អ្នកវិភាគ និងមន្ត្រីគណបក្សនយោបាយ លើកឡើងថា ដោយសារតែអំណាចនៃទឹកលុយ ហើយមិនបានគិតពីផលប្រយោជន៍ជាតិទៅថ្ងៃខាងមុខ បាននាំឲ្យការកាត់ផ្ទៃបឹងតាមោកទៅឲ្យវិស័យឯកជន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយផ្ទៃបឹងដ៏ធំមួយនេះនឹងត្រូវលុបអស់ខ្ទេចខ្ទីក្នុងពេលដ៏ឆាប់ខាងមុខ។
ការព្រួយបារម្ភនេះ ធ្វើឡើងស្របពេលដែលលោក ហ៊ុន សែន បានកាត់ផ្ទៃបឹងតាមោកជាង ៤ហិកតារបន្ថែមទៀតទៅឱ្យឈ្មោះ សាយ សោភា ដើម្បីធ្វើជាកម្មសិទ្ធិ ស្របពេលដែលផ្ទៃបឹងធម្មជាតិចុងក្រោយនេះត្រូវបានរដ្ឋាភិបាលកាត់អស់ប្រមាណ ១ពាន់ហិកតារ។
នៅក្នុងសិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលមួយ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច អះអាងថា កាលពីមុនបឹងធម្មជាតិមានច្រើន នៅពេលលុបតិចតួចមិនសូវបង្កបញ្ហាអ្វីឡើយ ប៉ុន្តែបច្ចុប្បន្ននេះ បឹងតាមោកដែលជាបឹងធម្មជាតិចុងក្រោយនោះ ត្រូវបានលុបជាបន្តបន្ទាប់អស់ខ្ទេចខ្ទីទៀត។
លោកបានដាក់ជាសំណួរថា តើមោទកភាពស្អី? បើបឹងធម្មជាតិមានច្រើន ក្នុងនោះមានបឹងអូរឫស្សី បឹងទំពុន បឹងស្នោ បឹងកក់ ប៉ុន្តែឥឡូវលុបសល់តែមួយ គឺបឹងតាមោកនេះឯង ប៉ុន្តែបឹងនេះត្រូវបានគេបន្តលុបទៀត។
បណ្ឌិត សុខ ទូច បន្តថា ហេតុអ្វីបានជាកម្ពុជាចូលចិត្តចាក់ដីលុបបឹងម្ល៉េះ ប៉ុន្តែទន្ទឹមនឹងការបង្ហាញចម្ងល់នេះ លោកក៏បានប្រាប់ទៅអ្នកដែលបានចាក់ដីលុបនោះ កុំខឹងនឹងលោក ដោយសារអ្វីដែលលោកនិយាយជារឿងពិត។ លើសពីនេះ លោកបានឆ្លុះបញ្ចាំងថា នៅពេលដែលលោកទៅប្រទេសចិន និងទៅកូរ៉េ ជាដើមនោះ ប្រទេសទាំងនោះបានយកទូកទៅជិះលេងនៅក្នុងទឹកបឹង ក្នុងនោះអ្នកទៅមើល និងជិះត្រូវបង់លុយរាប់រយរាប់ពាន់ [ដុល្លារ] ខណៈកម្ពុជាមានបឹងធម្មជាតិច្រើន បែរជាលុបអស់។
លោក សុខ ទូច ចាត់ទុកការរក្សាទុកបឹង ហើយអភិវឌ្ឍលើបឹង ជាគុណសម្បត្តិធំមួយ ដោយធ្វើជាកន្លែងសម្រាប់កម្សាន្ត អាចធ្វើជាកន្លែងបង្ហាញពីវប្បធម៌នៃការនេសាទរបស់ប្រជាជន អាចធ្វើជាកន្លែងទេសចរណ៍សិប្បនិមិត្ត អាចរៀបចំទូកឱ្យអ្នកទេសចរជិះកម្សាន្ត និងអាចធ្វើផ្លូវក្រោមបឹង។ លើសពីនេះទៀត ការរក្សាទុកបឹង ក៏អាចឱ្យអ្នកមានវិបត្តិផ្លូវចិត្ត ឬអ្នកស្មុគស្មាញផ្លូវចិត្តទៅលម្ហែ ដើម្បីឱ្យបានរំសាយចិត្តថែមទៀតផង។
ស្រដៀងនឹងការលើកឡើងរបស់បណ្ឌិត សុខ ទូច នេះដែរ នាយកប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ អះអាងឡើងថា ការលុបបឹងតាមោកជាបន្តបន្ទាប់នេះ នឹងបណ្ដាលឱ្យមានទឹកជន់លិចរាជធានីភ្នំពេញ ដោយសារបឹងតាមោកជាកន្លែងរំដោះទឹកពីរាជធានីភ្នំពេញនៅពេលដែលមានភ្លៀងធ្លាក់។
លោកបន្តថា បឹងកក់ បឹងទំពុន និងបឹងត្របែក ត្រូវបានលុប ខណៈបឹងតាមោក នឹងត្រូវបានលុបបន្តបន្ទាប់ទៀត ទោះបីជាបឹងទាំងអស់នេះបានជួយទប់ទឹកកង្វក់នៅរាជធានីភ្នំពេញមិនឱ្យហូរចូលទន្លេ និងទប់ស្កាត់ទឹកជន់លិចទីក្រុងបែបណាក្ដី។ បណ្ឌិត យ៉ង សាំងកុមារ មើលឃើញថា កត្តាដែលជំរុញឱ្យលុបបឹងនេះ ដោយសារការពង្រីកទីក្រុង និងការលក់ដូរ ឬដោះដូរជាដើម។
ករណីនេះ លោកទទូចទៅរដ្ឋាភិបាលឲ្យឈប់កាត់ផ្ទៃបឹងតាមោក និងបឹងផ្សេងៗទៀត ព្រោះការរក្សាផ្ទៃបឹងធម្មជាតិទុកនេះ វាបានជួយលើកសោភណភាពទីក្រុង ដោយរៀបចំជាតំបន់ទេសចរណ៍បែបធម្មជាតិ និងជួយដល់អ្នករស់នៅជុំវិញកំពុងអាស្រ័យផលផងដែរ។
លោកបញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋ និងយុវជន គឺអាចបញ្ចេញមតិយោបល់ ឬអាចប្រើបណ្ដាញសង្គមបញ្ចេញទស្សនៈ និងអាចរួមគ្នាធ្វើញត្តិដាក់ទៅរដ្ឋាភិបាលជាដើម។

អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិត លោក គឹម សុខ បានប្រាប់ The Cambodia Daily ថា រដ្ឋាភិបាលចាំផ្ទះរបស់លោក ហ៊ុន សែន កំពុងងប់ងុលនឹងលុយកខ្វក់របស់ឈ្មួញខ្លាំងពេក ក៏នាំគ្នាស៊ីញេលុបបឹងដោយមិនខ្វល់អំពីផលប៉ះពាល់វែងឆ្ងាយដល់ជាតិ និងពលរដ្ឋ។ លោកបន្តថា ការលុបបឹងនេះ ជាមូលហេតុសំខាន់មួយដែលបង្កឲ្យមានទឹកជំនន់ជន់លិចប្រទេសយ៉ាងខ្ទេចខ្ទាំ និងធ្វើឱ្យពលរដ្ឋរងគ្រោះកាន់តែធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ តាំងពីអ្នកនៅជនបទរហូតដល់អ្នករស់នៅក្នុងទីក្រុងភ្នំពេញ។
លោក គឹម សុខ ចោទជាសំណួរថា តើលោក ហ៊ុន សែន បានគិតពីជាតិខ្លះទេ ខណៈលោកសម្រុកលុបបឹងយ៉ាងនេះ?
