គណបក្សសង្គ្រោះជាតិ ត្រូវបានព្រមព្រៀងបង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដោយការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ប៉ុន្តែគណបក្សប្រឆាំងដែលទទួលបានការគាំទ្រពីពលរដ្ឋសឹងកន្លះនគរនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន រំលាយចោលកាលពីឆ្នាំ២០១៧។
តើអ្នកណាជាមនុស្សគន្លឹះនាំឲ្យមានសេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ? ហើយថាតើមានអ្វីជាចំណុចសំខាន់បំផុតមុននឹងរំលាយគណបក្សសង្គ្រោះជាតិ?
នៅខែសីហា ឆ្នាំ២០១៧ លោក អូន ព័ន្ធមុន្នីរ័ត្ន ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា ស្នើសុំគោរមងារជា «អគ្គបណ្ឌិតសភាចារ្យ» ហើយគាត់ទទួលបាននូវគោរមងារដ៏អស្ចារ្យនេះនៅឆ្នាំ២០១៨។ នេះជាគោរមងារខ្ពស់ផុតគេឯងសម្រាប់សមាជិកគណៈរដ្ឋមន្ត្រីម្នាក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
ពួកអ្នកជំនាញភាសាអង់គ្លេសរកពាក្យត្រឹមត្រូវទៅបកប្រែសម្រួលគោរមងារនេះមិនបាន។ តើគួរប្រើពាក្យ Highest Doctor ឬ Supreme Doctor ឬ General Doctor ឬ Super Doctor ឬពាក្យណាផ្សេងទៀត? ប៉ុន្តែមនុស្សថ្នាក់ក្រោមរបស់លោក អូន ព័ន្ធមុន្នីរ័ត្ន សរសេរហៅគោរមងារ «អគ្គបណ្ឌិតសភាចារ្យ» របស់គាត់ជាភាសាអង់គ្លេសថា «Super Doctor» ដែលអាចនិយាយឲ្យស្រួលយល់ថា «បណ្ឌិតកំពូល ឬបណ្ឌិតអស្ចារ្យ» ជាករណីដែលមានតែមួយនៅក្នុងពិភពលោក។

ក្រោយការបោះឆ្នោតឆ្នាំ២០១៨ លោក អូន ព័ន្ធមុន្នីរ័ត្ន ក៏ត្រូវដំឡើងជាឧបនាយករដ្ឋមន្ត្រី។ ក្រោយមកទៀត លោក ហ៊ុន សែន ថែមទាំងអះអាងថា លោក អូន ព័ន្ធមុន្នីរ័ត្ន ក៏ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបក្នុងបណ្ដាបេក្ខភាពទាំងឡាយពីខាងគណបក្សប្រជាជនកម្ពុជាដែរ។ រីឯលោក កើត រិទ្ធ ដែលជារដ្ឋលេខាធិការ ក៏ត្រូវលើកទឹកចិត្តផ្ដល់រង្វាន់ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដែរ។
ហេតុអ្វីអ្នកទាំងពីរត្រូវបានលើកកិត្តិយសខ្ពស់យ៉ាងនេះ?
ចម្លើយសម្រាប់សំណួរនេះ គឺដោយសារតែពួកគាត់ជាមនុស្សគន្លឹះក្នុងផែនការចាប់លោក កឹម សុខា ដាក់គុក និងលេងល្បែងនយោបាយរំលាយគណបក្សសង្គ្រោះជាតិ ដែលជាល្បិចកលជួយលោក ហ៊ុន សែន ឲ្យបន្តតំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះបាន។
អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់ The Cambodia Daily ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ ក្នុងខែមិថុនា ឆ្នាំ២០១៧ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ជ្រួលច្របល់ខ្លាំងណាស់។ លោកបានពន្យល់ថា គណបក្សសង្គ្រោះជាតិ ដណ្ដើមបានសន្លឹកឆ្នោតទូទាំងប្រទេសជិត ៤៤% ប្រកៀកប្រកិតគ្នានឹងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេង ៥០% ក្រោយពីប្រឹងលួចបន្លំគ្រប់រូបភាពដែលជាការរិះគន់របស់មជ្ឈដ្ឋាននានា ជាពិសេសប្រជាពលរដ្ឋម្ចាស់សន្លឹកឆ្នោត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។
គណបក្សសង្គ្រោះជាតិ ដណ្ដើមបានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាង ៥ពាន់នាក់នៅទូទាំងប្រទេស ប្រកៀកគ្នានឹងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជាង ៦ពាន់នាក់។
បើប្រៀបធៀបលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ កន្លងទៅនេះ គណបក្សសង្គ្រោះជាតិ នៅចាញ់ប្រៀបគណបក្សប្រជាជនកម្ពុជាតែបន្តិចបន្តួចមែន ប៉ុន្តែបើគេប្រមូលទិន្នន័យនៃការបោះឆ្នោតតាមមណ្ឌលនីមួយៗ ជាពិសេសនៅមណ្ឌលធំៗទៅបែងចែកជាអាសនៈសភាតាមរូបមន្តសព្វថ្ងៃវិញ គណបក្សសង្គ្រោះជាតិសម្លឹងឃើញរួចជាសម្រេចទៅហើយនូវការឈ្នះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០១៨។
លោក គឹម សុខ អះអាងថា នេះជាមូលហេតុចម្បងដែលលោក អូន ព័ន្ធមុន្នីរ័ត្ន និងលោក កើត រិទ្ធ រួមគ្នាបង្កើតឧបាយកលនយោបាយកម្ទេចគណបក្សសង្គ្រោះជាតិ ឲ្យបានមុនឆ្នាំ២០១៨។
លោក ហ៊ុន សែន ពិតជាអ្នកសម្រេចចិត្តមែន ប៉ុន្តែលោក អូន ព័ន្ធមុន្នីរ័ត្ន ជាអ្នករៀបល្បិចលេងល្បែងនេះ ដោយសហការគ្នាជាមួយលោក កើត រិទ្ធ។

តើលោក អូន ព័ន្ធមុន្នីរ័ត្ន និងលោក កើត រិទ្ធ បានធ្វើអ្វីជាចាំបាច់មុននឹងផ្ដល់យោបល់ឲ្យលោក ហ៊ុន សែន ចាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដាក់គុកត្រពាំងផ្លុងទាំងយប់កាលពីខែកញ្ញា ឆ្នាំ២០១៧ និងឲ្យរំលាយគណបក្សសង្គ្រោះជាតិ នៅខែវិច្ឆិកា ឆ្នាំ២០១៧ នោះ?
លោក អូន ព័ន្ធមុន្នីរ័ត្ន ដែលជាប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ខេត្តកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងលោក កើត រិទ្ធ ដែលជាមន្ត្រីពង្រឹងគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល កៀកនឹងលោក ហ៊ុន សែន ដែរ បានធ្វើការស្ទង់មតិជាសម្ងាត់មួយនៅស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ជាតំបន់ដែលខ្លួនកាន់កាប់។ ល្បែងនេះ គឺលោក អូន ព័ន្ធមុន្នីរ័ត្ន និងលោក កើត រិទ្ធ កាលពីខែកក្កដា ឆ្នាំ២០១៧ បានរៀបឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាពីសហភាពសហព័ន្ធយុវជនរបស់លោក ហ៊ុន ម៉ានី ដើរតួនាទីជាក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលចុះទៅធ្វើការស្ទង់មតិពលរដ្ឋចំនួន ១ម៉ឺននាក់ក្នុងស្រុកទាំងពីរនេះ ដើម្បីចង់ដឹងអំពីជំហររបស់ពលរដ្ឋនៅមូលដ្ឋានចំពោះគណបក្សសង្គ្រោះជាតិ។
មានសំណួរជាច្រើនក្នុងល្បែងស្ទង់មតិមិនចំហនេះ ប៉ុន្តែមានសំណួរ៤ ដែលពួកអ្នកស្ទង់មតិផ្ដោតអារម្មណ៍បំផុត។
- សំណួរទី១ សួរថា បើលោក សម រង្ស៊ី នៅក្រៅប្រទេស ហើយលោក កឹម សុខា ជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ តើពលរដ្ឋគាំទ្រឬទេ? ពេលនោះប្រជាពលរដ្ឋប្រមាណ ៨៧% ឆ្លើយថានៅតែគាំទ្រ។
- សំណួរទី២ សួរថា បើលោក សម រង្ស៊ី ហ៊ានចូលប្រទេសកម្ពុជា នៅមុនការបោះឆ្នោតឆ្នាំ២០១៨ តើប្រជាពលរដ្ឋទៅទទួលឬទេ? ពេលនោះប្រជាពលរដ្ឋជាង ៧៦% ឆ្លើយថាទៅទទួល។ ពេលសួរថា ខ្លាចទេ(?) យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៦២% ឆ្លើយថា ទោះខ្លាចក៏នៅតែទៅទទួលដែរ។
- សំណួរទី៣ សួរថា តើប្រជាពលរដ្ឋយល់យ៉ាងណាចំពោះគុណរបស់សម្ដេចតេជោ ដែលខំកសាងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម? ពេលនោះប្រជាពលរដ្ឋ ៨២% ឆ្លើយថា ការសាងសង់ជាការងាររបស់អ្នកឈ្នះឆ្នោត វាជារឿងធម្មតា។
- សំណួរទី៤ សួរថា តើប្រជាពលរដ្ឋពិតជាចង់ដូរអ្នកដឹកនាំមែនទេ? ពេលនោះប្រជាពលរដ្ឋជាង ៨៩% ឆ្លើយថា ចង់ដូរ។
ទិន្នន័យនេះត្រូវបានលោក អូន ព័ន្ធមុន្នីរ័ត្ន និងលោក កើត រិទ្ធ នាំយកទៅពិភាក្សាជាមួយលោក ហ៊ុន សែន បន្ទាប់ពីប្រមូលបានក្នុងរយៈពេល ១០ថ្ងៃ។
ប្រភពពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានៅចំការមន ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ The Cambodia Daily ថា រឿងនេះបានធ្វើឲ្យលោក ហ៊ុន សែន ខឹងសម្បាខ្លាំងណាស់ ព្រោះដឹងច្បាស់ថាគាត់នៅសល់ប្រជាប្រិយភាពមិនដល់ ២០% ផង បើប្រៀបធៀបនឹងមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងដឹកនាំគណបក្សសង្គ្រោះជាតិនៅពេលនោះ។
សេណារីយោនៃល្បិចល្បែងចាប់លោក កឹម សុខា ដាក់គុក និងផែនការរំលាយគណបក្សសង្គ្រោះជាតិ ក៏ទំនងជាកំណត់ជាក់លាក់ក្នុងពេលដឹងទិន្នន័យមិនចំហនោះដែរ គឺក្នុងអំឡុងចុងខែកក្កដា ឬដើមខែសីហា ឆ្នាំ២០១៧ ហើយនៅដើមខែសីហា ឆ្នាំ២០១៧ នោះហើយដែលលោក អូន ព័ន្ធមុន្នីរ័ត្ន ត្រូវបានស្នើដំឡើងគោរមងារជា «អគ្គបណ្ឌិតសភាចារ្យ»។
លោក ហ៊ុន សែន បានចាត់តាំងមនុស្ស ៤នាក់ឲ្យធ្វើការរួមគ្នាជាបន្ទាន់ក្នុងគម្រោងកម្ទេចគណបក្សសង្គ្រោះជាតិ រួមមានលោក ហ៊ុន ម៉ាណែត លោក កើត រិទ្ធ លោក ជា សុផារ៉ា និងលោក អូន ព័ន្ធមុន្នីរ័ត្ន។

ប្រភពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាដែលសុំលាក់អត្តសញ្ញាណ បានប្រាប់ The Cambodia Daily ថា លោក អូន ព័ន្ធមុន្នីរ័ត្ន បានពន្យល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា កាលពីអំឡុងពាក់កណ្ដាលខែសីហា ឆ្នាំ២០១៧ ថា មានជម្រើសតែពីរគត់ គឺទី១ បើទុកគណបក្សសង្គ្រោះជាតិ នោះគណបក្សប្រជាជននឹងចប់ និងទី២ បើរំលាយគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនសង្ឃឹមរស់ ទោះរស់ដោយលំបាក។
ពេលនោះ លោក អូន ព័ន្ធមុន្នីរ័ត្ន សួរផ្ទៃក្នុងថា តើព្រមឲ្យគណបក្សប្រជាជនកម្ពុជារស់ដោយលំបាក ឬចង់ឃើញគណបក្សប្រជាជនដួលឆាប់ៗ?
លោក អូន ព័ន្ធ មុន្នីរ័ត្ន ជាមេក្រុមយុទ្ធសាស្ត្រ និងចាត់ចែងកិច្ចការហិរញ្ញវត្ថុសម្រាប់យុទ្ធនាការរួម។ លោក ជា សុផារ៉ា ជាអ្នករ៉ាប់រងហិរញ្ញវត្ថុ ដែលក៏ធ្វើឲ្យលោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីដែរ។ លោក ហ៊ុន ម៉ាណែត ទទួលការងារសន្តិសុខ ហើយលោក កើត រិទ្ធ ធ្វើការងារសម្រួលផ្លូវច្បាប់។
ចាប់ពីខែសីហា ឆ្នាំ២០១៧ សន្តិសុខរាជធានីភ្នំពេញត្រូវបានរឹតបន្តឹងជាពិសេស ក្រោមការបញ្ជារបស់លោក ហ៊ុន ម៉ាណែត។ នៅដើមខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាព ត្រូវបានចាប់ដាក់គុកទាំងយប់។

បន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោល ហើយយកអាសនៈសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សនេះទៅចែកឲ្យគណបក្សផ្សេងទៀត ផ្អែកតាមមាត្រាច្បាប់នានាក្នុងច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយ និងក្រមព្រហ្មទណ្ឌជាដើម ដែលរៀបចាត់ចែងបម្រុងទុកជាសម្រេចដោយលោក កើត រិទ្ធ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយក្រោយការរំលាយគណបក្សសង្គ្រោះជាតិភ្លាមៗថា ឆ្ពោះទៅរកការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងដំណើរការបោះឆ្នោតតាមការគ្រោងទុក។
នេះអាចជាការសារភាពថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនខ្វល់អំពីអយុត្តិធម៌ចំពោះគណបក្សសង្គ្រោះជាតិនោះទេ ហើយខំលេងល្បែងបោះឆ្នោតបោកបន្លំ ដើម្បីបិទបាំងផែនការប្លន់អំណាច។ លោក គឹម សុខ ធ្លាប់បាននិយាយអំពីករណីនេះថា «ជាក្បួនប្លន់អំណាចអចិន្ត្រៃយ៍»។
ចំណែកឯលោកបណ្ឌិត ឡៅ ម៉ុងហៃ កាលពីខែតុលា ឆ្នាំ២០១៧ ក៏បានបង្ហាញការយល់ឃើញថា ពលរដ្ឋខ្មែរម្ចាស់សន្លឹកឆ្នោតអាចនាំគ្នាប្ដឹងសុំរំលាយគណបក្សកាន់អំណាចវិញបាន ចំពោះទង្វើមួយចំនួនរបស់គណបក្សនេះដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចដែលធានាដោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការធ្វើវិសោធនកម្មចុងក្រោយពាក់ព័ន្ធនឹងច្បាប់បោះឆ្នោតដើម្បីរឹបអូសយកអាសនៈគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សផ្សេងទៀតដែលបានចាញ់ការបោះឆ្នោត គឺជាការធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស។
លោក គឹម សុខ បានលើកឡើងថា ស្ថានការណ៍រំលាយគណបក្សសង្គ្រោះជាតិនេះ ក្លាយជាវិបត្តិដែលប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតភាគច្រើនលើសលប់ខឹងងំក្នុងចិត្ត។
ដូច្នេះ ដើម្បីអាចបញ្ជាឲ្យមានការប្រើកម្លាំងការពារអំណាចក្នុងគ្រាអាសន្ន ខ្លាចក្រែងមហាជនចេញតាមផ្លូវតវ៉ានោះ លោក កើត រិទ្ធ បានប្រើលេសកូវីដ-១៩ ទៅបាំងមុខ បានផ្ដល់កាដូឲ្យលោក ហ៊ុន សែន មួយទៀត គឺការធ្វើច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងគ្រាអាសន្ន ដែលប្រកាសឲ្យប្រើនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
លោក គឹម សុខ យល់ឃើញថា ច្បាប់នេះជាអាវុធនីតិវិធីដែលលោក កើត រិទ្ធ រៀបទុកជាមធ្យោបាយឲ្យលោក ហ៊ុន សែន ប្រើជាលេសបញ្ចេញកម្លាំងការពារអំណាចក្នុងគ្រាគ្រោះអាសន្នរបស់គណបក្សប្រជាជនកម្ពុជាមកដល់។
អ្នកវិភាគនយោបាយរូបនេះបាននិយាយថា ទោះលោក ហ៊ុន សែន មានក្រុមបញ្ញវន្តជាន់ខ្ពស់ស៊ីឈ្នួលឃ្លានអំណាចដូចជាលោក អូន ព័ន្ធមុន្នីរ័ត្ន និងលោក កើត រិទ្ធ មើលទៅរៀបក្រឡាអំណាចយ៉ាងលម្អិតទាំងការត្រៀមកម្លាំងប្រដាប់អាវុធ យុទ្ធនាការឃោសនា និងបច្ចេកទេសក្នុងការបំភ្លៃច្បាប់ក៏ដោយ ក៏នៅតែមានចន្លោះច្រើនដែរ។
ចំណុចចន្លោះបរាជ័យធំបំផុត គឺឆាកល្ខោននយោបាយរបស់លោក ហ៊ុន សែន ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងភាគីជាច្រើននៅផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា អស់ទឹកចិត្តនៅតស៊ូជាមួយលោក ហ៊ុន សែន ហើយយុទ្ធសាស្ត្រនយោបាយរបស់លោក លោតចុះលោតឡើងរកផ្លូវដោះស្រាយមិនឃើញ ទាំងវិបត្តិនយោបាយ វិវាទការទូត បញ្ហាស្ទើរគាំងសេដ្ឋកិច្ច ទាំងកសិកម្ម និងពាណិជ្ជកម្មក្រៅប្រទេស វិបត្តិកូវីដ-១៩ និងការប្រឈមគ្រោះទឹកជំនន់ជាដើម។
លោក គឹម សុខ បន្តថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពុំមានលទ្ធភាពអ្វីទៅដោះស្រាយវិបត្តិធំៗទាំងនេះទេ បើសូម្បីតែសព្វថ្ងៃ រដ្ឋគ្មានលុយរហូតធ្វើឲ្យលោក ហ៊ុន សែន ចេញល្បិចជំរិតឈ្មួញឧកញ៉ាឲ្យជួយចេញចំណាយប្រាក់ខែមន្ត្រីរាជការទៅហើយ។ ទីបំផុតទៅ លោក ហ៊ុន សែន នៅប្រឈមមុខយ៉ាងតឹងតែងទល់នឹងពលរដ្ឋភាគច្រើនលើសលប់ និងផ្ទៃក្នុងនៃគណបក្សខ្លួនឯងប៉ុណ្ណោះ។
អ្នកវិភាគរូបនេះបញ្ជាក់ថា រដ្ឋាភិបាលលោក ហ៊ុន សែន អាចនៅឈរជើងបានសព្វថ្ងៃ ដោយសារគណបក្សប្រឆាំងមិនធ្វើសកម្មភាពនៅលើសមរភូមិប៉ុណ្ណោះ។ បើគណបក្សប្រឆាំងក្លាហានតែបន្តិច ជំហរទ្រេតស្ទើររលំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នឹងត្រូវពលរដ្ឋមហាជនរុញដួលទាំងជំហរទៅហើយ៕