31 C
Phnom Penh

សង្គម​ស៊ីវិល៖ សវនាការ​របស់​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អះអាង​ថា ដំណើរការ​សវនាការ​លើ​សំណុំរឿង​របស់​សកម្មជន​បរិស្ថាន​នៅ​ថ្ងៃ​នេះ គឺ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លើ​ពួកគេ​ឲ្យ​ស្រប​តាម​នីតិវិធី​ច្បាប់​នោះ​ទេ។

ការ​អះអាង​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ក្រុង​ភ្នំពេញ​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​ការពារ​បរិស្ថាន​នៅ​ថ្ងៃ​អង្គារ ទី​៣១ សីហា។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ចូលរួម​ការពារ​សិទ្ធិ​ពលរដ្ឋ​របស់​សកម្មជន​សិទ្ធិមនុស្ស ដូចជា កញ្ញា ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ ជាដើម គឺជា​ការ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ និង​ជា​ការ​ជួបជុំ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ មិនមែន​ជា​ការ​រំលោភ​ច្បាប់​នោះ​ឡើយ។

អ្នកស្រី​អះអាង​ថា កម្ពុជា​ជា​ប្រទេស​ទទួល​យក​របប​ប្រជាធិបតេយ្យ ដែល​បាន​ធានា​ក្នុង​ច្បាប់​ជាតិ និង​ទទួល​ស្គាល់​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ផង​ដែរ ដូចនេះ​បទ​ចោទប្រកាន់​ទៅលើ​សកម្មជន​បរិស្ថាន​ទាំងនោះ គួរ​ត្រូវ​បាន​ទម្លាក់​ចោល និង​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ មិន​គួរ​បន្ត​ឃុំ​ខ្លួន​ពួកគេ​ទាំង​អយុត្តិធម៌​បែប​នេះ​ទេ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ លើ​សំណុំរឿង​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ចំនួន ៥​នាក់ សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន ២​នាក់ រួម​មាន​លោក ហ៊ុន វណ្ណៈ និង​កញ្ញា ឈឿន ដារ៉ាវី ជាដើម ក្នុង​នោះ​ក៏​បាន​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៣​នាក់​ផង​ដែរ។

សវនាការ​ពេញ​មួយ​ព្រឹក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ថា នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​សកម្មជន​បរិស្ថាន​ទាំងនោះ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ ខាងមុខ ខណៈ​សវនាការ​របស់​ពួកគេ​គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ គឺជា​សវនាការ​លើក​ទី​៤ ហើយ ខណៈ​សវនាការ​លើក​ចុងក្រោយ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ។

ការ​បើក​សវនាការ​នៅ​ថ្ងៃ​នេះ សកម្មជន​បរិស្ថាន​ទាំងនោះ​បាន​រៀបរាប់​ពី​ស្ថានភាព​អួអាប់ ការ​យាយី និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ដោយ​សំណូមពរ​ទៅ​តុលាការ​ឱ្យ​មាន​ការ​កែប្រែ​ក្នុង​មណ្ឌល​ឃុំឃាំង និង​ធានា​របប​អាហារ​សមរម្យ ជាពិសេស​មុន​ឡើង​សវនាការ ដើម្បី​ឱ្យ​ពួកគេ​ទទួលទាន​អាហារ​រួចរាល់ អាច​មាន​កម្លាំង​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយតប​នៅ​ក្នុង​សវនាការ​របស់​ពួកគេ។

សកម្មជន​បរិស្ថាន លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី លោក ថា ឡាវី និង​កញ្ញា សូ មេត្តា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តាំងពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ «ម​១» «ម​២» និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​អះអាង​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​ការពារ​ព្រៃឈើ សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស​ទាំង​អយុត្តិធម៌​ប្រមាណ​ជាង ៥០​នាក់​ហើយ ខណៈ​ការ​ចាប់​ខ្លួន​អ្នក​ទាំងនោះ​គឺ​ខុស​នឹង​នីតិវិធី​ច្បាប់ និង​មាន​ហេតុផល​នយោបាយ ដើម្បី​បំបិទ​សំឡេង​ក្រុម​ប្រឆាំង និង​បំបាត់​ការរិះគន់​លើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស