27.5 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ លោក សម រង្ស៊ី ប្រើ​ល្បិច​ចោរ​ស្រែក​ចាប់​ចោរ​ទាក់ទង​ការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ជេរប្រមាថ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ជេរ​ប្រមាថ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៉ី គ្រាន់តែ​ជា​គំនិត​ទុច្ចរិត​ទម្លាក់​កំហុស​លើ​អ្នកគាំទ្រ ខណៈ​ខ្លួន​ដើរ​តួ​ជា​មនុស្ស​ស្អាតស្អំ ប៉ុន្តែ​បង្កប់​ល្បិច​របស់​ចោរ​ស្រែក​ឱ្យ​ចាប់​ចោរ។ មន្ត្រី​រូប​នេះ​សារភាព​ថា រឿង​ពិត​នៃ​ការ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ជា​អ្នក​បញ្ជា។

ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ណែនាំ​ទៅកាន់​សមាជិក​បក្ស​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ឲ្យ​ឈប់​ជេរប្រមាថ​បន្ត​ទៀត​កាលពី​ពេល​ថ្មីៗ​នេះ។

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​លើកឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បែកបាក់ និង​ការ​ប្រកាន់​និន្នាការ​នយោបាយ​រៀងៗ​ខ្លួន ខណៈ​ភាព​ស្ងាត់ស្ងៀម​របស់​គាត់​កន្លងមក គឺ​ស្មើ​នឹង​បើក​ដៃ​ឱ្យ​អ្នក​ទាំងនោះ​ហ៊ាន​ប្រព្រឹត្ត​នូវ​ការ​ជេរប្រមាថ​ដោយ​គ្មាន​កោតញញើត។

លោក​ថា ប្រសិនបើ​លោក សម រង្ស៊ី ហាមឃាត់ ក៏​គ្មាន​នរណា​ម្នាក់​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​អសីលធម៌​ទាំងនេះ​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​រិះគន់​ទៀត​ថា រឿង​ជេរប្រមាថ លាប​ពណ៌​កន្លងមក ប្រហែល​ជា​មិនមែន​ជា​រឿង​ធំ​ទេ​សម្រាប់​លោក សម រង្ស៊ី ព្រោះថា​អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​ហ៊ាន​រំលោភបំពាន​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស​ដោយ​មិន​ញញើត​ផង​នោះ។

លោក មុត ចន្ថា បន្ថែម​ថា ទង្វើ​ទាំងនោះ​ដូចជា​ការរៀបចំ​សន្និសីទ​នៅ​ទីក្រុង​អាត្លង់តា សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ​២០១៨ ដើម្បី​តែងតាំង​ខ្លួន​លោក​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ដែល​មេ​បក្ស​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ស្រុក​នៅឡើយ។

លោក មុត ចន្ថា បញ្ជាក់​ថា ឫសគល់​នៃ​ការ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​ប្រឆាំង គឺ​ផ្តើម​ចេញពី​អំពើ​ទាំងឡាយ​ដែល​លោក សម រង្ស៉ី បាន​ប្រព្រឹត្ត ដូច្នេះ​បើសិនជា​គាត់​មាន​បំណង​សុចរិត សម្របសម្រួល​ជម្លោះ និង​បង្រួបបង្រួម​នយោបាយ​មែន នោះ​លោក​ត្រូវ​មាន​ភាព​ក្លាហាន​ទទួល​ស្គាល់​ពី​កំហុស​នៃ​ការ​ដឹកនាំ​របស់​លោក​ជា​មុន​សិន ត្បិត​លោក សម រង្ស៉ី មិន​គួរ​ចាត់ទុក​ខ្លួន​គាត់​ជា​បុគ្គល​អវិជ្ជា ហើយ​អង្គុយ​នៅ​ពីលើ​ច្បាប់​នោះ​ទេ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ ទៅកាន់​អ្នក​គាំទ្រ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក ដោយ​ឱ្យ​បញ្ឈប់​ការ​វាយប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល ហើយ​ងាក​មក​គិត​ពី​ប្រយោជន៍​ជាតិ ពង្រឹង​ផ្ទៃក្នុង​បក្ស ដើម្បី​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​ឲ្យ​មាន​ឡើងវិញ​នៅ​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​រិះគន់​ថា មិនមែន​តែ​សមាជិក​ធម្មតា​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី នោះ​ទេ​ដែល​តែង​ជេរ​អ្នក​ជំទាស់​នឹង​ក្រុម​ខ្លួន សូម្បី​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ ដូចជា​លោក ឡុង រី ក៏​ធ្លាប់​ប្រមាថ​ពលរដ្ឋ​ខ្មែរ​ទៅ​នឹង​សត្វ​ធាតុ​ដែរ នៅ​ពេល​ដែល​មាន​ការ​ជំទាស់​ពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​កាលពី​ដើម​ឆ្នាំ​២០២១ កន្លងទៅ។

មិន​ត្រឹម​តែប៉ុណ្ណោះ លោក សម រង្ស៊ី ខ្លួនឯង​ផ្ទាល់​ក៏​ធ្លាប់​ប្រើ​ពាក្យ​ប្រមាថ​ទៅលើ​ព្រះមហាក្សត្រ​ខ្មែរ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងមក​ថា «ស្តេច​សព្វថ្ងៃ​នេះ គឺជា​ស្តេច​ទីងមោង សម្ងំ​យក​សុខ​សម្រាប់​តែ​អង្គ​ឯង ដូចជា​សត្វ​សេក​ក្នុង​ទ្រុង​មាស​ដែល​លោក ហ៊ុន សែន យក​ថវិកា​ជាតិ​ទៅ​ចិញ្ចឹម តែ​គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ​ឡើយ​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ»

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស