអុកឡុកជាថ្មីម្ដងទៀត ព្រោះតែលោក ត្រាំ គំរាមរួចហើយថា បើលោកចាញ់ឆ្នោតម្ដងទៀត គឺក្រុមមន្ត្រីរៀបចំបោះឆ្នោតជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។ លោក ត្រាំ គំរាមចាប់មន្ត្រីបោះឆ្នោតទាំងនោះទៀតផង។
តើលោក ដូណាល់ ត្រាំ អាចបង្កើតប្រវត្តិសាស្ត្រម្ដងទៀតដែរឬទេ ឬសហរដ្ឋអាមេរិកផ្លាស់ប្ដូរទំព័រប្រវត្តិសាស្ត្រថ្មីមានស្ត្រីជាប្រធានាធិបតីដឹកនាំប្រទេសមហាអំណាចនេះ?
ទាំងនេះ កំពុងតែរង់ចាំការមកដល់នូវពេលវេលាដែលកំពុងធ្វើការផ្លាស់ប្ដូរ ហើយពិភពលោកក៏កំពុងរង់ចាំថាតើម្ចាស់ថ្មីសេតវិមានជាបុរសវ័យ ៧៨ឆ្នាំ ឬជាស្ត្រីវ័យ ៦០ឆ្នាំ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