លោកបន្តថា ប្រសិនបើលោក ហ៊ុន សែន នៅមានការគិតបែបប្រក្រតីនៅឡើយ ក្នុងនាមលោកជាមេដឹកនាំរដ្ឋាភិបាល លោកប្រាកដជាដឹងហើយថា រដ្ឋាភិបាលត្រូវចំណាយការខូចខាតមិនតិចជាង ៥០០លានដុល្លារទេក្នុងមួយឆ្នាំលើមហន្តរាយធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់។ លោកថា នេះនៅមិនទាន់រាប់បញ្ចូលការខាតបង់ដ៏ធំធេងដែលពលរដ្ឋច្រើនម៉ឺនគ្រួសារប៉ះទង្គិចដោយផ្ទាល់ផងនោះ។
លោក គឹម សុខ បង្ហាញយោបល់ថា វិនាសកម្មលុបបឹងស្ទើរអស់នេះមានវិសាលភាពធំជាងវិបត្តិដែលយើងមើលឃើញផ្ទាល់ភ្នែកទៅទៀត ព្រោះថាភ្នែកមើលឃើញតែគ្រោះទឹកជំនន់ដែលកាន់តែអាក្រក់ និងការចំណាយទប់ទល់គ្រោះមហន្តរាយ ដូចជាលុយទិញស្បៀង ជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាដើម ប៉ុន្តែអាក្រក់ជាងនេះទៅទៀតនោះ គឺការធ្វើឱ្យវិនាសហិនហោចធនធានធម្មជាតិក្នុងទឹក ដូចជាមច្ឆជាតិ ពីព្រោះតែលំហូរទឹកប្រែប្រួលដែលបង្កគ្រោះមហន្តរាយវែងឆ្ងាយទៀតដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
លោក គឹម សុខ បានសង្កត់ធ្ងន់ថា តាមការសម្គាល់របស់លោក គឺពុំមានមេដឹកនាំល្អណានៅលើពិភពលោកនេះ ដែលប្រើពាក្យអភិវឌ្ឍន៍ដោយវិធីលុបបឹងធម្មជាតិនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ គេរក្សាបឹង និងថែទឹកក្នុងបឹងឱ្យស្អាតល្អ ដែលជាប្រយោជន៍យូរអង្វែងសម្រាប់ប្រទេសជាតិ។
ជាក់ស្ដែងប្រទេសហ្វាំងឡង់ មានបឹងធម្មជាតិតូចធំរហូតដល់ជិត ១៩ម៉ឺនបឹង ហើយរដ្ឋាភិបាលហ្វាំងឡង់ មិនលុបសូម្បីតែមួយ។ មិនតែប៉ុណ្ណោះ គេបានថែទាំយ៉ាងស្អាតរហូតដល់ទឹកបឹងក្នុងប្រទេសហ្វាំងឡង់ ស្អាតជាងទឹកបរិសុទ្ធនៅកម្ពុជាផង។
បឹងតាមោក មានផ្ទៃដីសរុបជាង ៣ពាន់ហិកតារ (៣២៣៩ហិកតារ) សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យមួយកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់បឹងធម្មជាតិនេះជាសម្បត្តិរបស់រដ្ឋ។
ប៉ុន្តែបឹងធម្មជាតិចុងក្រោយនេះ ត្រូវរដ្ឋាភិបាលកាត់ និងដោះដូរទៅឱ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនប្រហែល ១ពាន់ហិកតារហើយ គិតចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដើម្បីឱ្យសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

របាយការណ៍របស់អង្គការសមាគមធាងត្នោត ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ថា បឹងចំនួន២៦ ក្នុងរាជធានីភ្នំពេញ ត្រូវបានលុបទាំងស្រុងចំនួន ១៦បឹង គឺស្មើនឹង ៦០% នៃផ្ទៃបឹងសរុប និងបឹងចំនួន១០ផ្សេងទៀតត្រូវបានលុបផ្នែកមួយចំនួន។
របាយការណ៍ដដែលបានបញ្ជាក់ថា មូលហេតុនៃការលុបបឹងទាំងនោះ គឺបណ្តាលមកពីការសាងសង់បុរី តំបន់លំនៅឋាន និងទីក្រុងរណប។ របាយការណ៍នេះបង្ហាញថា ការលុបបឹងទាំងនោះ គឺជាការបាត់បង់អាងស្តុកទឹកដ៏សំខាន់សម្រាប់ទីក្រុងភ្នំពេញ។
ការកាត់ផ្ទៃបឹងសម្រាប់ស្តុកទឹកជាបន្តបន្ទាប់នេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ កាលពីខែឧសភា ឆ្នាំ២០២០ បានចេញលិខិតមួយដោយព្រមានអំពីគ្រោះមហន្តរាយដោយសារទឹកជំនន់ ក្រោយពីក្រសួងមើលឃើញថាមានការចាក់ដីលុប និងការសាងសង់បិទផ្លូវទឹកនានាជាបន្តបន្ទាប់៕